អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ប្រចាំ​ឆ្នាំ​២០១៥ នៅ​ក្រុង​ដាវ៉ូស​ប្រទេស​ស្វ៊ីស

សំឡេង ០៦:៥២
លោក​ប្រធានាធិបតី​ ​បារាំង ហ្រ្វង់ស័រ ហូឡង់  ក្នុង​ពេល​ធ្វើសន្ទរកថា នៅ​វេទិកាសេដ្ឋកិច្ច​ពិភពលោក នៅទីក្រុង ដេវ៉ូស ប្រទេសស្វ៊ីស ថ្ងៃទី ២៣ មករា ២០១៤
លោក​ប្រធានាធិបតី​ ​បារាំង ហ្រ្វង់ស័រ ហូឡង់ ក្នុង​ពេល​ធ្វើសន្ទរកថា នៅ​វេទិកាសេដ្ឋកិច្ច​ពិភពលោក នៅទីក្រុង ដេវ៉ូស ប្រទេសស្វ៊ីស ថ្ងៃទី ២៣ មករា ២០១៤ REUTERS/Ruben Sprich
ដោយ៖ ម៉ម ពិសី

វេទិកា​សេដ្ឋកិច្ច​ពិភពលោក ដែល​ធ្វើ​ឡើង​ជា​រៀងរាល់​ឆ្នាំ បាន​ចាប់ផ្តើម​កម្មវិធី​របស់​ខ្លួន កាល​ពី​ថ្ងៃ​សុក្រ ទី ២៣ មករា នៅ​ទីក្រុង ដាវ៉ូស ប្រទេស​ស្វ៊ីស។ ថ្ងៃសៅរ៍ ទី​24 មករា​ គឺ​ជា​ថ្ងៃ​បិទ​បញ្ចប់ ការ​ប្រជុំ។ ឆ្លងកាត់​ការ​ពិភាក្សា​គ្នា គេ​ឃើញ​ថា ថ្នាក់​ដឹកនាំ​ទាំង​អស់ មិន​គ្រាន់តែ​បាន​ជជែក​គ្នា​ ពី​បញ្ហា​សេដ្ឋកិច្ច ពាណិជ្ជកម្ម​នោះ​ទេ តែ​គេ​សង្កេត​ឃើញ​ថា បញ្ហា​ភេរវកម្ម​និង​សន្តិសុខ​ពិភពលោក ​ត្រូវ​បាន​គេ​លើក​យក​មក​ពិភាក្សា​ ផងដែរ។ វត្តមាន​របស់​លោក​ប្រធានាធិបតី​បារាំង ​ហ្វ្រង់ស័រ ហូឡង់ ត្រូវ​បាន​អ្នក​ចូលរួម ទន្ទឹង​រងចាំ ជា​ខ្លំាង ក៏​ដោយសារ​បារាំង ទើប​បាន​រង​ការ​វាយប្រហារ ពី​សំណាក់​ពួក​ភេរវករ​អ៊ីស្លាម​ជ្រុល​និយម កាល​ពី​ ២​សប្តាហ៍​កន្លង​ទៅ​នេះ។

ផ្សាយពាណិជ្ជកម្ម

វេទិកា​សេដ្ឋកិច្ច​ពិភពលោក នេះ បាន​ចាប់​បដិសន្ធិ​ឡើង កាល​ពី​ឆ្នាំ ១៩៧១ ក្រោម​គំនិត​ផ្តួចផ្តើម​របស់​លោក Klaus Schwab ដែល​ជា​សាស្ត្រាចារ្យ​ផ្នែក​សេដ្ឋកិច្ច នៅ​សកល​វិទ្យាល័យ ក្រុង​ហ្ស៊ឺណែវ ប្រទេស​ស្វ៊ីស។ កាល​ពី​ដំបូង វេទិកា​កំពូល​នេះ​ មាន​ឈ្មោះ​ថា វេទិកា​អឺរ៉ុប​ស្តីពី​ការ​គ្រប់គ្រង។ វេទិកា នេះ មាន​គោលដៅ​ កាល​ពី​ដំបូង គឺ​ដើម្បី​ជួប​ពិភាក្សា​គ្នា​ រវាង ថ្នាក់​ដឹកនាំ​សហគ្រាស​ធំៗ​នៅ​អឺរ៉ុប ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍​គ្នា ព្រមទាំង​ រិះរក​យុទ្ធសាស្ត្រ គ្រប់គ្រង និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច ដោយ​ទាញ​យក​បទពិសោធន៍ ពី​របៀប​គ្រប់គ្រង​ជំនួញ​​ របស់​សហគ្រាស​នៅ​អាមេរិក។ វេទិកា​នេះ ​បាន​ទទួល​ជោគជ័យ​ខ្លាំងក្លា រហូត​បាន​ផ្លាស់ប្តូរ​ឈ្មោះ ក្លាយ​ជា​វេទិកា​សេដ្ឋកិច្ច​ពិភពលោក (World Economic Forum) កាល​ពី​ឆ្នាំ ១៩៨៧។ ជា​រៀងរាល់​ឆ្នាំ វេទិកា​នេះ បើកការ​ប្រជុំ​របស់​ខ្លួន នៅ​ទីក្រុង ដាវ៉ូស ក្នុង​ប្រទេស​ស្វីស។

 
ដូច​ជា​រៀង​រាល់ឆ្នាំ វេទិកា​សេដ្ឋកិច្ច​នេះ មាន​ការ​ចូលរួម ពី​សំណាក់ បណ្តា​ថ្នាក់​ដឹកនាំ​សហគ្រាស​ធំៗ ដែល​ជា​សមាជិក​ ចំនួន​១០០០ សហគ្រាស រួម​ជា​មួយ ថ្នាក់​ដឹកនាំ ប្រទេស​ជា​សមាជិក​របស់ អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ទាំង​១៦០ ប្រទេស។ ក្រៅ​ពី​នោះ​ គឺ​មាន​ សាស្ត្រាចារ្យ អ្នក​ស្រាវជ្រាវ អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច ព្រម​ទាំង​អ្នក​សារព័ត៌មាន​ផង​ដែរ។ បើ​បូក​សរុប​គ្នា​ទាំងអស់ អ្នក​ចូលរួម​មាន​ចំនួន ប្រហែល​ជា​២២០០ នាក់។

បញ្ហា​សេដ្ឋកិច្ច មិន​អាច​ផ្តាច់​ចេញ​ពី​ ស្ថិរភាព​នយោបាយ និង​សន្តិភាព៖
ទោះបី​ជា​យ៉ាងណា វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នេះ មិនមែន​លើក​យក​តែ​បញ្ហា​សេដ្ឋកិច្ច​មក​ពិភាក្សាគ្នា​ទេ។ សេដ្ឋកិច្ច​ដែល​រឹងមាំ និង​មាន​ការ​រីកចំរើន គឺ​ជា​សេដ្ឋកិច្ច​ដែល មាន​ការ​គិតគូរ​ គ្រប់​ជ្រុងជ្រោយ ។ គំនិត​របស់​លោក​សាស្រ្តាចារ្យ Klaus Schwab​​កាល​ពី​ដំបូង ហើយ​ដែល​បាន​ទទួល ការ​គាំទ្រ​ខ្លំាំង​នោះ គឺ​លោក មាន​ចេតនា ចង់ឲ្យ​ថ្នាក់​ដឹកនាំ សហគ្រាស​ ទាំង​អស់ ស្វែង​យល់ អំពី ផលវិបាក ក៏​ដូចជា​សេចក្តី​ចង់​បាន​របស់​ភាគី​ពាក់ពន្ធ័​ទាំង​អស់ ។ ពោល គឺ មិន​មែន រកស៊ី គិត​តែ​ពី​ប្រមូល​លុយ​ដាក់​ហោប៉ាវ នោះ​ទេ។ វា​មិន​ខុស​អី ពី​យើង លក់​នំ​ទៅ​ឲ្យ​មនុស្ស​ ដែល​គ្នា​គ្មាន​ប្រាក់ មួយ​រៀល ទោះ​បី​យើង​លក់​ថោក​យ៉ាងណា  ក៏​គេ​មិនទិញ​ដែរ។

យ៉ាងណា មិញ ការ​ពង្រឹង​វិស័យ​សេដ្ឋកិច្ច ត្រូវ​ពឹង​ផ្អែក ទៅ​លើ​ស្ថិរភាព​នយោបាយ សន្តិសុខ​សង្គម និង​ការ​ចែក​រំលែក​ទ្រព្យ​ធន​ ផល​ចំណូល​សេដ្ឋកិច្ច ឲ្យ​បាន​​ស្មើរភាព​គ្នា​រវាង​អ្នក​មាន និង​អ្នកក្រ។ បើ​កាល​ណា ប្រទេស​មួយ គ្មាន​សន្តិសុខ សន្តិសុខ នេះ គឺ​យើង​សំដៅ​ ទាំង​សន្តិសុខ​ផ្លូវកាយ និង​សន្តិសុខ​ផ្លូវ​ច្បាប់ គឺ​គ្មាន​អ្នក​វិនិយោគទុន​ណា គេ​ហ៊ាន​មក​រកស៊ី​ទេ ម៉ូនីកា។ ដូច​គ្នា​ដែរ អ្នក​វិនិយោគ និង​សហគ្រាស​ទាំង​អស់ ត្រូវ​តែ​មាន​មនសិកា ទទួល​ខុស​ត្រូវ រកស៊ី ដោយ​គិត​ពី​ប្រយោជន៍​រួម មិន​មែន​ដឹងតែ​ពី​បូម​ជញ្ជក់ ​យក​ប្រាក់​ចំណេញ តែ​មួយមុខ​នោះ​ទេ។

ដោយ​ឡែក ស្ថិត​ក្នុង​ចំណោម កិច្ច​ព្រមព្រៀង​ក្នុង​វិស័យ​ពាណិជ្ជកម្ម មាន​តែ​កិច្ច​ព្រមព្រៀង លើ​​វិស័យ​ពន្ធដា​​តែ​មួយមុខ​គត់ ដែល​វេទិកា​នេះ បាន​សម្រេច​បាន​ ដោយ​បាន​ ធ្វើការ​យ៉ាងស្និត​ ជាមួយ អ្នក​ជំនាញ​របស់ អង្គការ​ពាណិជ្ជកម្ម​ពិភពលោក។

ភេរវកម្ម អ​សន្តិសុខ ជា​ស្នូល​នៃ​ការ​ពិភាក្សាគ្នា នៅ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក៖
ព្រឹត្តិការណ៍ ពិភពលោក​ក្នុង​ឆ្នាំ ២០១៤​កន្លង​ទៅ​នេះ គឺ​វិលវល់​ជុំវិញ ការ​គម្រាមកំហែង របស់​ក្រុម​ភេរវករ អ៊ីស្លាម​ជ្រុល​និយម នៅ​​អ៊ីរ៉ាក់ និង​នៅ​ស៊ីរី។ វត្តមាន និង សន្ទរកថា របស់​លោក​ប្រធានាធិបតី បារាំង ហ្រ្វង់ស័រ ហូឡង់ ត្រូវ​បាន​គេ​ផ្តោត​អារម្មណ៍​ជាខ្លាំង។ នេះ គឺ​ដោយសារ បារាំង​ជា​ប្រទេស​អឺរ៉ុប ដំបូង​គេ ដែល​បាន​ទទួល​រង​ ការ​វាយប្រហារ​​ ពី​សំណាក់ ក្រុម​ភេរវករ​អ៊ីស្លាម​ជ្រុល​និយម។ ហេតុការណ៏​បាញ់​ប្រហារ នៅ​ទីស្តីការ​ទស្សនាវតី្ត Charlie Hebdo ព្រម​ទាំង​ហេតុការណ៍​ចាប់​ចំណាប់​ខ្មាំង ជនជាតិ​ជ្វីហ្វ នៅ​ក្នុង​ក្រុង​ប៉ារីស កាល​ពី​២​សប្តាហ៍​កន្លង​ទៅ​នេះ បាន​ធ្វើ​ឲ្យ​ពិភពលោក មាន​ការ​រំជើប​រំជួល និង​បាន​ចូលរួម​រំលែក​ទុក្ខ​បារាំង។

ក្នុង​ពេល​សន្ទរកថា លោក​ប្រធានាធិបតី​បារាំង បាន​ថ្លែង ថា ដោយ​សង្កត់​ធ្ងន់​ថា ដរាប​ណា​ ពិភពលោក​គ្មាន​សន្តិសុខ និង​ស្ថិរភាព នោះ យើង​មិន​អាច​ស្វែងរក​ ការ​រីកចំរើន​សម្បូរ​សប្បាយ​បានទេ។ លោក​បន្ថែមថា បញ្ហា សន្តិសុខ គឺជា​បញ្ហា​រួម​របស់​ប្រជាជាតិ​ទាំង​អស់​គ្នា ហើយ​ដែល​យើង​មិន​អាច​ផ្តាច់​វា​ ចេញ​ពី​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​បាន​ឡើយ។ ដើម្បី​ទប់ទល់ ទៅ​នឹង ការ​គម្រាមកំហែង ភេរវកម្ម និង​អសន្តិសុខ​ ពិភពលោក ត្រូវ​ពួត​ដៃ​គ្នា ស្វែងរក​ដំណោះស្រាយ​រួមគ្នា មួយ។

ក្រៅ​ពី​លើក​ឡើង ពី​បញ្ហា ភេរវកម្ម លោក​ហ្វ្រង់ស័រ ហូឡង់ ក៏​បាន​និយាយ​ជំរុញ ឲ្យ អ្នក​វិនិយោគទុន ក៏​ដូច​ជា​ក្រុមហ៊ុន​ទាំងអស់ នាំគ្នា​បោះទុន​ រកស៊ី​ឲ្យ​បាន​ច្រើន ក្នុង​វិស័យ​ជំនួញ​បៃតង ពោល​គឺ ជំនួញ ដែល​មាន​ទិសដៅ លើក​កំពស់ ការ​ការពារ​បរិស្ថាន ព្រមទាំង កាត់​បន្ថយ​ ការ​បញ្ចេញ​ឧស្ម័នពុល ព្រមទាំង​ការ​បំផ្លាញ ធនធាន​ធម្មជាតិ​ជាដើម។ សូម​រំលឹក​ផង​ដែរ ថា ក្នុង​ន័យ​នេះ​ លោក ប្រធានាធិបតី​បារាំង មាន​ចេតនា សម្រេច​ឲ្យ​បាន​នូវ​កិច្ច​ព្រមព្រៀង​រួម​មួយ​ ស្តី​ពី​ ការ​ការពារ​បរិស្ថាន នៅ​ក្នុង​ឱកាស​ជំនួប​កំពូល​ពិភពលោក ស្តីពី​អាកាសធាតុ ដែល​បារាំង ត្រូវ​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ នៅ​ចុង​ឆ្នាំ​ ២០១៥​នេះ។

ក្រៅ​ពី​សន្ទរកថា​របស់​លោក ហ្រ្វង់ស័រ ហូឡង់ សន្ទរកថា​របស់ លោក ចន ឃែរី ប្រមុខ​ការទូត​របស់​អាមេរិក ក៏បាន​សង្កត់​ធ្ងន់​ផងដែរ ទៅ​លើ ការ​ពង្រឹង​សន្តិសុខ និង​ការ​ទប់ស្កាត់​អំពើ​ភេរវកម្ម។ លោក ចន ឃែរី បាន​លើកឡើង អំពី ក្រុម​ជ្រុល​និយម អ៊ីស្លាម នៅ អ៊ីរ៉ាក់ និង​នៅ​ស៊ីរី ព្រមទាំង​ក្រុម​អ៊ីស្លាម បូកូហារ៉ាម នៅ​នីហ្ស៊េរីយ៉ា ផងដែរ។ ក្រុម​ភេរវករ អ៊ីស្លាម​ជ្រុល​និយម​ទាំងនេះ​ កំពុង​តែ​គម្រាម​កំហែង ដល់​សន្តិសុខ និង​សន្តិភាព នៅ​តំបន់ មជ្ឈឹមបូព៌ា ក៏​ដូចជា​ទ្វីប​អាហ្វ្រិក​ទាំងមូល។ លោក ចន ឃែរី ក៏​បាន ឆ្លៀត ជួប​ជាមួយ ប្រមុខ​​ការទូត​អ៊ីរ៉ង់​ផងដែរ ព្រោះ​ថា អ៊ីរ៉ង់ មាន​ទួនាទី​សំខាន់ ណាស់ ក្នុង​ការ​ស្វែងរក​សន្តិភាព និង​បង្ក្រាប​ក្រុម​ភេរវនិយម​អ៊ីស្លាម នៅ​តំបន់ ដើមបូព៌ា។

ក្រោយ​ភ្លៀង​មេឃ​ស្រឡះ សេដ្ឋកិច្ច​បារាំង​ហាក់​មាន​សន្ទុះល្អ៖
វេទិកា​សេដ្ឋកិច្ច​ប្រចាំ​ឆ្នាំ​២០១៥​នេះ ធ្វើ​ឡើង ក្នុង​បរិបទ​មួយ ដែល​ពិភពលោក កំពុងតែ​ជួប អាសន្ន​ទាក់ទិន​ទៅ​នឹង​ភេរវកម្ម ហើយ​បារាំង បាន​រងគ្រោះ​ធ្ងន់ធ្ងរ។ ចំនុច​មួយ​ទៀត ដែល​បារាំង​បាន​លេចមុខ​លេចមាត់ គឺ​សក្តានុពល​សេដ្ឋកិច្ច​បារាំង បាន​ហាក់​ងើបខ្លួន​ឡើងវិញ ដែល​ធ្វើ​ឲ្យ​ អ្នក​វិនិយោគ មាន​ការ​ទុកចិត្ត ចង់​រកស៊ី​ជាមួយ​បារាំង។  កំណែ​ទម្រង់​សេដ្ឋកិច្ច បារំាង ​ ​ដែល​ដាក់ចុះ​ដោយ លោក ហ្រ្វង់ស័រ ហូឡង់ បាន​ធ្វើឲ្យ​ក្រុមហ៊ុន​វិនិយោគ​បរទេស មាន​ការ​ទុកចិត្ត ហើយ​បាន លាង​ជម្រះ កេរ្តិ៍ឈ្មោះ​មិន​ល្អ​របស់​បារាំង ដែល​គេ​តែងតែ​រិះគន់​ថា មាន​សេដ្ឋកិច្ច​បិទជិត មិន​សូវ​បើក​ចំហរ ដូច​សហរដ្ឋអាមេរិក។

តាម​ការ​ពិត​ទៅ បារាំង មាន​សក្តានុពល សេដ្ឋកិច្ច​ខ្លាំក្លា​ណាស់។ សក្តានុពល​នេះ គឺ​ផ្តោត​ខ្លាំង ទៅ​លើ ធនធាន​មនុស្ស។ បារាំង មាន​អ្នក​ជំនាញ​ពូកែៗ ច្រើន​ណាស់ ដែល​មាន​គំនិត​ច្នៃ​ប្រឌិត បង្កើត​ការ​រកស៊ី​ថ្មីៗ ជា​ពិសេស​ក្នុង​វិស័យ​បច្ចេកវិទ្យា​ទំនើប តែម្តង។ គេ​សរសើរ​បារាំង មិន​ដាច់​ពីមាត់ គឺ​ធនធាន​មនុស្ស អ្នក​ចេះដឹង​បារំាង​នេះ​ឯង។ ទាំងនេះ ក៏​ដោយសារ​ប្រព័ន្ធ​អប់រំ​របស់​បារាំង ដែល​មាន​គ្រិះ​រឹងមាំ ជា​ពិសេស​ក្នុង​ជំនាញ​គណិតវិទ្យា និង​ជំនាញ​វិទ្យាសាស្ត្រ​ទូទៅ ដូច​ជា រូបវិទ្យា និង​គីមីវិទ្យា​ជាដើម។ ទាំង​នេះ ហើយ ដែល​ធ្វើឲ្យ​ គេ​ទទួល​ស្គាល់​ការងារ​ របស់​ជនជាតិ​បារាំង។ ក្រុមហ៊ុន​ធំៗ ជា​ច្រើន បាន​ជួប​សន្ទនា​ដោយ​ផ្ទាល់​ ជាមួយ លោក​ប្រធានាធីបតី ហ្រ្វង់ស័រ ហូឡង់ ថា​ពួក​គេ ត្រៀម​ចាំ​តែ​បោះទុន​ រកស៊ី​ជាមួយ​បារាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ