ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អឺរ៉ុប​សន្យា​អនុម័ត​ដំណោះស្រាយ​វិបត្តិ​ប្រាក់បំណុល​ឲ្យបាន​នៅ​ថ្ងៃ​ពុធ

សំឡេង ០៤:២៦
ប្រមុខដឹកនាំ​អាល្លឺម៉ង់ និង​បារាំង ធ្វើសន្និសីទ​សារព័ត៌មាន​រួមគ្នា ក្រោយ​ពេល​បិទ​ជំនួបកំពូល ថ្ងៃ​ទី២៣ តុលា ២០១១
ប្រមុខដឹកនាំ​អាល្លឺម៉ង់ និង​បារាំង ធ្វើសន្និសីទ​សារព័ត៌មាន​រួមគ្នា ក្រោយ​ពេល​បិទ​ជំនួបកំពូល ថ្ងៃ​ទី២៣ តុលា ២០១១ REUTERS/Thierry Roge

នៅថ្ងៃ​អាទិត្យ ២៣ តុលា ២០១១​នេះ ប្រមុខដឹកនាំ​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​បាន​បើក​ធ្វើ​ជំនួបកំពូល​មួយ ក្នុងគោលដៅ ស្វែងរក​ដំណោះស្រាយ​វិបត្តិ​ប្រាក់​បំណុល ដែលកំពុង​តែ​ញាំញី​សេដ្ឋកិច្ច​អឺរ៉ុប។ ក៏ប៉ុន្តែ ជំនួបកំពូល​នេះ​បាន​បិទបញ្ចប់​ទៅ ដោយ​គ្មាន​ដំណោះស្រាយ​អ្វីទាំងអស់។ ទោះជាយ៉ាងណា មេដឹកនាំ​អឺរ៉ុប​បាន​សន្យា​ថា​នឹង​ចរចា​ស្វែងរក​កិច្ចព្រមព្រៀង​មួយ​ឲ្យ​បាន​ នៅ​ក្នុង​ជំនួបកំពូល​លើកទី២ ដែល​គ្រោង​នឹង​បើក​ធ្វើ នៅថ្ងៃ​ពុធ ២៦ តុលា​នេះ។

ផ្សាយពាណិជ្ជកម្ម

ស្ថានភាព​ដុនដាប​នៃ​សេដ្ឋកិច្ច​អឺរ៉ុប កំពុង​តែ​ដាក់សម្ពាធ​លើ​ប្រមុខដឹកនាំ​ប្រទេស​ជាសមាជិក​ឲ្យ​ខិតខំ​ស្វះស្វែង​រក​ដំណោះស្រាយ​វិបត្តិ​ប្រាក់​បំណុល​ឲ្យ​បាន​ឆាប់។ នៅ​ក្នុងបរិបទនេះ​ហើយ ដែល​មេដឹកនាំ​អឺរ៉ុប​បើក​ធ្វើ​ជំនួបកំពូល​​ កាលពីថ្ងៃ​អាទិត្យ។ ក៏ប៉ុន្តែ ដោយសារ​តែ​មាន​ការ​ខ្វែងគំនិតគ្នា ជំនួបកំពូល​ម្សិលមិញនេះ​ត្រូវ​បិទបញ្ចប់​ទៅ​ដោយ​គ្មាន​ដំណោះស្រាយ​អ្វីទាំងអស់ ហើយ​ត្រូវលើកពេល​ទៅ​សម្រេច ក្នុង​ជំនួបកំពូល​លើកទីពីរ ដែល​គ្រោង​ធ្វើ នៅថ្ងៃ​ពុធ ២៦ តុលា ២០១១។

ជំនួបកំពូល​ កាលពីថ្ងៃ​អាទិត្យ ត្រូវបាន​រៀបចំ​ធ្វើ​ជា​ពីរ​វគ្គ៖ ជំនួប​រវាង​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប ទាំង ២៧ និង​ជំនួប​រវាង​ប្រទេស​ចាយលុយ​អឺរ៉ូ ដែល​មាន​ ១៧​ប្រទេស។ បើទោះជាមាន​​ភាពតានតឹង រហូតដល់​មាន​ការ​ប៉ះទង្គិច​ពាក្យសម្តី​គ្នា​​​ខ្លាំងៗ​ក៏ដោយ ប្រមុខដឹកនាំ​អឺរ៉ុប​ក៏​បាន​ឯកភាព​គ្នា​លើ​ចំណុច​សំខាន់ៗ​ជាច្រើន​ដែរ។

មេដឹកនាំ​អឺរ៉ុប​បាន​ឯកភាព​គ្នា​ថា​នឹង​បញ្ចេញ​លុយ​ពី​កញ្ចប់​ថវិកា ដែល​អនុម័ត​កាល​ពី​ខែ​កក្កដា ទៅ​ឲ្យ​ប្រទេស​ក្រិក​ប្រើប្រាស់។ ក្នុងពេលជាមួយ​គ្នា​នេះ អឺរ៉ុប​ក៏​បាន​​ព្រមព្រៀង​គ្នា​ផងដែរ លើ​ជំហាន​បន្ទាប់​ ក្នុង​ការ​ជួយ​ដោះស្រាយ​វិបត្តិ​បំណុល​ក្រិក។ ក្នុង​ដំណាក់កាល​ថ្មីនេះ ប្រទេស​ជា​សមាជិក​តំបន់​អឺរ៉ូ​ស្នើ​សុំ​ឲ្យ​ធនាគារ​ឯកជន ដែល​ជា​ម្ចាស់​បំណុល​របស់​ក្រិក កាត់បន្ថយ​បរិមាណ​បំណុល​​យ៉ាងតិច ៥០%។ ជាថ្នូរមកវិញ អឺរ៉ុប​សុខចិត្ត​ចេញមុខ​ធានា​ជួយ​ធនាគារ​ណា ដែល​ខាតបង់​ដោយសារ​បំណុល​ក្រិក​ ហើយ​ត្រូវការ​ទុនបង្វិល។ ប៉ុន្តែ ជា​ជំហាន​ដំបូង ធនាគារ​ទាំងនោះ​ត្រូវ​តែ​ស្វះស្វែង​រក​ដើមទុន​ពី​ទីផ្សារ​មូលបត្រ​ជាមុនសិន។ ប្រសិន​បើ​រកទុន​ពី​អ្នកវិនិយោគ​ឯកជន​មិនបានទេ ជា​ជំហាន​បន្ទាប់ ធនាគារ​នៅ​ប្រទេស​ណា ត្រូវ​រក​ជំនួយ​ពី​រដ្ឋាភិបាល​របស់​ប្រទេស​នោះ។ ប្រសិនបើ​រដ្ឋាភិបាល​នោះ ក៏​កំពុងតែ​មាន​បញ្ហា​ប្រាក់​បំណុល​ខ្លួនឯង​ដែរ (ដូចជា ក្រិក អ៊ីតាលី អេស្ប៉ាញ និង​ព័រទុយហ្កាល់​ ជាដើម) ទើប​​អឺរ៉ុប​​ជា​អ្នក​ជួយ តាមរយៈ​មូលនិធិ​ពិសេស ឈ្មោះ “មូលនិធិ​​អឺរ៉ុប ដើម្បី​ស្ថិរភាព​ហិរញ្ញវត្ថុ” ដែល​គេ​បង្កើត​ឡើង​ជា​ពិសេស កាល​ពី​ខែ​ឧសភា ឆ្នាំ​២០០៩។

ក៏ប៉ុន្តែ បញ្ហា​ដែល​កំពុង​ចោទ​ខ្លាំង​នៅពេលនេះ គឺ​នៅត្រង់ថា មូលនិធិ​ពិសេស​នេះ មាន​លុយ​តិចតួច​ពេក។ ដើម្បី​ធានា​ការទុកចិត្ត​ពី​សំណាក់​អ្នកវិនិយោគ អឺរ៉ុប​ចាំបាច់​ត្រូវ​តែ​បង្កើន​បរិមាណ​ទឹកប្រាក់ ក្នុង​មូលនិធិ​ពិសេស​នេះ។ ក៏ប៉ុន្តែ ទាំង​អាល្លឺម៉ង់ ទាំង​បារាំង ដែល​ជា​មហា​អំណាច​សេដ្ឋកិច្ច ក្នុង​តំបន់​អឺរ៉ូ សុទ្ធតែ​មិនចង់​ផ្តល់​វិភាគទាន​បន្ថែម​ទៅក្នុង​មូលនិធិនេះ។ ប្រភព​ថវិកា និង​របៀប​ប្រើប្រាស់​មូលនិធិ​ដើម្បី​ស្ថិរភាព​ហិរញ្ញវត្ថុ​នេះ​ហើយ ដែល​ជា​បញ្ហា​​ចម្រូងចម្រាស​ត្រូវ​ដោះស្រាយ​ឲ្យ​បាន​មុន​ជំនួបកំពូល​លើកទីពីរ នៅថ្ងៃ​ពុធ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI