អានតួអត្ថបទ
បែលហ្ស៊ិក

បែលហ្ស៊ិក៖ក្រោយ​ភេរវកម្ម ប្រទេស​ផ្តើម​កាន់​ទុក្ខ ៣ថ្ងៃ ហើយ​ការ​ស៊ើបអង្កេត​កំពុង​ធ្វើ

បែលហ្ស៊ិក៖ក្រោយ​ភេរវកម្ម ប្រទេស​ផ្តើម​កាន់​ទុក្ខ ៣ថ្ងៃ ហើយ​ការ​ស៊ើបអង្កេត​កំពុង​ធ្វើ
បែលហ្ស៊ិក៖ក្រោយ​ភេរវកម្ម ប្រទេស​ផ្តើម​កាន់​ទុក្ខ ៣ថ្ងៃ ហើយ​ការ​ស៊ើបអង្កេត​កំពុង​ធ្វើ REUTERS/Francois Lenoir
៣៦ នាទី

នៅ​ក្នុង​ប្រទេស​បែលហ្ស៊ិក មួយ​ថ្ងៃ ក្រោយ​អំពើ​ភេរវកម្ម​អត្តឃាត​នៅ​ព្រលាន​យន្តហោះ និង​នៅ​ក្នុង​រថភ្លើងក្រោម​មក រដ្ឋាភិបាល​បាន​ប្រកាស​កាន់ទុក្ខជាតិ​ចំនួន ៣ថ្ងៃ​ចាប់​ពី​ថ្ងៃ​នេះ​ដើម្បី​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​ចំពោះ​ជនរងគ្រោះ។ តុល្យការ​បណ្តោះ​ចុងក្រោយ​ឲ្យ​ដឹង​ថា អំពើភេរវកម្ម​អត្តឃាត​ទាំង​ពីរ​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី២២ មីនា​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​យ៉ាង​តិច ៣០នាក់ និង​របួស​ជិត ២៤០នាក់​ផ្សេង​ទៀត។ អង្គការ​រដ្ឋអ៊ីស្លាម​បាន​ចេញ​មុខ​ប្រកាស​ទទួល​ស្គាល់​ជា​ស្នាដៃ​របស់​ខ្លួន​តាម​រយៈ​សេចក្តីជូនដំណឹង​មួយ​នៅ​ក្រោយ​ភេរវកម្ម។ ប្រតិកម្ម​ថ្កោលទោស និង​ការ​ចូលរួម​សម្តែង​រំលែកទុក្ខ​ជាមួយ​ពលរដ្ឋ​បែលហ្ស៊ិក​ពី​បរទេស​បាន​បន្ត​ធ្លាក់​មក ហើយ​ការ​ស៊ើបអង្កេត​ក៏​បាន​ចាប់​ផ្តើម។

ផ្សាយពាណិជ្ជកម្ម

បរិយាកាស​រួម​នៅ​ក្នុង​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិក​ក្នុង​ថ្ងៃ​នេះមិន​ដូច​ថ្ងៃ​សព្វ​មួយ​ដង​ទេ។ ប្រជាជន​បែលហ្ស៊ិក​ទូទៅ​បន្ត​តក់ស្លុត និង​រន្ធត់​ចំពោះ​អំពើ​ភេរវកម្ម​អត្តឃាត​ដែល​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​មិន​តិច​ជាង ៣០នាក់ និង​របួស​ជិត ២៤០នាក់។ តែ​ថ្ងៃ​នេះ ជា​ពេល​វេលា​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ និង​កាន់ទុក្ខ​ចំពោះ​ជនរងគ្រោះ ដោយ​រដ្ឋាភិបាល​បាន​ប្រកាស​កាន់​ទុក្ខជាតិ​រយៈពេល ៣ថ្ងៃ​ចាប់​ផ្តើម​ពី​ថ្ងៃ​ពុធ ទី២៣ មីនា​នេះ។ នៅ​វេលា​ម៉ោង ១២ថ្ងៃ​ត្រង់​ម៉ោង​នៅ​បែលហ្ស៊ិក​ថ្ងៃ​នេះ មាន​ពិធី​ស្មឹងស្មាត​រយៈពេល ១នាទី​នៅ​ទូទាំង​រាជាណាចក្រ​បែលហ្ស៊ិក។

នៅ​យប់​មិញ មហាក្សត្រ​បែលហ្ស៊ិក​ហ្វីលីប​បាន​មាន​ព្រះរាជ្យ​សង្កថា​មួយ​ទៅ​កាន់​ប្រជារាស្រ្ត​ដោយ​បញ្ជាក់​ពី​ការ​កាន់​ទុក្ខ និង​ថា ថ្ងៃទី២២ មីនា​ជា​ថ្ងៃ​ឈឺ​ចាប់​ដែល​នឹង​មិន​អាច​ចាត់​ទុក​ជា​ថ្ងៃ​ធម្មតា​បាន​ឡើយ។
 

មហាក្សត្រ​បែលហ្ស៊ិក ហ្វីលីប
មហាក្សត្រ​បែលហ្ស៊ិក ហ្វីលីប REUTERS/ Nicolas Maeterlinck/Pool

« លោក លោកស្រី ថ្ងៃ​នេះ​ប្រទេស​របស់​យើង​កំពុង​កាន់ទុក្ខ។ សម្រាប់​ប្រជាជន​បែលហ្ស៊ិក​ម្នាក់ៗ ថ្ងៃទី២២ មីនា​នឹង​មិន​អាច​ជា​ថ្ងៃ​ធម្មតា​ដូច​ថ្ងៃ​ផ្សេង​ទេ។ ជីវិត​ត្រូវ​បាន​បំផ្លាញ ស្នាម​របួស​យ៉ាង​ជ្រៅ ក្តី​ឈឺចាប់​ទាំង​អស់​នេះ គឺ​ជា​ក្តីឈឺចាប់​របស់​ប្រទេស​បែលហ្ស៊ិក​ទាំង​មូល »

 
ប្រជាជន​បែលហ្ស៊ិក​គ្មាន​ជម្រើស​ក្រៅ​ពី​បន្ត​ដំណើរ​ជីវិត​ប្រចាំ​ថ្ងៃ
 
នៅ​ថ្ងៃ​ពុធ ទី២៣ មីនា​នេះ មធ្យោបាយ​ដឹកជញ្ជូន​សាធារណៈ រួម​មាន​រថភ្លើង​ក្រោមដី និង​រថយន្តក្រុង​បាន​ដាក់​ឲ្យ​ដំណើរការ​ឡើង​វិញ​មួយ​ភាគ បន្ទាប់​ពី​បាន​បិទ​ពេញ​មួយ​ថ្ងៃ​ម្សិលមិញ តែ​ស្ថិត​ក្រោម​ការ​ការពារ​សន្តិសុខ​កម្រិត​ខ្ពស់។ ដោយឡែក ព្រលាន​យន្តហោះ Zaventem ដែល​រងការ​វាយប្រហារ​បាន​បន្ត​បិទទ្វារ​ដើម្បី​សម្រួល​ដល់​ការងារ​របស់​ក្រុម​អ្នកស៊ើបអង្កេត ហើយ​ការ​បន្ត​បិទ​ព្រលាន Zaventem នេះ​បាន​ធ្វើ​ឲ្យ​ជាប់គាំង​អ្នកដំណើរ​ប្រមាណ​ជា ២៤ ០០០នាក់។ ចំណែក​សាលារៀន​ក៏​បាន​បើក​ទ្វារ​ទទួល​សិស្ស​ធម្មតា តែ​ត្រូវ​គោរព​វិធានការ​សន្តិសុខ​ចាំ​បាច់​មួយ​ចំនួន។
 
តាំង​ពី​ថ្ងៃ​អង្គារ ទី២២ មីនា រដ្ឋាភិបាល​បាន​ដំឡើង​កម្រិត​គំរាម​ភេរវនិយម​ទី៤ ដែល​ជា​កម្រិត​ខ្ពស់​ផុតលេខ និង​ជា​លើក​ទី១ ដែល​មិន​ធ្លាប់​មាន​នា​ពេលកន្លង​មក។ ការ​ដំឡើង​កម្រិត​គំរាម​ភេរវនិយម​ផុត​លេខ​ពេល​នេះ មិនមែន​សម្រាប់​តែ​នៅ​ក្នុង​ទីក្រុង​ព្រុចសែល​មួយ​ទេ តែ​សម្រាប់​ទូទាំង​ប្រទេស។ ទន្ទឹម​គ្នា​នេះ រដ្ឋអំណាច​បាន​ដាក់​បន្ថែម​កម្លំាង​ប៉ូលិស និង​ទាហាន​សម្រាប់​ការ​ល្បាត​នៅ​តាម​កន្លែង​សាធារណៈ និង​ទីតាំង​យុទ្ធសាស្រ្ត​សំខាន់ៗ​មួយ​ចំនួន ពិសេស​នៅ​តាម​សា្ថប័ន​បរទេស។
 
ក្រៅ​ពី​ពង្រឹង​វិធានការ​សន្តិសុខ​ផ្ទៃក្នុង លោក​នាយករដ្ឋមន្រ្តី​បែលហ្ស៊ិក​ក៏​បាន​ប្រកាស​ឲ្យ​ដឹង​ពី​វិធានការ​ពង្រឹង​សន្តិសុខ​នៅ​តាម​ព្រំដែន តែ​នៅ​មិន​បាន​លំអិត​ពី​វិធានការ​នោះ​នៅ​ឡើយ​ទេ។
 

រូបថត​ក្រុម​ភេរវជន​ទាំង ៣ ដែល​កាមេរ៉ា​សុវត្ថិភាព​នៅ​ព្រលាន​យន្តហោះ Zaventem ថត​បាន​ក្នុង​ប្រទេស​បែលហ្ស៊ិក មុន​ផ្ទុះ​ភេរវកម្ម​ថ្ងៃទី២២ មីនា
រូបថត​ក្រុម​ភេរវជន​ទាំង ៣ ដែល​កាមេរ៉ា​សុវត្ថិភាព​នៅ​ព្រលាន​យន្តហោះ Zaventem ថត​បាន​ក្នុង​ប្រទេស​បែលហ្ស៊ិក មុន​ផ្ទុះ​ភេរវកម្ម​ថ្ងៃទី២២ មីនា AFP PHOTO / BELGIAN FEDERAL POLICE

ស្គាល់​អត្តសញ្ញាណ​ភេរវជន​អត្តឃាត​ចំនួន​ពីរ​នាក់ និង​មាន​ម្នាក់​កំពុង​តាម​ចាប់​ខ្លួន
 
ដំណើរការ​ស៊ើបអង្កេត​កំពុង​មាន​ដំណើរ​ទៅ​មុខ និង​មាន​តម្រុយ​វិជ្ជមាន​ជា​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់។ តាំង​ពី​រសៀល​ថ្ងៃ​អង្គារ ទី២២ មីនា​ក្នុង​ថ្ងៃ​ផ្ទុះ​ភេរវកម្ម ប៉ូលិស​បែលហ្ស៊ិក​បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​ដែល​កាមេរ៉ាសុវត្ថិភាព​នៅ​ព្រលាន​យន្តហោះ Zaventem ថត​បាន។ នៅ​ក្នុង​រូបថត​នោះ គេ​ឃើញ​រូប​បុរស ៣នាក់​កំពុង​រុញ​រទេះ​មួយ​ម្នាក់ ដោយ​មាន​ដឹក​វ៉ាលី​តូច​ល្មម​ម្នាក់​មួយ​ផង។ ក្នុង​ចំណោម​បុរស​ទាំង ៣នាក់​នោះ មាន​ពីរ​នាក់​ពាក់​អាវខ្មៅ​ដូច​គ្នា មាន​ពាក់​ស្រោមដៃ​ពណ៌ខ្មៅ​នៅ​ដៃឆ្វេង​ដូច​គ្នា តែ​មាន​ម្នាក់​ពាក់មួក​កន្ទិប​ពណ៌ខ្មៅ។ បុរស​ទាំង​ពីរ​នាក់​នេះ​ត្រូវ​បាន​ប៉ូលិស​ស្គាល់​អត្តសញ្ញាណ គឺ​ជា​បងប្អូន​នឹង​គ្នា​មាន​ឈ្មោះ Khalid និង Brahim EL Bakraoui
 
យោង​តាម​ប៉ូលិស​បែលហ្ស៊ិក បងប្អូន​ប្រុស​ទាំង​ពីរ​ធ្លាប់​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ប៉ូលិស និង​ជា​ភេរវជន​អត្តឃាត​នៅ​ព្រលាន​យន្តហោះ Zaventem ដោយ​បាន​ចុច​បំផ្ទុះ​ជាតិផ្ទុះ​នៅ​ក្នុង​វ៉ាលី។ ដោយឡែក ជនទី៣ ដែល​មាន​ពាក់​មួក​សំបុកពណ៌​ខ្មៅ និង​មាន​ពាក់​អាវក្រៅ​ពណ៌​ស្រដៀង​ស​កំពុង​ត្រូវ​បាន​ប៉ូលិស​តាម​រក​ចាប់​ខ្លួន។ ពេញ​មួយ​យប់​ថ្ងៃ​អង្គារ ទី២២ មីនា មក​ដល់​ថ្ងៃ​ពុធ ទី២៣ មីនា ប្រតិបត្តិការ​តាម​ចាប់​ជនទី៣ កំពុង​បន្ត​មាន​យ៉ាង​សកម្ម​នៅ​តាម​សង្កាត់​មួយ​ចំនួន​ក្នុង​ទីក្រុង​ព្រុចសែល។ នៅ​ក្នុង​ប្រតិបត្តិការ​ឆែកឆេរ​នៅ​ក្នុង​អាគារ​មួយ​ចំនួន ប៉ូលិស​បាន​រក​ឃើញ​គ្រាប់សិប្បនិមិត្ម​មួយ​មាន​ផ្ទុក​ទៅ​ដោយ​ក្បាលដែកគោល និង​ជាតិ​គីមី ព្រម​ទាំង​ទង់អង្គការ​រដ្ឋអ៊ីស្លាម​មួយ។
 
មាន​ការ​សង្ស័យ​ថា ជនទី៣ នោះ​អាច​ជា Najim Laachraoui ដែល​ប៉ូលិស​បារាំង និង​បែលហ្ស៊ិក​បាន​តាម​ចាប់​ខ្លួន​ដែល​ជាប់​ពាក់ព័ន្ធ​តាំង​ពី​ក្រោយ​អំពើភេរវកម្ម​ក្នុង​ក្រុង​ប៉ារីស​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ ២០១៥។ លទ្ធផល​ស៊ើបអង្កេត​ដំបូង​ឲ្យ​ដឹង​ថា ជន​សង្ស័យ​ទី៣ កំពុង​គេច​ខ្លួន​នោះ​បាន​ទុកចោល​វ៉ាលី​ខ្លួន​មាន​ផ្ទុក​គ្រឿង​ផ្ទុះ​នៅ​ព្រលាន​យន្តហោះ។ ក្រុម​អ្នក​ស៊ើបអង្កេត​កំពុង​ចង់​ដឹង​ថា ហេតុអ្វី​បាន​ជា​ជនទី៣ រូប​នោះ​មិន​ចុច​បំផ្ទុះ​វ៉ាលី​របស់​ខ្លួន​ដូច​បងប្អូនប្រុស​ទាំង​ពីរ។
 
គួរ​បញ្ជាក់​ជូន​ថា ការ​ដែល​ប៉ូលិស​បាន​ចុះ​ប្រតិបត្តិការ​ភ្លាមៗ​នៅ​សង្កាត់​មួយ​ចំនួន​នា​ថ្ងៃ​អង្គារ ទី២២ មីនា ក្រោយ​ភេរវកម្ម គឺ​ដោយសារ​ទទួល​បាន​ព័ត៌មាន​ពី​អ្នកបើក​ឡាន​​តាក់ស៊ី​ម្នាក់​ដែល​ជា​អ្នក​ដឹក​បុរស​ទាំង ៣នាក់​ទៅ​ទម្លាក់​នៅ​ព្រលាន​យន្តហោះ Zaventem។ អ្នក​បើក​ឡានតាក់ស៊ី​បាន​ស្គាល់​រូប​បុរស​ទាំង ៣ ភ្លាមៗ បន្ទាប់​ពី​ប៉ូលិស​បាន​ផ្សព្វផ្សាយ​រូបថត​នោះ។ យ៉ាង​ណា​ក៏​ដោយ ការ​ស៊ើបអង្កេត​កំពុង​បន្ត​ធ្វើ និង​ដែល​អាច​ទទួល​បាន​លទ្ធផល​កាន់​តែ​ច្បាស់​នា​ពេល​ខាង​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ