អានតួអត្ថបទ
អ៊ីតាលី-វ៉ាទីកង់

បុរីវ៉ាទីកង់៖សម្តេចប៉ាប​បាន​ជ្រើសតំាង​គណៈសង្ឃថ្មី​ចំនួន ២០អង្គ​មក​ពី​ទ្វីប​ទំាង ៥​ក្នុង​លោក

សង្ឃកាតូលិក​ភូមា Charles Maung Bo ដែល​ទើបបានជ្រើសតំាង​ជា​គណៈសង្ឃ​ថ្មី​នៅ​បុរីវ៉ាទីកង់
សង្ឃកាតូលិក​ភូមា Charles Maung Bo ដែល​ទើបបានជ្រើសតំាង​ជា​គណៈសង្ឃ​ថ្មី​នៅ​បុរីវ៉ាទីកង់ REUTERS/Alessandro Bianchi
១៣ នាទី

នៅ​បុរីវ៉ាទីកង់ សម្តេចប៉ាប​ហ្រ្វង់ស័រ​បាន​រួម​ប្រជុំ​គណៈសង្ឃ​ចំនួន ១៦៥អង្គ​ដើម្បី​ពិភាក្សា​ពិគ្រោះយោបល់​ស្តីពី​គម្រោង​កំណែទម្រង់​ស៊ីជម្រៅ​មួយ​នៅ​ផ្ទៃក្នុង​ស្ថាប័ន​កាតូលិក។ ក្នុង​ឱកាស​នោះ សម្តេចប៉ាប​ក៏​បាន​សម្រេច​ជ្រើសតំាង​គណៈសង្ឃ​ថ្មី​ចំនួន ២០អង្គ​មក​ពី​ទ្វីប​ទំាង ៥ ក្នុង​លោក ក្នុង​នោះ មាន ១៥អង្គ​មាន​អាយុ​ក្រោម ៨០ឆ្នំា ហើយ​គណៈសង្ឃ​ទំាង ១៥អង្គ​ដែល​មាន​អាយុ​ក្រោម ៨០ឆ្នំា​នេះ​ក៏​នឹង​ក្លាយ​ទៅ​ជា​គណៈសង្ឃអ្នកបោះឆ្នោត​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​សម្តេចប៉ាប​នៅ​ថ្ងៃ​អនាគត​ដែរ។

ផ្សាយពាណិជ្ជកម្ម

អ្វី​ដែល​ថ្មី​ស្រឡាង​មិន​ធ្លាប់​មាន​នៅ​បុរីវ៉ាទីកង់​ពេល​នេះ គឺ​ការ​ដែល​សម្តេចប៉ាប​បាន​ជ្រើសរើស​គណៈសង្ឃ​ថ្មី​មក​ពី​ប្រទេស​តូចតាច និង​ដែល​រូប​គណៈសង្ឃ​ថ្មី​ទំាង​នោះ​សុទ្ធសឹង​ជា​មនុស្ស​ដែល​ធ្លាប់​បាន​ចូល​ប្រឡូក និង​ប្រឈម​មុខ​ផ្ទាល់​នឹង​បញ្ហា​ជា​ច្រើន​នៅ​ក្នុង​សង្គម​បច្ចុប្បន្ន។ ក្នុង​ចំណោម​គណៈសង្ឃ​ថ្មី​ទំាង​នោះ​មាន​មក​ពី​ប្រទេស​ថៃ វៀតណាម ភូមា ព្រម​ទំាង​ពី​ប្រទេស​ដាច់​ឆ្ងាយ​ផ្សេង​ទៀត​ដូច​យ៉ាង​ប៉ាណាម៉ា តុងហ្គា និង​ប្រទេស​កាប់វែរ​ជា​ដើម។ ជា​លើកទី១ បង្អស់​ដែល​ប្រទេស​ភូមា តុងហ្គា ឬ​កាប់វែរ​មាន​គណៈសង្ឃ​របស់​ខ្លួន​នៅ​បុរីវ៉ាទីកង់។ កម្មវត្ថុ​របស់​សម្តេចប៉ាប​ហ្រ្វង់ស័រ គឺ​ធ្វើ​ឲ្យ​មាន​សមភាព​រវាង​គណៈសង្ឃ​មក​ពី​គ្រប់​ទ្វីប​ដោយ​គ្មាន​ការ​រើសអើង និង​អ្វី​ដែល​ព្រះអង្គ​ចង់​បាន​ជា​ពិសេស​នោះ គឺ​មនុស្ស​ដែល​ធ្លាប់​ចុះ​សមរភូមិ​ផ្ទាល់ និង​ស្គាល់​ការ​ពិត​របស់​ពិភពលោក​សព្វថ្ងៃ។

ជាក់ស្តែង សង្ឃកាតូលិក​ដែល​កំពុង​ស្វែង​រក​សន្តិភាព​ជូន​ប្រទេស​ខ្លួន​ដូច​ករណី​សង្ឃកាតូលិក​មក​ពី​ទីក្រុង​បាងកក ប្រទេស​ថៃ ចំ​ពេល​ដែល​វិបត្តិនយោបាយ​កំពុង​តានតឹង​ខ្លំាង។ នៅ​ប្រទេស​ភូមា សង្ឃកាតូលិក​មក​ពី​ក្រុង​រ៉ង់ហ្គូន​បាន​ចូលរួម​យ៉ាង​សកម្ម​ប្រឆំាង​នឹង​អំពើ​ហិង្សា​ដែល​សហគមន៍​អ្នកកាន់​ព្រះពុទ្ធសាសនា​កំពុង​បន្ត​តាម​ធ្វើ​បាប​សហគមន៍​អ្នកកាន់សាសនា​អ៊ីស្លាម​ភាគតិច​រ៉ូហ៊ីនយ៉ា ឬ​មួយ​ក៏​សង្ឃកាតូលិក​មក​ពី​ប្រទេស​ម៉ិកស៊ិក​ដែល​រដ្ឋ​កំពុង​ក្រពុលមុខ​នឹង​អំពើហិង្សា​កើត​ចេញ​ពី​ការ​ជួញដូរ​គ្រឿង​ញាន។ ទំាង​នេះ​មិន​ភ្លេច​និយាយ​ទេ ពី​សង្ឃកាតូលិក​មក​ពី​ប្រទេស​អ៊ីតាលី​ដែល​រដ្ឋាភិបាល​ទីក្រុង​រ៉ូម​កំពុង​ប្រឈម​មុខ​នឹង​ការ​ហូរ​ចូល​ជនភៀសខ្លួន​តាម​សមុទ្រ។

តាម​រយៈ​កំណែទម្រង់​ថ្មី​នេះ ស បញ្ជាក់​ឲ្យ​ឃើញ​ថា សម្តេចប៉ាប​ហ្រ្វង់ស័រ​ចង់​បង្ហាញ​ពី​ឆន្ទៈ​របស់​ព្រះអង្គ​ក្នុង​ការ​ស្តារ​មុខមាត់​បុរីវ៉ាទីកង់​ឡើង​វិញ។ មុខមាត់​បុរីវ៉ាទីកង់​ដែល​មាន​ជាប់​ជំពាក់ជំពិន​រឿង​អាស្រូវ​ច្រើន​ណាស់​នា​ពេល​កន្លង​មក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ