អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

​ប្លុក​យោធា របស់​លោក​កុម្មុយនិស្ត ក្រោម ឈ្មោះថា “ កតិកា​សញ្ញា​វ៉ារសូវី “

សំឡេង ០៦:០៩
រថក្រោះ​រុស្ស៊ីក្នុងដង្ហែក្បួន​នៅ​ទីលាន​ក្រហម​ដើម្បី​រំលឹក​ខួប៧០​ឆ្នាំ ដែល​រុស្ស៊ី​ឈ្នះ​ក្នុង​សង្រ្គាមលោក​លើក​ទីពីរថ្ងៃ​ទី ៩​ឧសភា
រថក្រោះ​រុស្ស៊ីក្នុងដង្ហែក្បួន​នៅ​ទីលាន​ក្រហម​ដើម្បី​រំលឹក​ខួប៧០​ឆ្នាំ ដែល​រុស្ស៊ី​ឈ្នះ​ក្នុង​សង្រ្គាមលោក​លើក​ទីពីរថ្ងៃ​ទី ៩​ឧសភា Reuters/路透社
ដោយ៖ កែវ ឆាយា

ថ្ងៃ ១៤ ឧសភាឆ្នាំ ១៩៥៥ នៅក្រុងវ៉ារសូវី ៨​ប្រទេស​នៃ​លោក​កុម្មុយនិស្ត ពោលគឺ សហភាពសូវៀត ប៉ូឡូញ ប៊ុលហ្ការី ហុងគ្រី សាធារណរដ្ឋ​ប្រជាធិបតេយ្យ​អាល្លឺម៉ង់ រូម៉ានី ឆេកូស្លូវ៉ាគី និង អាល់បានី បានចុះហត្ថលេខា លើ​កតិកាសញ្ញា បង្កើត​ឡើងជា ប្លុកយោធា សម្រាប់ ប្រឈមនឹង បក្សសម្ព័ន្ធ​អូតង់​របស់​លោក​សេរី ដែលប្រសូត្រ​មក ៦​ឆ្នាំមុន។ ប៉ុន្តែ ក្រោយ ពីមាន​អត្ថិភាព បាន៣៦ឆ្នាំ អង្គការ កតិកាសញ្ញា​វ៉ារសូវី ស្រាប់តែ​រលាយទៅ ក្នុងឆ្នាំ១៩៩១។ 

ផ្សាយពាណិជ្ជកម្ម

ឈ្មោះ​ជា​ផ្លូវការ​នៃ​អង្គការ​នោះ បង្កើត​ឡើងថ្ងៃ ១៤ឧសភា ឆ្នាំ១៩៥៥ គឺ “កតិកាសញ្ញា ស្តីអំពី មិត្តភាព សហប្រតិបត្តិការ និង ការផ្តល់​ជំនួយ​យោធា ទៅវិញ ទៅមក រវាង ៨​ប្រទេស ហត្ថលេខី។ ឯកសារនេះ បានចូលជា ធរមាន គឺនៅថ្ងៃ៦មិថុនា ឆ្នាំ១៩៥៥ នោះឯង បន្ទាប់ពី វាបាន​ទទួល​ការឲ្យសច្ចាប័ន​សមស្រប ដោយរដ្ឋសភា នៃគ្រប់​ប្រទេស​សមាជិក។  សម័យនោះ ទំនាក់ទំនង​អន្តរជាតិ បាន​ដក់ជាប់ ពេញទី ដោយ​បរិយាកាស “សង្គ្រាម​ត្រជាក់”។ ជាសក្ខីកម្ម គឺ​សេចក្តីថ្លែងការណ៍ ធ្វើថ្ងៃ ៨មករាឆ្នាំ ១៩៥១ ក្នុងកិច្ចប្រជុំ​នៃ​អគ្គលេខា​មជ្ឈឹមបក្ស​កុម្មុយនិស្ត និង ថ្នាក់ដឹកនាំ​យោធា របស់ បណ្តាប្រទេស ប្លុកខាងកើត ដោយ លោកនាយ​អគ្គសេនា ធិការដ្ឋាន​កងទ័ពសូវៀត Serguei Shtemenko ដែល ទាមទារ ឲ្យ “ ទៅទល់​ដំណាច់ ឆ្នាំ១៩៥៣ វាតយ៉ាង​សក្តិសមទៅ កងទ័ពនៃ គ្រប់តែ​ប្រទេស សង្គមនិយម នៅអឺរ៉ុបខាងកើត”។

 
នៅចុង​ឆ្នាំ១៩៥៤ នាយករដ្ឋមន្ត្រី​សូវៀត​ជំនាន់នោះ លោក Gueorgui Malenkov  រំលឹក អំពី វិនាសកម្មនៃ អារ្យធម៌​ពិភពលោក ក្នុងករណី បើមាន​សង្គ្រាម​បរមាណូផ្ទុះឡើង។ ហើយក្នុងខែ មករា ឆ្នាំ១៩៥៥ នាសម័យប្រជុំ​ពេញអង្គ នៃមជ្ឈឹម​បក្ស​កុម្មុយនិស្ត​សូវៀត លោក រដ្ឋមន្ត្រី ការបរទេស​សូវៀត Vyacheslav Molotov បានប្រតិកម្ម​យ៉ាងក្តួលក្តៅ​ថា “ មិនត្រូវ​និយាយ អំពី ការផុតពូជ​មនុស្សជាតិឡើយ តែគឺ ត្រូវនិយាយ​អំពី ការកេណ្ឌ​កម្លាំង សម្រាប់​កំទេច វណ្ណៈ គហបតី​លោកខាងលិច !

ក្នុងអារម្ភកថា នៃកតិកា​សញ្ញាវ៉ារសូវី ដែលនាំមុខ ដោយសហភាពសូវៀត មាន​និយាយ​ថា ការបង្កើត​អង្គការនេះ គឺជា ចម្លើយតប​នឹង “ យោធូបនីយកម្ម​ឡើងវិញ នៃ​អាល្លឺម៉ង់​ខាងលិច “ និង ការទទួល​ប្រទេសនេះ ចូលទៅក្នុង​បក្សអួតង់។ ដ្បិត​កងទ័ព​អាល្លឺម៉ង់ កន្លះ​លាននាក់ ដែល ធ្លាប់មាន​ពិសោធន៍ ក្នុងសង្គ្រាម​លោកលើកទី២ គឺជា​កម្លាំងគ្រោះថ្នាក់​មែនពិត ទោះបី តួនាទី គន្លឹះ ក្នុង​បក្សអូតង់ ដើរ​ដោយស.រ.អា.ក្តី។

ជា​ការកត់សម្គាល់ មាន​តែកងទ័ព​អាល្លឺម៉ង់ប៉ុណ្ណោះ ដែលធ្លាក់​ទៅ​នៅ​ទាំងស្រុង ក្រោម​បង្គាប់​នៃ ទីបញ្ជាការរួម របស់​បក្សអូតង់ ចំណែក​ប្រទេស ឯទៀត គឺផ្ទេរ​តែ​ភាគមួយ​ប៉ុណ្ណោះ នៃ​កងទ័ព​ខ្លួន ទៅស្ថិតនៅ ក្រោមបង្គាប់នោះ។

ចំណែកក្នុង កតិកាសញ្ញា​វ៉ារសូវី ក្រៅពី កងទ័ពសូវៀត គឺ​កងទ័ព​ប៉ូឡូញ និងអាល្លឺម៉ង់​ខាងកើត ដែល ត្រូវបាន​ចាត់ទុកជា សសរ ទ្រូងដែរ របស់​អង្គការនេះ។

ក្រុមទ័ព​សូវៀត ដែលបាន​ឈរជើង នៅលើដែនដី​អាល្លឺម៉ង់ខាងកើត គឺមាន​ចំនួន ជាង ៥សែន នាក់ អម​ដោយ​រថក្រោះ ៧.៧០០គ្រឿង។

គិតមកទល់ ថ្ងៃ ២៦មេសាឆ្នាំ ១៩៨៥ ឆ្នាំដែល អង្គការ កតិកាសញ្ញាវ៉ារសូវី ត្រូវអស់ សុពលភាព រយៈពេល ៣០ឆ្នាំ​របស់ខ្លួន ហើយ​ត្រូវពន្យារ​សុពលភាពនេះ សម្រាប់ ២០ឆ្នាំ ទៅមុខទៀត កងទ័ព របស់ប្លុកយោធានេះ បាន​មានទាហាន និង នាយទាហាន ជាង ៧លាន៥សែន៦ម៉ឺននាក់។

ក្រុង​ម៉ូស្គូ តែង​បានអះអាង​ថា យុទ្ធសាស្ត្រ​ទ័ព របស់កតិកាសញ្ញាវ៉រសូវី គឺមានលក្ខណៈ សម្រាប់ តែការពារ​សុទ្ធសាធ ហើយតែង​ហៅ អូតង់ថា ជា “ ប្លុក​ឈ្លានពាន”។ យុទ្ធសាស្ត្រនេះ ប្រកាសពី “ចេតនា បង្កើតឡើងជា ប្រព័ន្ធ​សន្តិសុខរួម នៅទ្វីបអឺរ៉ុប ឈរលើ​ការចូលរួម ក្នុង​ប្រព័ន្ធនេះ នៃ គ្រប់តែ​ប្រទេសអឺរ៉ុប ដោយមិន​អាស្រ័យ​នឹង​របបសង្គម-នយោបាយ របស់គេ​ឡើយ។ ពាក្យថា “ ប្រព័ន្ធសន្តិសុខរួម” ដែលម៉ូស្គូ​ប្រកាន់ខ្ជាប់ អស់រាប់សឹប​ឆ្នាំជាប់ ក្នុងការអនុវត្តន៍ គឺ មានន័យថា រំលាយចោលទៅ ទាំងអង្គការ​កតិកាសញ្ញាវ៉ារសូវី ទាំង​បក្ស​សម្ព័ន្ធ​អូតង់។

ម៉ូស្គូ ក៏ទទូច យ៉ាងខ្ជាប់ខ្ជួន​ដែរ ឲ្យធ្វើការរំសាយ​សព្វាវុធ បរមាណូលើ​ផែនដី​ទាំងមូល។ សំនើ​នេះ ពិតជា​ទាក់ចិត្ត ដោយ អត្ថន័យមនុស្សធម៌ ប៉ុន្តែ ការធ្វើវិភាគ​បង្ហាញ​ឲ្យឃើញថា ខ្លឹមសារ វា គឺ នាំនូវគុណប្រយោជន៍​យោធា ជាបឋម សម្រាប់​រុស្ស៊ីតែម្តង ដោយរុស្ស៊ី មាន​អាវុធធុន​ធម្មតា ច្រើន​ជាងគេ។ ឥឡូវ កាលដែល ស្ថានការណ៍​ប្រែប្រួលទៅ រុស្ស៊ី​ចាត់ទុក​អាវុធបរមាណូ​ថា ជា គំនិត​រវើរវាយ ហើយប្រកែក មិន​សន្យាឡើយ ថា មិនប្រើ អាវុធបរមាណូ​មុនគេ។

ដើមហេតុនៃ ការចាប់រង្គោះរង្គើទៅ អង្គការកតិកាសញ្ញាវ៉ារសូវី គឺ មុនដំបូងក្នុងឆ្នាំ១៩៥៦ លោក​នាយករដ្ឋមន្ត្រី ហុងគ្រី Imre Nadem បាន​សាកល្បង ដកប្រទេស​គាត់ចេញ​ពី​ប្លុកនេះ។ ប៉ុន្តែ ត្រូវបានបង្ក្រា​បឲ្យលឹប​ទៅដោយ កងរថក្រោះ​សូវៀត។

បន្ទាប់មក គឺ រលក​បះបោរនៅ ឆេកូស្លូវ៉ាគី ក្រោមឈ្មោះ​ថា “ និទាឃរដូវ​ក្រុងប្រាក “ ឆ្នាំ១៩៦៨ ក៏បានត្រូវពន្លិច​ទៅដែរ ដោយ កងកម្លាំងរួម​នៃ​បណ្តាប្រទេស សមាជិក កតិកាសញ្ញាវ៉ារសូវី។ ករណី​លើកលែងគឺ​តែ​មួយគត់ ៖ ប្រទេសអាល់បានី ក្នុងឆ្នាំ១៩៦៨នោះឯង ចេះដក​ខ្លួនចេញរួច ដោយ ប្រឆាំងនឹង អន្តរាគមន៍​កងទ័ព​កតិកា​សញ្ញាវ៉ារសូវី ទៅក្នុង​ប្រទេស​ឆេកូស្លូវ៉ាគី។ សំណាងល្អ ដែល អាល់បានី ខ័ណ្ឌពី​សហភាពសូវៀត និង ពីបណ្តាប្រទេស​សម្ព័ន្ធ​មិត្ត​សូវៀត ដោយ ដែនដី​យូហ្គោស្លាវី ជា ប្រទេស​មិនចូល​បក្សសម្ព័ន្ធ។

ក្រោយពី​មេដឹកនាំ​សូវៀត​ល្បីខាង​ធ្វើកំណែទម្រង់ គឺលោក ហ្គ័របាឆេវ ឡើងកាន់​អំណាច ក្នុងឆ្នាំ ១៩៨៥មក ទំនោរ​ដកខ្លួនចេញពី អង្គការកតិកាសញ្ញាវ៉ារសូវី កាន់តែ​កក្រើក លុះទាល់តែ នៅ ថ្ងៃ២៥កុម្ភៈឆ្នាំ១៩៩១ គឺមានចុះ​បានសន្ធិសញ្ញា​ស្តី​អំពី​ការលុបចោល រចនាសម្ព័ន្ធ​យោធា របស់ ប្លុកនេះ ហើយ នៅថ្ងៃទី១កក្កដា នៅក្រុងប្រាក ក៏មាន​ចុះ​បាន ពិធីសារ​រំលាយប្លុក​នេះ​តែម្តង។

លោកប្រធានាធិបតីរុស្ស៊ី ពូទីន ក្នុងសុន្ទរកថា ថ្លែង ថ្ងៃទី៩ឧសភា ក្នុងឱកាសខួប៧០ឆ្នាំ នៃ មហាជ័យជំនះ សំដែងនូវ ការសោកស្តាយ ចំពោះ ការខូចទៅ នៃទ្រង់ទ្រាយ ពិភពលោកទ្វេប៉ូល ដែលក្លាយ​ទៅជា ពិភពលោកឯកប៉ូល ទៅវិញ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ