ម៉ូស្គូទិតៀនក្រុងវ៉ាស៊ីនតោន ចំពោះការលូកដៃចូលក្នុង ពិភពកីឡាបាល់ទាត់
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
លោកប្រធានាធិបតីរុស្ស៊ី ថ្ងៃព្រហស្បតិ៍ ទី២៨ ឧសភា បានចោទយុត្តាធិការអាមេរិក ថាជ្រៀតជ្រែក ចូលក្នុងកិច្ចការអ្នកដទៃ ដោយតម្រូវឲ្យអាជ្ញាធរស្វីស ចាប់មន្ត្រីទទួលខុសត្រូវ ៧នាក់របស់ សហព័ន្ធបាល់ទាត់ពិភពលោក FIFA។
ថ្លែងទាំងច្រឡោត ទៅពួកអ្នកកាសែត រសៀលម្សិលមិញ លោកប្រធានាធិបតីរុស្ស៊ី ក្នុងឋានៈជាអ្នកមានសញ្ញាប័ត្រជាន់ខ្ពស់ខាងច្បាប់ មិនញញើត នឹងចាត់ទុកជារឿងចម្លែក ការចាប់ពួកមន្ត្រីរបស់ FIFA នាថ្ងៃពុធ ទី២៧ ឧសភា នៅប្រទេសស្វីស ក្នុងបរិបទ នៃ ការស៊ើបអង្កេត អំពីក្តីសង្ស័យ ក្នុងអំពើពុករលួយរបស់ពួកគេ។ ការចាប់នេះដែលប្រព្រឹត្តទៅ តាមសំណើអាមេរិក ដែលវាតសុពលភាពច្បាប់ក្នុងស្រុករបស់ខ្លួន ទាំងទៅលើរដ្ឋបរទេស តាមមតិលោកពូទីន គឺ ខុសច្បាប់ទេតើ ហើយវារំលេចឲ្យឃើញពី ចេតនាជាក់ស្តែង របស់ អាមេរិក ដើម្បីក្នុងការបោះឆ្នោតដែលគ្រោងធ្វើនៅថ្ងៃសុក្រ ទី២៩ ឧសភា គឺរាំងរាកុំឲ្យប្រធាន FIFA លោក Joseph Blatter ដែលត្រូវគេស្គាល់ថា ជំនិតនឹងម៉ូស្គូ អាចជាប់ឆ្នោតជាថ្មី សម្រាប់អាណត្តិ ទី៥។
ប្រាកដណាស់ ដែលរុស្ស៊ី កាលពីឆ្នាំ២០១០ ត្រូវបាន FIFA ប្រគល់សិទ្ធិ ឲ្យធ្វើជាម្ចាស់ផ្ទះ ទទួល World Cup ឆ្នាំ ២០១៨ ចេញមុខគាំទ្រដល់បេក្ខភាពលោក Blatter ទោះបីគាត់អាយុ ៧៩ឆ្នាំ ទៅហើយក្តី ឲ្យជាប់ជាប្រធាន FIFA មួយអាណត្តិទៀត។ លោកពូទីនបានលើកឡើង ពីជំហរជាគោលការណ៍ ដែលរមែងប្រកាន់ខ្ជាប់ ដោយលោកប្រធាន FIFA សព្វថ្ងៃ គឺថា កីឡា មិនត្រូវលាយឡំនឹង នយោបាយឡើយ។ តាមលោក Blatter កីឡាត្រូវតែជះចំហាយ ជា វិជ្ជមានទៅលើ នយោបាយ ហើយបម្រើជាវេទិកា សម្រាប់កិច្ចសន្ទនា ដើម្បីរកដំណោះស្រាយ តាមវិធីផ្សះផ្សា។ តាមប្រសាសន៍លោកពូទីន គាត់ចាត់ទុក គោលជំហរបែបនេះ គឺ ត្រឹមត្រូវ។
លោកប្រមុខរដ្ឋរុស្ស៊ី សង្កត់ធ្ងន់ថា មូស្គូឃើញជ្រងោងមែន គំនាប ដែលបន្តប្រព្រឹត្តទៅ លើ រូបលោក Blatter ដើម្បីកុំឲ្យ ការប្រកួតជើងឯកពិភពលោកខាងកីឡាបាល់ទាត់ World Cup ឆ្នាំ ២០១៨ ប្រព្រឹត្តទៅកើត ក្នុងប្រទេសរុស្ស៊ី។ លោកពូទីនបញ្ចប់សេចក្តីថា គួរឲ្យអភ័ព្វ ដែលពួកដៃគូអាមេរិកាំងរបស់យើង ប្រើវិធីបែបនេះ ដើម្បីបម្រើ គោលដៅដែលគិតតែប្រយោជន៍របស់ខ្លួនផ្ទាល់ ហើយធ្វើទុកបុកម្នេញ អ្នកដទៃ ដោយខុសច្បាប់សោះ អាចទាំងក្នុងករណី FIFA៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ