អានតួអត្ថបទ
រុស្ស៊ី

រដ្ឋធានី​រុស្ស៊ី​ត្រៀមខ្លួន​ទទួល​ក្បួនព្យុហយាត្រា​កងទ័ព​ដ៏​សម្បើម

លោក​​ប្រធានាធិបតី​រុស្សី​ពូទីន​
លោក​​ប្រធានាធិបតី​រុស្សី​ពូទីន​ . REUTERS/Alexei Druzhinin
ដោយ៖ កែវ ឆាយា
1 នាទី

ថ្ងៃនេះ មហាវិថី​សង្កាត់​កណ្តាល​ក្រុង​ម៉ូស្គូ​ត្រូវ​បាន​ប្រកាស​បិទ​ចរាចរណ៍​ជា​ថ្មី​សម្រាប់​ការ​សមជើងមួយ​លើក​ទៀត​នៃ​ក្បួន​ព្យុហយាត្រា​កងទ័ព​សែនអធិកអធម​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​លើ​ទីលានក្រហម មុខ​វិមាន​ក្រេមឡាំង​នៅ​ថ្ងៃសៅរ៍ ទី៩ ឧសភា ជា​កិត្តិយស​ដល់​ខួប​គម្រប់ ៧០ឆ្នាំ​នៃ​ជ័យជំនះ​លើ​របប​ណាហ្ស៊ី​អាល្លឺម៉ង់។ ប៉ុន្តែ ថ្នាក់ដឹកនាំ​បស្ចិមលោក​ដែល​ពុំ​ព្រម​វត្តមាន​ក្នុង​ពិធី​ថ្ងៃមុខ ចាត់​ទុក​ព្យុហយាត្រា​នេះ​ថា ជា​ការ​បញ្ចេញ​សាច់ដុំយោធា​នៃ​លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន។

ផ្សាយពាណិជ្ជកម្ម

ស​ឲ្យ​ឃើញ​ពី​ភាព​គគ្រឹកគគ្រេង​នៃ​ព្យុហយាត្រា​នេះ គឺ​នឹង​មាន​ការ​ចូលរួម​នៃ​យោធា​ដល់​ជាង ១៦.០០០នាក់ យានយន្តចម្បាំង​ប្រភេទ​ប្លែកៗ ១៩៤គ្រឿង យន្តហោះ និង​ឧទ្ធម្ភាគចក្រ ១៤៣គ្រឿង ព្រមទាំង​ទាហាន​មក​ពី​១០ប្រទេស​ជា​មិត្ត​ក្នុង​ចំនួន ១.៣០០នាក់ បែប​យ៉ាង​មក​ពី ចិន ឥណ្ឌា ម៉ុងហ្គោលី ស៊ែរបី និង​រដ្ឋឯករាជ្យ​ថ្មីៗ​នៃ​អតីត​សហភាពសូវៀត។ ក្នុង​ក្បួន​ព្យុហយាត្រា​នេះ ទស្សនិកជន​នឹង​បាន​ឃើញ​ជា​លើកទី១ គឺ​រថក្រោះ​ធុន​ថ្មី​ស្រឡាង មាន​ឈ្មោះ​ថា Armata T-14 និង​ប្រព័ន្ធការពារ​ដែនអាកាស​ដែល​ពុំ​ធ្លាប់​បង្ហាញ​ជា​សាធារណៈ​ឡើយ ហេតុ​ដែល​អនុញ្ញាត​ឲ្យ​ប្រទេស​រុស្ស៊ី​ហ៊ាន​អះអាង​ថា ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ មហិទ្ធិរិទ្ធ​យោធា​របស់​ខ្លួន​ត្រូវ​បាន​ស្តារ​ឡើង​វិញ​ជា​ដរាប។

ប្រាកដ​ណាស់​ដែល​អស់​ទាំង​នេះ​នឹង​ពុំ​ឃើញ​ផ្ទាល់​ភ្នែក ដោយ​ពួក​អ្នក​ដឹកនាំ​នៃ​ប្រទេស​បស្ចិម​លោក​ដែល​ប្រកែក​មិន​មក​វត្តមាន​នៅ​លើ​ទីលានក្រហម​ក្រុង​ម៉ូស្គូ​ឡើយ ព្រោះ​គេ​បាន​នាំ​គ្នា​ដាក់​ទណ្ឌកម្ម​ទល់​នឹង​រុស្ស៊ី​ចំពោះ​ការ​ភ្ជាប់​យក​ទឹកដី​គ្រីមេ​ផ្តាច់​ចេញ​ពី​អ៊ុយក្រែន​ និង​ចំពោះ​ការ​គាំទ្រ​របស់​ក្រុងម៉ូស្គូ​ដល់​ពួកឧទ្ទាម​ផ្តាច់ទឹកដី​រុស្ស៊ី​និយម​នៅ​ប៉ែក​ខាង​កើត​អ៊ុយក្រែន។ ក៏​ប៉ុន្តែ តាម​ដែល​វិមាន​ក្រេមឡាំង​ប្រកាស​ឲ្យ​ដឹង​ជា​ផ្លូវការ នឹង​អញ្ជើញ​មក​វត្តមាន​នៅ​លើ​ទីលាន​ក្រហម ផ្តល់​កិត្តិយស​ដល់​លោក​ប្រមុខរដ្ឋ​រុស្ស៊ី​ពូទីន​ក្នុង​ទិវា​ជ័យជំនះ៩ឧសភា គឺ​មេដឹកនាំ​កំពូលៗ បែប​យ៉ាង មហា​ប្រទេស​ចិន វៀតណាម ឥណ្ឌា គុយបា ចំណែក កូរ៉េខាងជើង គឺ ប្រធាន​រដ្ឋសភា​ដែល​នឹង​ជំនួសមុខ​ឲ្យ​លោក​អគ្គមគ្គុទេសក៏ គឹម ជុនអ៊ុន។

ជា​សរុប ពី​ក្នុង​ចំណោម​អ្នកដឹកនាំបរទេស៦៨នាក់​ដែល​បាន​ទទួល​សេចក្តី​អញ្ជើញ​នឹង​វត្តមាន គឺ​តែ២២នាក់ ព្រម​ទាំង​លោក​អគ្គលេខាធិការអ.ស.ប. និង​លោកស្រី​អគ្គនាយិកា​អង្គការ​យូនេស្កូ។ ចំណែក​លោកស្រី​នាយករដ្ឋមន្ត្រី​អាល្លឺម៉ង់ Angela Merkel ទោះ​បី​ថ្ងៃ៩ឧសភា​មិន​វត្តមាន​ក្នុង​ព្យុហយាត្រា​នៅ​លើ​ទីលានក្រហម​ក្តី ក៏​ថ្ងៃទី១០ ឧសភា គាត់​នឹង​អញ្ជើញ​មក​ដាក់​កម្រងផ្កា​លើ​ផ្នូរទាហាន​មិន​ស្គាល់​ឈ្មោះ រួម​ជាមួយ​លោក​ប្រធានាធិបតី​រុស្ស៊ី​ផ្ទាល់ ដ្បិត​តាម​ប្រសាសន៍​គាត់ ពិត​ជា​ចេញ​ពី​ប្រទេស​អាល្លឺម៉ង់​តែ​ម្តង​ដែល​មាន​ឆាបឆេះ​ទៅ ភ្លើងសង្គ្រាម​លោក​លើកទី២។

ដោយហេតុ​ថា សង្គ្រាម​នេះ​បាន​ផ្តាច់​ជីវិត​ពលរដ្ឋ​សហភាពសូវៀត​អស់​២៧លាននាក់​ឯណោះ បាន​ជា​បច្ចុប្បន្ន មតិ​ពលរដ្ឋ​រុស្ស៊ី ៤២% ចាត់​ទុក​ការ​ប្រារព្ធ​ទិវា​ខួប៧០ឆ្នាំ​នៃ​ជ័យជំនះ​ក្នុង​សង្គ្រាម​នេះ​ថា ជា​បុណ្យ​ដែល​មាន​សារៈសំខាន់​បំផុត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ