កូនយាន Philae នៅលើផ្កាយដុះកន្ទុយ "ជូរី" ចាប់មានដំណើរការឡើងវិញ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
កូនយានឈ្មោះ Philae របស់ទីភ្នាក់ងារអវកាសអឺរ៉ុប ដែលត្រូវបានគេបញ្ជូនឲ្យទៅចុះចតលើផ្កាយដុះកន្ទុយ កាលពីខែវិច្ឆិកា ឆ្នាំ២០១៤កន្លងទៅនេះ ហើយដែលបានបាត់ការទាក់ទងអស់រយៈពេលជាច្រើនខែមកហើយនោះ បានចាប់ផ្តើមមានដំណើរការឡើងវិញ ដោយបានទាក់ទងមកភពផែនដី កាលពីយប់ថ្ងៃសៅរ៍ ឈានចូលថ្ងៃអាទិត្យ។ នេះបើតាមការអះអាងរបស់មជ្ឈមណ្ឌលអវកាសបារាំង ដែលជាផ្នែកមួយនៃទីភ្នាក់ងារអវកាសអឺរ៉ុប (European Space Agency)។
Philae គឺជាយានអវកាសដំបូងបង្អស់ ក្នុងប្រវត្តិសាស្រ្ត ដែលត្រូវបានគេបញ្ជូនឲ្យទៅចុះចតប្រកបដោយជោគជ័យ នៅលើផ្កាយដុះកន្ទុយ គឺចុះចតលើផ្កាយដុះកន្ទុយឈ្មោះ “ជូរី” កាលពីថ្ងៃទី១២ វិច្ឆិកា ឆ្នាំ២០១៤កន្លងទៅ ក្រោយពីបានធ្វើដំណើរកាត់ទីអវកាសអស់រយៈពេល ១០ឆ្នាំ ក្នុងរយៈចម្ងាយរហូតដល់ទៅជាង ៦ពាន់លានគីឡូម៉ែត្រ។
តាមគម្រោងពីដំបូង យាន Philae នឹងត្រូវចំណាយពេលជាច្រើនខែ ដើម្បីថតរូបភាពនៃសណ្ឋានដីរបស់ផ្កាយដុះកន្ទុយ ព្រមទាំងសិក្សាមើលអំពីរចនាសម្ព័ន្ធ និងធាតុផ្សំគីមីរបស់ផ្កាយដុះកន្ទុយ។ លទ្ធផលនៃការសិក្សានេះអាចនឹងជួយឲ្យអ្នកវិទ្យាសាស្រ្តដឹងកាន់តែច្បាស់ អំពីដើមកំណើតនៃប្រព័ន្ធព្រះអាទិត្យ និងជាពិសេស អំពីភពផែនដី។
ក៏ប៉ុន្តែ កូនយាន Philae បានបញ្ជូនទិន្នន័យមកភពផែនដី ក្នុងរយៈពេលតែ ៣ថ្ងៃប៉ុណ្ណោះ ក៏ស្រាប់តែបាត់ការទាក់ទង ចាប់តាំងពីថ្ងៃទី១៥វិច្ឆិកា។ មូលហេតុ គឺដោយសារតែទីតាំងដែល Philae ចុះចតនោះ ស្ថិតនៅក្នុងម្លប់ ដែលជាហេតុធ្វើឲ្យកញ្ចក់ស្រូបពន្លឺព្រះអាទិត្យដែលនៅលើយានមិនអាចទទួលពន្លឺបានគ្រប់គ្រាន់ ដើម្បីផលិតថាមពលមកផ្គត់ផ្គង់ទៅតាមតម្រូវការរបស់កូនយាន។
កាលពីយប់ថ្ងៃសៅរ៍ ក្រោយពីបានបាត់ដំណឹងអស់រយៈពេលជិត ៧ខែ កូនយាន Philae ស្រាប់តែបានបញ្ជូនសញ្ញាមកកាន់ស្ថានីយ៍អវកាសអឺរ៉ុបឡើងវិញ។
ក្រុមអ្នកវិទ្យាសាស្រ្តនៅទីភ្នាក់ងារអវកាសអឺរ៉ុបបានលើកឡើងថា ការណ៍ដែលកូនយាន Philae ចាប់ផ្តើមមានដំណើរការឡើងវិញនៅពេលនេះ គឺមកពីផ្កាយដុះកន្ទុយ “ជូរី” បានធ្វើដំណើរកាន់តែទៅដល់ជិតព្រះអាទិត្យ ដែលជាហេតុធ្វើឲ្យកញ្ចក់ស្រូបពន្លឺព្រះអាទិត្យរបស់ Philae អាចទទួលបានពន្លឺគ្រប់គ្រាន់ក្នុងការផលិតថាមពល។
សញ្ញាដែលគេទទួលបានពីកូនយាន Philae កាលពីយប់ថ្ងៃសៅរ៍ មានរយៈពេលតែ ២នាទីប៉ុណ្ណោះ ក៏ប៉ុន្តែ ទិន្នន័យដែលគេទទួលបានអាចឲ្យគេសន្និដ្ឋានបានថា កូនយាននេះនៅមានដំណើរការជាធម្មតា ហើយអ្នកវិទ្យាសាស្រ្តអឺរ៉ុបកំពុងរង់ចាំទទួលសញ្ញាជាថ្មីទៀតពី Philae ដោយរំពឹងថា កូនយាននេះនឹងអាចមានដំណើរការយ៉ាងពេញលេញ ដើម្បីបន្តការសិក្សាលើផ្កាយដុះកន្ទុយ ទៅតាមការគ្រោងទុកពីមុន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ