អឺរ៉ុបព្រមព្រៀងលើកញ្ចប់ថវិកា១៣០ពាន់លានអឺរ៉ូ ដើម្បីជួយក្រិកពីការក្ស័យធន
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:៤០
នៅព្រឹកព្រលឹមថ្ងៃអង្គារ ២១ កុម្ភៈនេះ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនៃតំបន់ចាយលុយអឺរ៉ូបានព្រមព្រៀងគ្នាលើកញ្ចប់ថវិកាចំនួន ១៣០ពាន់លានអឺរ៉ូ ដើម្បីជួយក្រិកឲ្យចៀសផុតពីការក្ស័យធន។ នៅក្នុងកិច្ចព្រមព្រៀងនេះ ស្ថាប័នហិរញ្ញវត្ថុឯកជន ដែលជាម្ចាស់បំណុលក្រិក ក៏បានសុខចិត្តលុបចោលបំណុលក្រិកជាងពាក់កណ្តាលផងដែរ។ ចំណែកក្រិកវិញត្រូវជាប់កាតព្វកិច្ចកាត់បន្ថយការចំណាយសាធារណៈច្រើនជាងមុនទៅទៀត។
ក្រោយពីការចរចាគ្នាពេញមួយយប់ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច នៃប្រទេសទាំង ១៧ ជាសមាជិកតំបន់ចាយលុយអឺរ៉ូ (Eurozone) ក៏បានព្រមព្រៀងគ្នាលើវិធានការ ដើម្បីជួយក្រិកឲ្យចៀសផុតពីការក្ស័យធន នៅខែមីនា និងទប់បំណុលក្រិកឲ្យនៅត្រឹម ១២០,៥% នៃផលិតផលក្នុងស្រុកសរុប នៅឆ្នាំ២០២០ (តាមការព្យាករ បំណុលក្រិកអាចកើនឡើងរហូតដល់ ១៦០% នៃផលិតផលក្នុងស្រុកសរុប នៅឆ្នាំ២០២០)។
ក្រៅពីកញ្ចប់ថវិកា ១៣០ពាន់លានអឺរ៉ូ (ប្រមាណ ១៧២ពាន់លានដុល្លារអាមេរិក) បានមកពីរដ្ឋជាសមាជិក Eurozone ស្ថាប័នហិរញ្ញវត្ថុឯកជន ដែលជាម្ចាស់បំណុលក្រិក ក៏បានព្រមព្រៀងផងដែរថា នឹងសុខចិត្តលុបចោលបំណុលក្រិកចំនួន ៥៣,៥% ពោលគឺ ៣,៥% ច្រើនជាងអ្វីដែលបានព្រមព្រៀងគ្នា កាលពីលើកមុន។
ជាថ្នូរមកវិញ ក្នុងរយៈពេល ២ខែទៀតយ៉ាងយូរ ក្រិកត្រូវអនុវត្តច្បាប់មួយ កំណត់ថា ការសងបំណុល គឺត្រូវជាមុខចំណាយអាទិភាព ក្នុងថវិកាជាតិ។
ម្យ៉ាងវិញទៀត ក្រិកត្រូវបង្កើនការកាត់បន្ថយមុខចំណាយសាធារណៈឲ្យបានកាន់តែច្រើនជាងមុនទៅទៀត ដើម្បីសម្រេចឲ្យបាននូវគោលដៅ បំណុល ១២០,៥% នៃផលិតផលក្នុងស្រុកសរុប នៅឆ្នាំ២០២០។ លើសពីនេះទៅទៀត ក្រិកត្រូវទទួលឲ្យតំណាងមកពីសហភាពអឺរ៉ុប ធនាគារកណ្តាលអឺរ៉ុប និងមូលនិធិរូបិយវត្ថុអន្តរជាតិ នៅប្រចាំការអមរដ្ឋាភិបាល ដើម្បីត្រួតពិនិត្យមើលការអនុវត្តផែនការកាត់បន្ថយមុខចំណាយ ដែលបានព្រមព្រៀងគ្នាព្រឹកមិញនេះ។
លុយអឺរ៉ូបានចាប់ឡើងថ្លៃវិញភ្លាម ក្រោយពីអឺរ៉ុបចេញសេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចព្រមព្រៀងជួយក្រិក នៅព្រឹកថ្ងៃអង្គារនេះ។ ក៏ប៉ុន្តែ អ្នកសេដ្ឋកិច្ចជាច្រើនយល់ថា បើទោះជាមានជំនួយ ១៣០ពាន់លានអឺរ៉ូ ហើយបំណុលខាងឯកជនត្រូវកាត់បន្ថយជាងពាក់កណ្តាលហើយក៏ដោយ ក៏គេនៅតែមិនទាន់ប្រាកដនៅឡើយដែរថា តើក្រិកពិតជាអាចមានលទ្ធភាពសងបំណុល ដែលនៅសេសសល់នេះដែរឬក៏យ៉ាងណា?
ដើម្បីអាចសងរំលស់បំណុលនេះបាន លុះត្រាតែសេដ្ឋកិច្ចក្រិកចាប់មានកំណើនឡើងវិញ។ ជាច្រើនឆ្នាំមកហើយ ដែលក្រិកមានអត្រាកំណើនសេដ្ឋកិច្ចអវិជ្ជមាន។ នៅឆ្នាំ២០១១កន្លងទៅនេះ ផលិតផលក្នុងស្រុកសរុបរបស់ក្រិកបានធ្លាក់ចុះ រហូតដល់ទៅជិត ៧% ហើយគេព្យាករថា នៅឆ្នាំ២០១២នេះ ផលិតផលក្នុងស្រុកនឹងបន្តធ្លាក់ចុះ ក្នុងអត្រាប្រហាក់ប្រហែលនឹងឆ្នាំ២០១១ដែរ។ វិធានការកាត់បន្ថយការចំណាយសាធារណៈដ៏ច្រើនសន្ធឹកសន្ធាប់ ដែលអឺរ៉ុប និងមូលនិធិរូបិយវត្ថុអន្តរជាតិ តម្រូវឲ្យក្រិកធ្វើ ដើម្បីជាថ្នូរនឹងជំនួយ អាចនឹងជាឧបសគ្គដ៏ធំមួយទៀត ដែលរារាំងកំណើនសេដ្ឋកិច្ចក្រិក។ បច្ចុប្បន្ន អត្រាអ្នកអត់ការងារធ្វើនៅក្រិក មានរហូតដល់ទៅ ២០,៩%។
ក្រិកទំនងជាត្រូវការពេលវេលារហូតដល់ទៅ ១០ឆ្នាំ ឬក៏ច្រើនជាងនេះ ទើបអាចស្តារសេដ្ឋកិច្ចឲ្យមានកំណើនឡើងវិញបាន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ