លោកសេប ប្លាធ័រ ជាប់ឆ្នោតធ្វើជាប្រធាន FIFAមួយអាណត្តិទៀត
ចុះផ្សាយនៅថ្ងៃ៖
រឿងអាស្រូវពុករលួយនៅក្នុងសហព័ន្ធបាល់ទាត់ពិភពលោក FIFA មិនបានធ្វើ លោក សេប ប្លាធ័រខ្ទាតចេញពីតំណែង។ នៅក្នុងសមាជរបស់សហព័ន្ធកាលពីថ្ងៃសុក្រទី ២៩ ឧសភា ក្នុងទីក្រុងហ្ស៊ុយរិក ប្រទេសស្វ៊ីស លោកសេប ប្លាធ័រត្រូវបានបោះឆ្នោត ជ្រើសតាំងឲ្យធ្វើជាប្រធានសហព័ន្ធបាល់ទាត់ពិភពលោក FIFA បន្តទៅទៀត រហូតដល់ឆ្នាំ ២០១៩។ លោកសេប ប្លាធ័របានទទួលសំឡេង ១៣៣ នាំមុខ គូប្រកួតប្រជែង ព្រះរាជបុត្រហ្សកដានី ដែលបានទទួលសំឡេងឆ្នោត៧៣ នៅក្នុងការបោះឆ្នោត ដែលចូលរួមពីសហព័ន្ធបាល់ទាត់ចំនួន ២០៩ ក្នុងពិភពលោក។
លោកសេប ប្លាធ័រ(Joseph Blatter) ជាប់ឆ្នោត ក្លាយជាប្រធានសហព័ន្ធបាល់ទាត់ពិភពលោកមួយអាណត្តិទៀត មិនមែនជារឿងភ្ញាក់ផ្អើល។ លោកសេប ប្លាធ័រ ដែលដឹកនាំសហព័ន្ធបាល់ទាត់ FIFA បួនអាណត្តិជាប់គ្នា មានសង្ឃឹមច្រើននឹងចូលកាន់តំណែងជាប្រធាន FIFA បើប្រៀបធៀបទៅនឹងព្រះរាជបុត្រហ្សកដានី អាលី ប៊ីន ហ៊ូសេន។ នោះក៏ព្រោះថា លោកសេប ប្លាធ័របានទទួលការគំាទ្រច្រើនពីសហព័ន្ធ បាល់ទាត់អាហ្វ្រិក (៥៤សហព័ន្ធ) និងអាស៊ី (៤៦)ដែលជាសមាជិកភាគច្រើន នៅក្នុងសហព័ន្ធបាល់ទាត់ FIFA។ សំឡេងឆ្នោតគាំទ្រ១៣៣ ក្នុងចំណោមសំឡេងឆ្នោតសរុប ២០៦ ដែលលោកសេប ប្លាធ័របានទទួល បានបញ្ជាក់ពីការគាំទ្រ គ្មានងាករេរបស់អ្នកដែលធ្លាប់ស្មោះស្ម័គ្រនឹងលោក។
នៅមុនពេលបោះឆ្នោតទៅទៀត មេដឹកនាំសហព័ន្ធបាល់ទាត់អាហ្វ្រិក បានអះអាងរួចហើយថា លោកនឹងបោះឆ្នោតឲ្យលោកសេប ប្លាធ័រ ដែលសក្តិសមនឹងទទួលតំណែងជាប្រធាន FIFAមួយអាណត្តិទៀត។ នៅក្នុងអាណត្តិរបស់លោកសេប ប្លាធ័រ អាហ្វ្រិកខាងត្បូង ជាប្រទេសទីមួយក្នុងដែនដីអាហ្វ្រិកដែល FIFA បោះឆ្នោតជ្រើសរើសជាម្ចាស់ផ្ទះរៀបចំការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ ២០១០។
វាមិនមែនជារឿងភ្ញាក់ផ្អើលដែលលោកសេប ប្លាធ័រចូលដឹកក្បាលម៉ាស៊ីន FIFA នៅអាណត្តិទី៥របស់លោក។ ប៉ុន្តែ អ្វីដែលគេមិនបានទន្ទឹងរង់ចាំ នោះគឺនេះជាលើកទី១ ចាប់តាំងពីលោកចូលកាន់តំណែង ជាប្រធាន FIFA ដែលលោកសេប ប្លាធ័រ មិនបានទទួលសំឡេងឆ្នោតភាគច្រើន នៅក្នុងការបោះឆ្នោត។ រឿងអាស្រូវពុករលួយ ដែលបានផ្ទុះតាំងពីថ្ងៃពុធ ក្រោយរដ្ឋអាជ្ញាអាមេរិកចេញដីកាចាប់ខ្លួន មន្រ្តីជាន់ខ្ពស់របស់ FIFA នាយករដ្ឋមន្រ្តីអង់គ្លេស បានចូលរួម ជាមួយ សហព័ន្ធបាល់ទាត់អឺរ៉ុប ចេញមុខប្រឆាំងមិនបោះឆ្នោតគាំទ្រ និងទាមទារឲ្យលោកសេប ប្លាធ័រ ចុះចេញពីតំណែង។ ខុសពីអាហ្វ្រិក និងអាស៊ី សហព័ន្ធអឺរ៉ុបដែលមាន៥៣សំឡេងប្រកាសគាំទ្រព្រះរាជបុត្រហ្សកដានី ដែលជាគូប្រជែងរបស់លោកសេប ប្លាធ័រ។
កាលពីថ្ងៃសុក្រ ដោយសារលោកមិនបានទទួលសំឡេង ២ភាគបី នៃសំឡេងសរុប គេបានប្រកាសបោះឆ្នោតនៅជុំទី២។ ប៉ុន្តែ នៅចុងបញ្ចប់ លោកសេប ប្លាធ័រ ត្រូវបានប្រកាសជាផ្លូវការ ថាជាអ្នកឈ្នះឆ្នោត បន្ទាប់ពីព្រះរាជបុត្រហ្សកដានី ដែលបានទទួលសំឡេងតែ ៧៣ បានដកខ្លួនចេញពីការបោះឆ្នោតនៅជុំទី២។
អាចនិយាយបានថា រឿងអាស្រូវពុករលួយក្នុងចំណោមមន្រ្តីជាន់ខ្ពស់របស់ FIFA ទោះជាមិនបានធ្វើឲ្យលោកប្លាធ័រ ខ្ទាតចេញពីតំណែងមែន ប៉ុន្តែ វាអាចជាសារព្រមានសម្រាប់អនាគតមេដឹកនាំFIFA។ នៅក្រោយជាប់ឆ្នោតជាផ្លូវការ លោកសេប ប្លាធ័របានឡើងថ្លែងអំណរគុណ និងសន្យាទទួលខុសត្រូវ និងរៀបចំកែលម្អ ស្តារមុខមាត់FIFA ឡើងវិញ នៅក្រោយ រឿងអាស្រូវពុករលួយ។
ក្នុងវ័យ ៧៩ឆ្នាំ លោកសេប ប្លាធ័រ ដែលដឹកនាំFIFAតាំងពីឆ្នាំ ១៩៩៨ នឹងបន្តដឹកនាំស្ថាប័នកំពូល FIFA ដែលនឹងមានថវិកា៨២២លានដុល្លារ នៅឆ្នាំ ២០១៦។ នៅក្នុងសមាជកាលពីថ្ងៃសុក្រ FIFAបានសម្រេចផងដែរនឹងថា បញ្ជូនទឹកប្រាក់២២០លានដុល្លារសម្រាប់ការអភិវឌ្ឍន៍។ ៥៥លានដុល្លារសម្រាប់សហព័ន្ធជាសមាជិក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ