អៀរ៉ង់

អ្នក​ការទូត​​អៀរ៉ង់​ដែល​អង់គ្លេស​​បណ្តេញ​ចេញពីប្រទេស​​បាន​​មក​ដល់​ទីក្រុង​​តេហេរ៉ង់​

សកម្មជន​​នៃ​គណបក្ស​ Basij​ អៀរ៉ង់​​លើក​បដា​​​​​​​រង់ចាំ​​ទទួល​​ស្វាគម​​អ្នក​​ការ​ទូត​​អៀរ៉ង់​​​ដែល​គេ​បណ្តេញ​​ពី​ប្រទេស​អង់គ្លេស​​​នៅ​​​ព្រលាន​​​​​យន្តហោះ​​​​​អន្តរជាតិ​​​​​​នៃ​​​​ទីក្រុង​​​តេហេរ៉ង់​​
សកម្មជន​​នៃ​គណបក្ស​ Basij​ អៀរ៉ង់​​លើក​បដា​​​​​​​រង់ចាំ​​ទទួល​​ស្វាគម​​អ្នក​​ការ​ទូត​​អៀរ៉ង់​​​ដែល​គេ​បណ្តេញ​​ពី​ប្រទេស​អង់គ្លេស​​​នៅ​​​ព្រលាន​​​​​យន្តហោះ​​​​​អន្តរជាតិ​​​​​​នៃ​​​​ទីក្រុង​​​តេហេរ៉ង់​​ REUTERS/Raheb Homavandi

អង់គ្លេស​បាន​បណ្តេញ​ក្រុម​អ្នក​ការទូត​អៀរ៉ង់​ចេញ​ពី​ប្រទេស​ខ្លួន​ បន្ទាប់ពី​ពួក​បាតុករ​អៀរ៉ង់​ បាន​ចូល​​លុកលុយ​​​​វាយ​ប្រហារ​និង​បំផ្លិច​បំផ្លាញ​នៅ​ក្នុង​សា្ថនទូត​អង់គ្លេស​ប្រចាំ​ទីក្រុង​តេហេរ៉ង់។​ ក្រុម​អ្នកការទូត​អៀរ៉ង់​ បាន​ធ្វើ​ដំណើរ​មក​ដល់​ទីក្រុង​តេហេរ៉ង់​តាំងពី​ព្រឹក​ព្រលឹម​ថ្ងៃ​សៅរ៍​៣​ធ្នូ​នេះ​ហើយ។ ​នេះ​ជា​ការ​ជូន​ដំណឹង​របស់​ទីភ្នាក់ងារ​ព័ត៌មាន​អៀរ៉ង់​ឈ្មោះ Fars។ បន្ទាប់​មក​ពួក​គេ ​បាន​ចាក​ចេញ​ពី​ព្រលាន​យន្តហោះ​អន្តរជាតិ​នៅ​តេហេរ៉ង់​ តាម​ទ្វារ​សម្ងាត់​មួយ​ដើម្បី​គេច​ផុត​ពី​ពួក​អ្នកកាសែតដែលកំពុងរង់ចាំនៅ​ព្រលាន​យន្តហោះ។

ផ្សាយពាណិជ្ជកម្ម

នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​នៅ​តេហេរ៉ង់ ​ក៏មាន​វត្តមាន​របស់​ពួក​និស្សិត​អ៊ីរ៉ង់​ចំនួន​១៥០​នាក់​ដែរ ដែល​កាន់​កម្រង​ផ្កា​ដើម្បី​រង់​ចាំ​ទទួល​ស្វាគម​ក្រុម​អ្នក​ការទូត​និង​បាន​ស្រែក​ជា​ពាក្យ​ពេចន៍​ថា”ស្លាប់​ទៅ​ប្រទេស​អង់គ្លេស”។ ក៏ប៉ុន្តែ​ពួក​និស្សិត​អៀរ៉ង់​នេះ ពុំ​បាន​ឃើញ​ស្រមោល​នៃ​​ក្រុម​អ្នកការទូត​អៀរ៉ង់​នោះ​ឡើយ។ នេះ​បើយោង​តាម​អ្នក​កាសែត​ថតរូប​ម្នាក់​របស់​​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​AFP ។

គួររំលឹកថា ក្រុម​អ្នកការទូត​អៀរ៉ង់ ត្រូវ​បាន​រដ្ឋាភិបាល​អង់គ្លេស​បណ្តេញ​ចេញ​ពី​ប្រទេស ដើម្បី​ជា​ការ​ឆ្លើយ​តប​ចំពោះ​ការ​ចូល​លុកលុយ​វាយ​បំផ្លិចបំផ្លាញ​ស្ថានទូត​របស់​ខ្លួន​នៅ តេហេរ៉ង់ ​កាលពី​ថ្ងៃ​អង្គារ​ទី​២៩​វិច្ឆិកា​២០១១​ បង្ក​ឡើង​ដោយ​ពួក​បាតុករ​អៀរ៉ង់​ជា​ច្រើន​ពាន់​នាក់។
នៅ​ថ្ងៃ​ពុធ​ទី​៣០​វិច្ឆិកា ប្រមុខ​ការទូត​អង់គ្លេស បាន​កំណត់​រយៈពេល ​៤៨​ម៉ោង ដើម្បី​ឲ្យ​ក្រុម​អ្នកការទូត​អៀរ៉ង់ ចាក​ចេញ​ពី​ប្រទេស​អង់គ្លេស។
ដំណាលគ្នា​នេះ ទីក្រុង Londres ក៏​បាន​បិទ​ទ្វារ​ស្ថានទូត​របស់​ខ្លួន​នៅ​ប្រទេស​អៀរ៉ង់​និង​បាន​ធ្វើ​មាតុភូមិ ​និវត្តន៍​ក្រុម​បុគ្គលិក​ស្ថានទូត​របស់​ខ្លួន​ជា​បន្ទាន់​ភ្លាម​ដែរ បន្ទាប់ពី​ការ​វាយ​ប្រហារ​នេះ-ការវាយប្រហារ​ដែល​​ពុំអាច​កើត​មាន​បាន​ឡើយ បើ​ពុំ​មាន​ការ​យល់​ព្រម​ពី​សំណាក់​របប​អៀរ៉ង់​នោះ​ទេ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​រដ្ឋមន្រ្តី​​ក្រសួង​ការបរទេស​អង់គ្លេស William Hague។

យ៉ាងណាមិញ ការ​វាយ​បំផ្លិច​បំផ្លាញ​ក្នុង​ស្ថានទូត​អង់គ្លេស​នៅ​តេហេរ៉ង់ បានកើតឡើង ៨​ថ្ងៃ​បន្ទាប់ពី​ការ​ជូន​ដំណឹង​អំពី​ទណ្ឌកម្ម​ថ្មី​របស់​ទីក្រុង​ Londres ដាក់​ទៅ​លើ​របប​អៀរ៉ង់។​ ចំណែក​អ្នកនាំពាក្យ​នៃ​ក្រសួង​ការបរទេស​អៀរ៉ង់​ លោក Ramin Mehmanparast ដែល​មាន​មុខ​នៅ​ព្រលាន​យន្តហោះ​នៅ​តេហេរ៉ង់​នៅ​ព្រឹកមិញ​នេះ បាន​ថ្លែង​ថា” រដ្ឋាភិបាល​អង់គ្លេស នៅ​ពេល​នេះ មាន​ចេតនា ចង់​អូស​ទាញ​បណ្តា​ប្រទេស​អឺរ៉ុប​ដទៃ​ទៀត ឲ្យ​ចូល​ឡូកឡំ​ក្នុង​បញ្ហា​មួយ​ដែល​ជាប់​ពាក់​ព័ន្ធ​តែ​រវាង​អៀរ៉ង់​និង​អង់គ្លេស​ប៉ុណ្ណោះ។

ដើម្បីសំដែង​សាមគ្គីធម៌​ជាមួយ​ទីក្រុង Londres ទីក្រុង Paris, Berlin , La Haye និង Rome បាន​កោះ​ហៅ​ ឯកអគ្គរដ្ឋទូត​របស់​គេ​រៀងៗ​ខ្លួន​ឲ្យ​វិល​ត្រឡប់​ចូល​មក​ក្នុង​ប្រទេស​ជាតិ​វិញ​ដើម្បី​​ពិគ្រោះ​យោបល់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI