អានតួអត្ថបទ
វិបត្តិប្រាក់បំណុល

កិច្ចប្រជុំ​ពីរ​ថ្ងៃ​ដើម្បី​ស្រោចស្រង់ លុយអឺរ៉ូ?

លុយ​អឺរ៉ូដែល​ចាយ​ដោយ​ប្រទេស​ចំនួន ១៧ នៅក្នុង​​សហភាព​អឺរ៉ុប
លុយ​អឺរ៉ូដែល​ចាយ​ដោយ​ប្រទេស​ចំនួន ១៧ នៅក្នុង​​សហភាព​អឺរ៉ុប ©Reuters
ដោយ៖ ឈាង បុប្ផា
៣៩ នាទី

មេដឹកនាំ​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​នឹងជួប​ប្រជុំ​គ្នា នៅយប់​ថ្ងៃ​ព្រហស្បតិ៍​ទី៨ ធ្នូ​២០១១ ក្នុង​ទីក្រុង​ប៊្រុចសែល ប្រទេស​បែលហ្សិក។ កិច្ចប្រជុំ​ក្រុមប្រឹក្សា​អឺរ៉ុប​ត្រូវ​បាន​ធ្វើ​ឡើង ជា​បន្ទាន់ ដើម្បី​ឆ្លើយតប​នឹង​ស្ថានការណ៍​ដែល​អឺរ៉ុប​កំពុង​ជួប​វិបត្តិ​ប្រាក់បំណុល និង​ក្នុង​កាលៈទេសៈ​ដែល​ប្រទេស​ក្នុង​តំបន់​ចាយ​លុយអឺរ៉ូ កំពុង​ស្ថិតនៅ​ក្រោម​ការគំរាម​ដក​ចំណាត់​ថ្នាក់​AAA​ពី​ទីភា្នក់ងារ​ វាយតម្លៃ​ហានិភ័យ​បំណុល​Standard &Poor’s។ 

ផ្សាយពាណិជ្ជកម្ម

 

ការកែប្រែ​សន្ធិសញ្ញា​អឺរ៉ុប ឬ ការបង្កើត​សន្ធិសញ្ញា​អឺរ៉ុប​ថ្មីមួយ ដែល​ចេញពី​គំនិត​រួមគ្នា​របស់​ប្រមុខដឹកនាំ​បារាំង និង​អាល្លឺម៉ង់ គឺ​ជា​ប្រធានបទ​សំខាន់ នៅក្នុង​កិច្ចពិភាក្សា​របស់​ក្រុមប្រឹក្សាអឺរ៉ុប។ កាលពីថ្ងៃពុធ​ទី​៧ ធ្នូ ២០១១ ពោលគឺ​នៅមួយថ្ងៃ​មុនការបើកប្រជុំ​ក្រុមប្រឹក្សា​អឺរ៉ុប ប្រធានាធិបតី​បារាំង លោក​Sarkozy និង​នាយករដ្ឋមន្រ្តី​Merkel បាន​ផ្ញើ​សំបុត្រមួយ​ទៅ​ឲ្យ​ប្រធាន​សហភាព​អឺរ៉ុប លោក Van Romp uyដែល​នឹង​ត្រូវ​ធ្វើ​ជា​ប្រធាន​កិច្ចប្រជុំ។ នៅក្នុង​សំបុត្រនោះ ប្រមុខដឹកនាំ​ប្រទេស​ធំទាំងពីរ​របស់​តំបន់​លុយអឺរ៉ូ បាន​លើកឡើង​ពី​មូលហេតុ​ចាំបាច់​ដែល​គេ​ត្រូវ​ធ្វើ​ការផ្លាស់ប្តូរ​សន្ធិសញ្ញា​អឺរ៉ុប។ ដើម្បី​ធ្វើ​សន្ធិសញ្ញាថ្មី បារាំង និង​អាល្លឺម៉ង់​ បាន​បង្ហាញ​នូវ​គម្រោង​ប្រាំ​ដែល​មាន​គោលដៅ​ជួយ​ស្រោចស្រង់​អឺរ៉ុប​ចេញពី​វិបត្តិ​ប្រាក់បំណុល។

ទីមួយ បារាំង និង​អាល្លឺម៉ង់​(ដែល​យល់ស្របគ្នា​ជាធ្លុងមួយ ឲ្យ​មាន​ការត្រួតពិនិត្យ​ថវិកា របស់​រដ្ឋសមាជិក) ចង់​ឲ្យ​គេ​ដាក់​ទណ្ឌកម្ម ជាស្វ័យប្រវត្តិ​ដល់​ប្រទេស​ណា ដែល​ចាយលុយ​ខ្ជះខ្ជាយ និង​មាន​ឧុនភាព​ថវិកា​ច្រើន​ជាង ៣ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប។ គឺ​គណៈកម្មាការ​អឺរ៉ុប​ដែល​នឹង​មាន​សិទ្ធិអំណាច​ជាង​ពេល​បច្ចុប្បន្ន ក្នុងការ​សម្រេច​ដាក់​ទណ្ឌកម្ម​ទៅលើ​ប្រទេស​សមាជិកណាមួយ។ ធនាគារកណ្តាល​អឺរ៉ុប​វិញ​បាន​បង្ហាញ​នៅថ្ងៃ​ព្រហស្បតិ៍​ទី ៨​ធ្នូ​ថា ខ្លួន​នឹង​ផ្តល់ជំនួយ​បន្ថែម​ដល់​ប្រទេស​មាន​វិបត្តិប្រាក់បំណុល ក្នុង​លក្ខខណ្ឌ​ដែល​កិច្ចព្រមព្រៀងស្តីពី​ថវិកា (ឧុនភាព​សាធារណៈ​មាន​តិច​ជាង ៣ភាគរយ) ត្រូវ​សរសេរ​ចែង នៅក្នុង​សន្ធិសញ្ញា​អឺរ៉ុប

គួរ​បញ្ជាក់ថា រហូត​មកដល់​ពេលនេះ ដោយសារ​តែគ្មាន​ការដាក់​ពិន័យ គ្មាន​ប្រទេស​ណាមួយ​បាន​គោរពតាម​លក្ខខណ្ឌ​របស់​សន្ធិសញ្ញា​អឺរ៉ុប​ឡើយ។ សូម្បី​បារាំង​ខ្លួនឯង​ដែល​ជាអ្នកចង់​ឲ្យ​មាន​ការដាក់​ទណ្ឌកម្ម​លើកនេះ ក៏កំពុង​តែ​មាន​ឧុនភាព​ថវិកា​ដល់​ទៅ​ជាង ៧ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុកសរុប។ ឧុនភាព​ថវិកា​ខ្ពស់ ជាមូលហេតុមួយ​ដែល​ធ្វើ​ប្រទេស​មួយចំនួន​របស់​តំបន់​ចាយលុយអឺរ៉ូ​ធ្លាក់​ក្នុង​វិបត្តិប្រាក់បំណុល ដូចជា​ក្រិក អ៊ីតាលី និង​អេស្ប៉ាញ​ជាដើម។

ទីពីរ ​គឺ​វិធានមាស ដែល​រដ្ឋសមាជិក​ត្រូវ​តាក់តែង​បញ្ចូល​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​គេ​រៀងៗ​ខ្លួន។ ធ្វើ​ដូច្នេះ គឺ​ដើម្បី​ឲ្យ​ប្រទេស​នៅអឺរ៉ុប​រៀបចំ​ថវិកា​របស់ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ និង​ជៀសវាង​អស្ថិរភាព​ហិរញ្ញវត្ថុ ក្នុង​តំបន់​ចាយលុយអឺរ៉ូ។

ទីបី ក្នុង​សំណើ​របស់ខ្លួន ប្រមុខរដ្ឋបារាំង និង​អាល្លឺម៉ង់​ចង់​​បន្ថយ​ការចូលរួម​អន្តរាគមន៍​របស់​ធនាគារ​ឯកជន​ក្នុង​បញ្ហា​វិបត្តិប្រាក់បំណុល។ គឺ​គេ​នឹង​មិន​ធ្វើ​ដូច​ករណី​ប្រទេស​ក្រិក ដែល​ក្នុង​នោះ ធនាគារ​ឯកជន​ត្រូវ​បាន​លើកទឹកចិត្ត​ឲ្យ​ចូលរួម​ច្រើន ដើម្បី​លុបចោល​ពាក់កណ្តាល​ប្រាក់បំណុលដែល​ខ្លួន​មាន​ជាមួយ​ប្រទេស​ក្រិក។ បទពិសោធន៍បាន​បង្ហាញ​ហើយថា ចាប់តាំង​ពី​ធនាគារ​ត្រូវ​ជម្រុញ​ឲ្យ​អន្តរាគមន៍​ក្នុង​វិបត្តិប្រាក់បំណុល​ក្រិក ក្រុមអ្នកវិនិយោគទុន​បាន​បាក់ទឹកចិត្ត និង​លែង​សូវ​មាន​ជំនឿចិត្ត​លើ​របៀបដឹកនាំ​របស់ប្រទេស​នៅអឺរ៉ុប​ទៀត។

ទីបួន ក្រៅតែ​ពី​រៀបចំ​សម្រួល​ខ្ទង់​ថវិកា​ឲ្យ​មាន​របៀបឡើងវិញ បារំាង​និង​អាល្លឺម៉ង់​ចង់​ឲ្យ​ប្រទេស​សមាជិក​អឺរ៉ុប​ផ្សេង​ទៀត​ចាប់ផ្តើម​សហការគ្នា​លើ​នយោបាយ​សេដ្ឋកិច្ច​ដើម្បី​ពង្រឹង​ការប្រកួតប្រជែង និង​កំណើនសេដ្ឋកិច្ច​នៅអឺរ៉ុប​ទាំងមូល។ បារាំង និង​អាល្លឺម៉ង់​ទើប​ចង់​ឲ្យ​មាន​ការយក​ពន្ធ​លើ​ការទិញដូរ​ក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ។

ទីប្រាំ គឺ​ការដាក់​ឲ្យ​ដំណើរការ​យន្តការ​អឺរ៉ុប​ដើម្បី​រក្សា​ស្ថិរភាព។ យន្តការនេះ នឹង​ចូល​មក​ជំនួស ចាប់ពី​ពាក់កណ្តាល​ឆ្នាំ​២០១២ មូលនិធិ​អឺរ៉ុប​ដើម្បី​រក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ (Fonds européen de stabilité financière បង្កើតឡើង ជាពិសេស​ដើម្បី​ជួយ​ដោះស្រាយ​បំណុលក្រិក)។ យន្តការថ្មី​នេះ​នឹង​ត្រូវ​គេ​ប្រើ​ជា​ដំណោះស្រាយ​ចុងក្រោយ​ដើម្បី​ជួយផ្តល់​ជា​ហិរញ្ញវត្ថុ​ប្រទេស​ណា​ដែល​មាន​បញ្ហា​ប្រាក់បំណុល។
 

នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ នាយករដ្ឋមន្រ្តី​ក្រិក ប្រធានាធិបតី​បារាំង និង​ប្រធាន​សហភាព​អឺរ៉ុប (ពីឆ្វេង មកស្តាំ)
នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ នាយករដ្ឋមន្រ្តី​ក្រិក ប្រធានាធិបតី​បារាំង និង​ប្រធាន​សហភាព​អឺរ៉ុប (ពីឆ្វេង មកស្តាំ) ©Reuters

ការខ្វែងគំនិតគ្នា
អាល្លឺម៉ង់មិន​សូវ​មាន​សុទិដ្ឋិនិយម បន្ទាប់​ពីបាន​មើលឃើញ​នូវ​គំនិត​ប្រឆាំង មិន​យល់ស្រប​គ្នា​កាន់តែច្រើន​ក្នុង​ចំណោម​ប្រទេស នៅក្នុង​តំបន់​ចាយប្រាក់​អឺរូ​ផង និង​ក្នុង​សហភាព​អឺរ៉ុប​ទាំងមូល។ ប្រធាន​អឺរ៉ុប​លោក​V      an Rompuy មុន​គេ។ តាមយោបល់​លោក គេ​មិន​ចាំបាច់​ធ្វើ​សន្ធិសញ្ញាអឺរ៉ុប​ថ្មីនោះទេ។ គេ​គ្រាន់​តែ​ធ្វើ​វិសោធនកម្ម​លើ​សន្ធិសញ្ញា​ចាស់ ហើយ​ប្រទេស​នីមួយៗ​រៀបចំ​កែតម្រូវ​នយោបាយ​សេដ្ឋកិច្ច ក្នុង​ស្រុក ជារឿង​ស្រេចបាច់​ទៅហើយ។ ធ្វើ​នេះ គឺ​ដើម្បី​ជៀសវាង​ការបោះឆ្នោត​ប្រជាមតិ​ជាថ្មី​របស់ប្រទេស​សមាជិក ព្រោះថា ការបោះឆ្នោត​ប្រជាមតិ​ទៅ​លើ​សន្ធិសញ្ញា​អឺរ៉ុប​ត្រូវការ​ពេលវេលា​វែង ហើយ​មិនប្រាកដ​ថា ប្រទេស​សមាជិក​អឺរ៉ុប​យល់ព្រម​បោះឆ្នោត​ទទួល​យក​សន្ធិសញ្ញាថ្មី​ទេ។

អង់គ្លេស​វិញ តាម​រយៈ​នាយករដ្ឋមន្រ្តី​David Cameron បាន​បញ្ជាក់​រួចហើយ​ថា អង់គ្លេស​នឹង​ព្រម​ទទួល​ឲ្យ​មាន​ការកែប្រែ​សន្ធិសញ្ញា ណា ដែល​មិន​ធ្វើ​ឲ្យ​អង់គ្លេស​បាត់បង់​ប្រយោជន៍។ ជាមួយគ្នានេះ អង់គ្លេស​បាន​និយាយ​ទុកមុន​ហើយ​ថា ខ្លួន​អាច​ទទួល​យក​ឲ្យ​មាន​ការយកពន្ធ​លើ​ការទិញដូរ​ក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ តែ​ក្នុង​ករណី​ណា​ដែល​មាន​ការអនុវត្តទូទៅ នៅ​គ្រប់​ប្រទេស​នៅអឺរ៉ុប។ អង់គ្លេស​​នៅក្រៅ​តំបន់​ចាយលុយ​អឺរ៉ូគិតថា ការយកពន្ធ​លើ​ការទិញដូរ​ក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ នឹង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់ខ្លួន។

គំនិត​មិន​យល់ស្រប​គ្នា​ច្រើន​តាំងពីដើមទី បាន​ធ្វើ​ឲ្យ​គេ​គិតថា កិច្ចពិភាក្សា​នៅយប់​ថ្ងៃព្រហស្បតិ៍នេះ នឹង​ធ្វើ​ឡើង​ដោយ​តឹងតែង​បំផុត។ សមាជិក​អឺរ៉ុប​ភាគច្រើន​រិះគន់​ថា សន្ធិសញ្ញា​ថ្មី​ដែល​ស្នើឡើង គឺជា​សន្ធិសញ្ញា​បារាំង​អាល្លឺម៉ង់ គឺ​មិន​បាន​សួរ​យោបល់​ដល់​ប្រទេស​សមាជិក​ដទៃ​ទៀត ដែល​មាន​ដល់​ទៅ​ជាង ២០​ប្រទេស។ ប្រទេស​តូចៗ នៅសហភាព​អឺរ៉ុប​ផ្សេងទៀត​ដែល​តូចចិត្ត​ព្រោះត្រូវ​ប្រទេស​សេដ្ឋកិច្ច​ធំៗ​បំភ្លេចចោល មិន​ខ្ចី​សួរយោបល់ បាន​និយាយ​រួចហើយ​ពួកគេ​មិន​សូវ​ជាគាំទ្រ​គំនិត​ឲ្យ​មាន​សន្ធិសញ្ញា​អឺរ៉ុប​ថ្មី​អ្វីទេ។
 

លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​បាន​និយាយ​ទុកមុន​ហើយ​ថា បើ​មាន​គំនិត​ប្រឆាំង​ច្រើនពេក នៅក្នុង​សហភាព​អឺរ៉ុប នោះ បារាំង​និង​អាល្លឺម៉ង់​ចង់​បាន​ត្រឹម​តែ​សន្ធិសញ្ញា​សម្រាប់​តំបន់​ចាយលុយ​អឺរ៉ូ គឺ ១៧ប្រទេស។ ធ្វើយ៉ាងនេះ គឺ​ដើម្បី​ទាញទំនុកចិត្ត​ពីអ្នកវិនិយោគទុន​ឡើង​វិញ និង​ដើម្បី​សង្រ្គោះ​ជា​បន្ទាន់​លុយ​អឺរ៉ូ ដែល​ជា​បេះដូង និង​កត្តា​កំណត់​វាសនា​អនាគត​ប្រទេស​សមាជិក​តំបន់​អឺរ៉ូ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ