អានតួអត្ថបទ
អាស៊ែរបែដហ្សាន់-រុស្ស៊ី

ទស្សនកិច្ច​រយៈពេល​៣ថ្ងៃ​នៃ​ប្រមុខ​ការទូត​អាស៊ែរបែហ្សាង់​នៅ​រុស្ស៊ី

លោក​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី Serguei Lavrov
លោក​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី Serguei Lavrov REUTERS/Sergei Karpukhin
ដោយ៖ កែវ ឆាយា
4 នាទី

 ក្នុង​ក្របខ័ណ្ឌ​ទស្សនកិច្ច​នេះ​ដែល​បាន​ចាប់​ផ្តើម​ម្សិលមិញ លោក​រដ្ឋមន្ត្រី​ការបរទេស​អាស៊ែរបែហ្សង់ Elmar Mammedyarov ថ្ងៃ២៥ឧសភា​នេះ​បាន​ជួប​ចរចា​ជាមួយ​សមភាគី​រុស្ស៊ី​លោក Serguei Lavrov ដោយ​ផ្តោត​ទៅ​លើ​ការ​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី និង​ដំណោះស្រាយ​ជម្លោះ​រ៉ាំរ៉ៃ​នៅ​តំបន់​ស្វយ័ត Karabakh លើ​ដែនដី Azerbaidjan ដែល​រស់នៅ​ក្នុង​ភាគ​ច្រើន​ដាច់​ខាត ដោយ​បណ្តាជន​សញ្ជាតិ Armenie ហើយ​ដែល​តាំង​ពី​ឆ្នាំ១៩៩១​មក បាន​ប្រកាស​ឯករាជ្យ​ផ្តាច់ខ្លួន​ចេញ​ពី Azerbaidjan។ 

ផ្សាយពាណិជ្ជកម្ម

 

ជា​បឋម អំពី​ទំនាក់ទំនង​ទ្វេភាគី​ដែល​តាម​ការ​កត់សម្គាល់​នៃ​ក្រសួង​ការបរទេស​រុស្ស៊ី គឺ​បន្ត​រីក​លូតលាស់ លើ​វិស័យ​ប្លែកៗ។ ឧទាហរណ៍ ក្នុង​ឆ្នាំ២០១៤ កន្លង​ទៅ ទំហំ​ផ្តោះប្តូរ​ពាណិជ្ជកម្ម​រវាង​រុស្ស៊ី និង​អាស៊ែរបែហ្សង់​បាន​កើន​ឡើង​១២% ដល់​ទឹកប្រាក់ ៣.៦០០លានដុល្លារ ដោយ​អាស៊ែរបែហ្សង់​បន្ត​បង្កើន​ការ​នាំ​ចេញ​នៃ​កសិផល​ខ្លួន​មក​កាន់​ប្រទេស​រុស្ស៊ី ក្នុង​បរិបទ ដែល​ក្រុង​ម៉ូស្គូ ហាម​មិន​ឲ្យ​នាំ​គ្រឿងបរិភោគ​ពី​បណ្តា​ប្រទេស​សហភាព​អឺរ៉ុប ជា​ចម្លើយ​តប​នឹង ទណ្ឌកម្ម​ដែល​គេ​ដាក់​ទល់​នឹង​រុស្ស៊ី ដោយ​មក​ពី គោលជំហរ​រុស្ស៊ី​ចំពោះ​វិបត្តិ​នៅ​អ៊ុយក្រែន។

មិន​តែ​ប៉ុណ្ណោះ សហប្រតិបត្តិការ​ក៏​រីក​លូតលាស់​ទាំង​ក្នុង​វិស័យ​យោធា នៅ​ខែកញ្ញា​ខាង​មុខ កង​នាវា​រុស្ស៊ី និង​អាស៊ែរបែហ្សង់​នឹង​ធ្វើ​លំហាត់​សឹក​រួម​គ្នា​នៅ​សមុទ្រ Caspienne។ មាន​ឆ្នេរ​របស់​ខ្លួន​ជាប់​នឹង​សមុទ្រ​នេះ ក្រៅ​ពី​រដ្ឋ​ទាំង​ពីរ ក៏​ទាំង​អ៊ីរ៉ង់ កាហ្សាក់ស្ថាន តួគ្មេនីស្ថាន។ លោក​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី Serguei Lavrov ថ្លែង​ថា ក្រុង​ម៉ូស្គូ​មិន​ជំទាស់​សោះ​ឡើយ​នឹង​ការ​ដែល​ក្រុង​បាគូ​ពង្រីក​ទំនាក់ទំនង​ជាមួយ​ប្រទេស​ជិត​ខាង​ឯ​ទៀត និង​អង្គការ​អន្តរជាតិ​ប្លែកៗ​ប៉ុន្តែ​សហប្រតិបត្តិការ​នោះ មិន​ត្រូវ​នាំ​ឲ្យ​ខូច​ដល់​ផលប្រយោជន៍ជាតិ​របស់​រុស្ស៊ី​ឡើយ។

ជាក់ស្តែង​ពេល​ថ្មីៗ សមភាគី​របស់​គាត់ លោក​ប្រមុខ​ការទូត អាស៊ែរបែហ្សង់ Mammedyarov បាន​ចូលរួម​ក្នុង​ជំនួប​កំពូល​បក្ស​សម្ព័ន្ធ​អូតង់ នៅ​ប្រទេស​តួគី និង ក្នុង​ជំនួប​កំពូល​សហភាពអឺរ៉ុប ជាមួយ​៦ប្រទេស​ដៃគូ​នៅ​អឺរ៉ុប​ខាង​កើត ដែល​បាន​ប្រព្រឹត្ត​ទៅ នៅ​ក្រុង Riga រដ្ឋធានី​ឡេតូនី។ ក្រុងម៉ូស្គូ​ចាត់​ទុក​ជា​អាទិភាព​មួយ​នៃ​នយោបាយ​បរទេស​ខ្លួន​គឺ រក​ដំណោះស្រាយ​ឲ្យ​ជម្លោះ​រ៉ាំរ៉ៃ​នៅ​តំបន់​ស្វយ័ត Karabakh មាន​ផ្ទៃក្រឡា ៤.៤០០ គ.មនៅ​លើ​ដែនដី Azerbaidjan ដែល​រស់​នៅ​ក្នុង​ភាគច្រើន​លើសលុប ដោយ​បណ្តាជន​សញ្ជាតិ Armenie ប្រមាណ​២សែននាក់ នៅ​ជាប់​នឹង​ព្រំប្រទល់ Armenie ផ្ទាល់ ហើយ​បណ្តាជន​នោះ ចង់​ភ្ជាប់​ដែនដី​នេះ​ទៅ​នឹង​ប្រទេស Armenieតែ​ម្តង។

តំបន់​នោះ ដែល​ក្នុង​ន័យ​ភូមិសាស្ត្រនយោបាយ គឺ​នៅ​កៀក​ជាប់​នឹង​ប្រទេស រុស្ស៊ី​ផង​ដែរ បាន ឆាបឆេះ​ជា​ភ្លើងសង្គ្រាម​ក្នុង​ឆ្នាំ១៩៨៨ ហើយ​តាំង​ពី​ឆ្នាំ១៩៩១​មក បាន ប្រកាស​ឯករាជ្យ ផ្តាច់ខ្លួន​ចេញ​ពី Azerbaidjan ប៉ុន្តែ​គ្មាន​ប្រទេស​ណា​ទទួល​ស្គាល់​ជា​រដ្ឋឯករាជ្យ​ឡើយ។ ម៉ូស្គូ​ដែល​រមែង​ដើរ​តួ​ជា​អន្តរការី សង្កត់ធ្ងន់​ថា ដំណោះស្រាយ ជម្លោះ​រ៉ាំរ៉ៃ​នេះ គឺ​អាស្រ័យ មិនមែន​នឹង​អន្តរការី​ទេ តែ​គឺ​នឹង​សមភាគី​បដិបក្ខ​ដែល​ជាប់​ក្នុង​ជម្លោះផ្ទាល់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ