កម្ពុជា

ធនាគារ​ពិភពលោក៖ ការធ្វើ​ពាណិជ្ជកម្ម​ឆ្លងដែន​នៅ​កម្ពុជា​មាន​ភាពងាយស្រួល​ជាង​មុន

កំពង់ផែ​ក្រុង​ភ្នំពេញ
កំពង់ផែ​ក្រុង​ភ្នំពេញ © លី ម៉េងហួរ

សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ និង​ធនាគារ​ពិភពលោក បាន​ប្រកាស​រួម​គ្នា​ថា ប្រទេស​កម្ពុជា បាន​ចូលរួម​ជាមួយ​ប្រទេស​ផ្សេងៗ​ទៀត នៅ​តំបន់​អាស៊ី​ខាងកើត និង​ប៉ាស៊ីហ្វិក ក្នុង​ការកែលំអ​បទបញ្ញត្តិ​នានា ដើម្បី​ជួយ​បង្កើន​ឱកាស​សំរាប់​អាជីវកម្ម​ក្នុងស្រុក បាន​ល្អប្រសើរ។ ក្នុងនោះ បរិយាកាស​ងាយស្រួល​ក្នុងការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា សម្រាប់​ឆ្នាំ​២០១១ ឈរ​នៅ​លំដាប់ លេខ​រៀង​ទី ១៤៧ ក្នុងចំណោម ១៨៣ ប្រទេស ដែល​ត្រូវបាន​គេ​វាយតម្លៃ។

ផ្សាយពាណិជ្ជកម្ម

សេចក្តី​រាយការណ៍​របស់​លី ម៉េងហួរ​ពី​ទីក្រុង​ភ្នំពេញ

កម្ពុជា បាន​កែលំអ​ដំណើរការ នៃ​ការនាំចេញ-នាំចូល នៅ​ឆ្នាំ​២០០៩ និង​ឆ្នាំ​២០១០។ ចំណែក​នៅ​ឆ្នាំ​២០១១ ខាងមុខ ការធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា ក៏​កាន់តែ​មាន​ភាពងាយស្រួល​ជាង​មុន​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​រួម របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ និង​ធនាគារ​ពិភពលោក។

សេចក្តីប្រកាស​រួម ចេញផ្សាយ នៅ​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១០ បាន​លើកឡើង​ថា កម្ពុជា​បាន​ធ្វើ​ការកែ​ទម្រង់​មួយ ដោយ​លុបបំបាត់​អធិការកិច្ច មុន​ពេល​បញ្ជូន​ទំនិញ ដែល​នេះ​ជួយ​កាត់បន្ថយ​ពេលវេលា និង​ចំនួន​ឯកសារ ដែល​ចាំបាច់​សំរាប់​ការនាំចេញ-នាំចូល​ទំនិញ​ឆ្លងដែន​របស់​កម្ពុជា។

លោកស្រី Julia Brickell តំណាង​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ នៅ​កម្ពុជា មាន​ប្រសាសន៍​ថា “យើង​ទទួលបាន​ការលើកទឹកចិត្ត ដោយ​បាន​ឃើញ​នូវ​ការកែលំអ ដែល​ធ្វើឲ្យ​ការនាំចេញ និង​នាំ​ចូល​របស់​កម្ពុជា មាន​ភាពងាយស្រួល​ជាង​មុន”។

លោកស្រី បាន​បន្ថែម “ការកែលំអ​នីតិវិធី​នាំចេញ មាន​សារៈសំខាន់​ណាស់ សំរាប់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា សំរេចបាន​នូវ​គោលដៅ​របស់​ខ្លួន ក្នុង​ការនាំចេញ​ផលិតផល​កសិកម្ម ឲ្យបាន​ច្រើន​ជាង​មុន ជាពិសេស​អង្ករ ដែល​រដ្ឋាភិបាល មាន​បំណង​នាំ​ចេញ​ឲ្យបាន​ដល់​មួយ​លាន​តោន នៅ​ឆ្នាំ​២០១៥។

ចំណែក​លោក Stephane Guimbert សេដ្ឋវិទូ​ជាន់ខ្ពស់ របស់​ធនាគារ​ពិភពលោក ប្រចាំ ប្រទេស​កម្ពុជា មានប្រសាសន៍ថា “​របាយការណ៍ ស្តីពី ការធ្វើ​អាជីវកម្ម​នេះ បង្ហាញ​ឲ្យ​ឃើញ​ថា បរិយាកាស​អាជីវកម្ម មាន​ការរីកចំរើន​ច្រើន ក្នុង​ប្រទេស​មួយចំនួន ក្នុង​តំបន់​អាស៊ី ដែល​ជា​ប្រទេស​ជិតខាង​របស់​កម្ពុជា។ នេះ​ជា​ប្រផ្នូល​ល្អ​មួយ​សំរាប់​រក្សា​ការងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច”។

លោក​សេដ្ឋវិទូ បាន​បន្តថា “នៅ​ក្នុង​បរិយាកាស​ប្រកួត​ប្រជែង​ខ្លាំង​បែបនេះ វា​មាន​សារៈសំខាន់​ខ្លាំងណាស់ សំរាប់​កម្ពុជា ក្នុង​ការបន្ត​កែលំអ ដើម្បី​រក្សាបាន​នូវ​ភាពទាក់ទាញ និង​ភាព​ប្រកួត​ប្រជែង។ កំណែ​ទម្រង់​មួយ​ចំនួន ដែល​បាន​បញ្ចូល​ទៅក្នុង​ឯកសារ​គោល​នយោបាយ​ស្តីពី ការជំរុញ​ផលិតកម្ម​ស្រូវ និង​ការនាំចេញ​អង្ករ របស់​រដ្ឋាភិបាល​នឹង​នាំឲ្យ​មាន​ការកាត់​បន្ថយ​ចំណាយ និង​ហានិភ័យ​ក្នុង​ការធ្វើ​អាជីវកម្ម”។

របាយការណ៍​ស្តីពី​ការធ្វើ​អាជីវកម្ម ២០១១ ក្រោម​ចំណងជើង​ថា ធ្វើឲ្យ​កាន់តែ​ប្រសើរឡើង សំរាប់​សហគ្រិន ជា​របាយការណ៍​ទី​៨ នៃ​​របាយការណ៍​ប្រចាំឆ្នាំ បោះពុម្ព​ដោយ​ក្រុម​ធនាគារ​ពិភពលោក។ របាយការណ៍​បង្ហាញ​ថា ប្រទេស​សិង្ហបុរី ហុងកុង និង​នូវែលហ្សេឡង់ បាន​នាំមុខ​គេ​នៅក្នុង​ពិភពលោក លើ​ភាពងាយស្រួល សំរាប់​ប្រតិបត្តិការ​របស់​អាជីវកម្ម​ក្នុងស្រុក។

របាយការណ៍ ក៏​បាន​បង្ហាញ​ថា ភាពងាយស្រួល​ក្នុង​ការធ្វើ​អាជីវកម្ម របស់​ប្រទេស​កម្ពុជា នៅ​ឆ្នាំ​២០១០ ឈរ​នៅ​លំដាប់​ទី ១៤៥ ក្នុងចំណោម ១៨៣ ប្រទេស។ ចំណែក​នៅ​ឆ្នាំ​២០១១ កម្ពុជា ឈរ​នៅ​លំដាប់​ទី​១៤៧ លើ​ប្រទេស​ឡាវ ដែល​មាន​ចំណាត់ថ្នាក់​ទី​១៧១​។ ក៏​ប៉ុន្តែ​ប្រទេស​ថៃ ស្ថិតនៅ​លំដាប់​ទី​១៩ និង​ប្រទេស​វៀតណាម ឈរ​នៅ​លំដាប់​ទី​៧៨៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI