អ៊ុយក្រែន-រុស្ស៊ី

អ៊ុយក្រែន​ដាក់​ចេញ​នូវ​សំណើ​ដើម្បី​បង្វែរ​យក​ទឹកដី​គ្រីមេ​ត្រឡប់​វិញ

ប្រមុខរដ្ឋ​អ៊ុយក្រែន លោក ប៉េត្រូ ប៉ូរ៉ូឆេនកូ
ប្រមុខរដ្ឋ​អ៊ុយក្រែន លោក ប៉េត្រូ ប៉ូរ៉ូឆេនកូ GENYA SAVILOV / AFP

លោក​ប្រធានាធិបតី​ប៉ូរ៉ូឆេនកូ បាន​ថ្លែង​នា​រសៀល​ម្សិលមិញ​ថា គឺ​ការ​បង្វែរទឹកដី គ្រីមេ និង​តំបន់​បះបោរ​ខាងកើត​ប្រទេស​ឲ្យ​វិល​ត្រឡប់​មក​អ៊ុយក្រែន​វិញ ដែល​បន្ត​ស្ថិត​នៅ​ជា អាទិភាព សម្រាប់​រដ្ឋ​អ៊ុយក្រែន ក្នុង​ឆ្នាំ២០១៦។ ក្នុង​គោលដៅ​នេះ គាត់​ស្នើ​ឲ្យ​បង្កើត​ឡើង​ជា​យន្តការ​អន្តរជាតិ។

ផ្សាយពាណិជ្ជកម្ម

ថ្លែង​ក្នុង​មហា​សន្និសីទកាសែត​ប្រចាំ​ឆ្នាំ នៅ​ក្រុង​គៀវ ថ្ងៃ១៤​មករា​ម្សិលមិញ ប្រមុខរដ្ឋ អ៊ុយក្រែន លោក ប៉េត្រូ ប៉ូរ៉ូឆេនកូ បាន​លើក​ឡើង​ជា​អាទិ៍ ការ​តស៊ូ ដើម្បី​បង្វែរ​យក​ទឹកដី គ្រីមេ​មក​វិញ គឺ​ជា​អាទិភាព​បឋម​ទី១។ ក្នុង​ន័យ​នេះ អ៊ុយក្រែន​ស្នើ​ឲ្យ​បង្កើត​ឡើង​ជា​យន្តការ​អន្តរជាតិ។ គាត់​បន្ថែម​ថា យន្តការប្រសើរ​បំផុត គឺ​កិច្ចចរចា​ក្រុង​ហ្ស៊ឺណែវ ហៅថា ហ្ស៊ឺណែវ + ដោយ​ទាក់ទាញឲ្យ​ចូលរួម គឺ បណ្តា​ប្រទេស​ដៃគូ ពី​សហភាព​អឺរ៉ុប ស.រ.អា. និង​ប្រហែល​ទាំង​ប្រទេស ដែល​បាន​ចុះ​ហត្ថលេខា លើ​អនុស្សរណៈ​ក្រុង បុយដាប៉េស្ត។

គាត់​រំលឹក​ថា អនុស្សរណៈ​នោះ ត្រូវ​បាន​ចុះ​ក្នុង ឆ្នាំ១៩៩៤ ដោយ​អ៊ុយក្រែន រុស្ស៊ី អង់គ្លេស ស.រ.អា. ដែល​បាន​ទទួល​យក​ទៅ ដាក់​លើ​ខ្លួន នូវ​កាតព្វកិច្ច គោរព​អធិបតេយ្យ​រដ្ឋ​អ៊ុយក្រែន មិន​ប្រើ​កម្លាំង​ប្រឆាំង​រដ្ឋអ៊ុយក្រែន ក្រោយ​ពីរដ្ឋ​នេះ​ សុខ​ចិត្ត​ដក​ចេញ​ពី​ដែនដី​ខ្លួន​ទៅ នូវ សព្វាវុធបរមាណូ។ ប្រធានាធិបតី​អ៊ុយក្រែន សង្កត់ធ្ងន់​ថា គឺ​ការ​តស៊ូ​ដើម្បី​បង្វែរ​គ្រីមេ ឲ្យ​ត្រឡប់​មក​ស្ថិត​នៅ ក្នុង រដ្ឋអ៊ុយក្រែន​វិញ និង​ការ​ស្ដារ​ឡើង​វិញ អធិបតេយ្យ​រដ្ឋអ៊ុយក្រែន​លើ​ខេត្ត​បះបោរ​ដូណេត និង លូ ហ្កាន់ ហៅ​ថា តំបន់ ដុនបាស់ នៅប៉ែក​ខាង​កើត​ប្រទេស ដែល ជា​អាទិភាព​នៃ​នយោបាយ របស់​ក្រុង​គៀវ សម្រាប់​ឆ្នាំ២០១៦។

តាម​ប្រសាសន៍​លោក​ប៉ូរ៉ូឆេនកូ ឆ្នាំ២០១៦ ត្រូវ​ចូល​ជា​ធរមាន គឺ​ការ​ស្ដារឡើង​វិញ អធិបតេយ្យ អ៊ុយក្រែន លើ តំបន់​ដុនបាស់។ ឆ្នាំ២០១៦ អ៊ុយក្រែនត្រូវ​វិល​ត្រឡប់​ទៅ ដុនបាស់ វិញ។ ព្រម ជាមួយ​នេះ គាត់​គូស​បញ្ជាក់​ថា ការ​បង្វែរ​តំបន់ ដុនបាស់ មក​វិញ ត្រូវ​ដោះស្រាយ តាម​ផ្លូវ ការទូត និង នយោបាយ។

ជា​ការ​រំលឹក គឺ​កិច្ចព្រមព្រៀង​ចុះ​នៅ​ក្រុង​មិនស្ក៍​ថ្ងៃ១២​កុម្ភៈ​ឆ្នាំ​មុន ដែលប្រមើ​លធ្វើ​ការ​បោះឆ្នោត នៅ​តំបន់​នោះ និង​តម្រូវ​ឲ្យ​ក្រុងគៀវ អនុម័ត វិសោធនកម្ម ស្តី​អំពី​លក្ខន្តិក​ពិសេស​របស់​តំបន់ ដុនបាស់ វិសោធនកម្ម​ដែល​ប្រមើលរក្សា​ទុក បូរណភាព​ដែនដី​អ៊ុយក្រែន បាន​ន័យ​ថា បង្វែរ តំបន់​នោះ ទៅ​ស្ថិតនៅ​ក្នុង​រដ្ឋអ៊ុយក្រែន ដូច​ដែល​លោក ប៉ូរ៉ូឆេនកូ បាន​និយាយ​អញ្ចឹង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI