ប៉ាគិស្ថាន

ប៉ាគីស្ថាន៖ អំណាច​តុលាការ និង​អំណាច​នីតិប្រតិបត្តិ​បន្ត​ប្រឈមមុខ​ដាក់​គ្នា

លោក​នាយក​រដ្ឋមន្រ្តី​ប៉ាគីស្ថាន Yusuf Reza Gilani
លោក​នាយក​រដ្ឋមន្រ្តី​ប៉ាគីស្ថាន Yusuf Reza Gilani REUTERS/Faisal Mahmood/Files

មួយ​ថ្ងៃ បន្ទាប់​ពី​តុលាការកំពូល​សម្រេច​ទម្លាក់​លោក​នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន Yusuf Reza Gilani មក លោក​ប្រធានាធិបតី​​ប៉ាគីស្ថាន​ Asif Ali Zardari បាន​សម្រេច​ជ្រើសរើស​លោក Makhdoom Shahabuddin ឲ្យ​ជំនួស​កន្លែង​លោក Yusuf Reza Gilani។ លោក Gilani ដែល​បាន​ជាប់​ចោទ​ពី​បទ​បាន​រំលោភ​បំពាន​លើ​សេចក្តីសម្រេចចិត្ត​របស់​តុលាការ។ ការ​ដែល​លោក Zardari យល់ព្រម​ជ្រើសរើស​បេក្ខជន​នាយករដ្ឋមន្រ្តី​ថ្មី​ពេល​នេះ គឺ​ដើម្បី​ចៀសវាង​ការ​ប្រឈម​មុខ​ជាមួយ​តុលាការកំពូល។ យ៉ាង​ណា​ក៏​ដោយ សង្រ្គាមប៉ាកកា​កំពុង​បន្ត​មាន​រវាង​អំណាច​តុលាការ និង​អំណាច​នីតិប្រតិបត្តិ។

ផ្សាយពាណិជ្ជកម្ម

តាម​ពិត​ទៅ ព្រឹត្តិការណ៍​នេះ​មិន​មែន​ជាប់​ជំពាក់​វាក់វិន​តែ​រវាង​២ តួអង្គ គឺ​លោក Gilani និង​តុលាការកំពូល​ប៉ុណ្ណោះ​ទេ តែ​ក៏​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រូប​លោក​ប្រធានាធិបតី Asif Ali Zardari ផង​ដែរ។ លោក Zardari ដែល​បាន​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​ប៉ាគីស្ថាន​តំាង​ពី​ឆ្នំា ២០០៨ ពោល​គឺ​នៅ​ក្រោយ​ការ​បិទបញ្ចប់​របប​យោធា​ផ្តាច់ការ​ដែល​ដឹក​នំា​ដោយ​លោក​ប្រធានាធិបតី ឧត្តមសេនីយ៍ Pervez Musharraf។ ប៉ុន្តែ​ក្នុង​ឆ្នំា ២០០៩ តុលាការកំពូល​បាន​បញ្ជា​រដ្ឋាភិបាល​របស់​លោក Gilani ឲ្យ​បើក​ការ​ស៊ើបអង្កេត​រឿង​ពុករលួយ​មួយ​ពាក់ព័ន្ធ​នឹង​រូប​លោក​ប្រមុខរដ្ឋ Zardari។ ជា​រឿង​ពុករលួយ​នៅ​ពេល​ដែល​លោក Zardari មាន​តំណែង​ជា​រដ្ឋមន្រ្តី ក្រោម​​រដ្ឋាភិបាល​របស់​ភរិយា​លោក គឺ​លោកស្រី Benazir Bhutto ចន្លោះ​​ឆ្នំា ១៩៨៨-១៩៩០ និង ១៩៩៣-១៩៩៦។ លោកស្រី Benazir Bhutto ដែល​បាន​បាត់បង់​ជីវិត​ក្នុង​អំពើ​ភេរវកម្ម​កាល​ពី​ឆ្នំា ២០០៧។

អំពើ​ពុក​រលួយ​កាល​ណោះ គឺ​ការ​លួច​បង្វែរ​លុយ​រដ្ឋ​ប្រមាណ​ជា ១២លាន​ដុល្លារ​ទៅ​តម្កល់​ទុក​នៅ​ក្នុង​ធនាគារ​ស្វីស។ ប៉ុន្តែ លោក​នាយករដ្ឋមន្រ្តី Gilani បាន​បដិសេធ​មិន​យល់​ព្រម​ឲ្យ​មាន​ការ​ស៊ើបអង្កេត​រឿង​នោះ​ទេ ដោយ​យក​លេស​​ថា គោរព​អភ័យឯកសិទ្ធិ​ប្រធានាធិបតី​របស់​លោក Zardari។ ហេតុផល​របៀប​នេះ​ក៏​ត្រូវ​បាន​ធនាគារ​ស្វីស​លើក​យក​មក​សំអាង​ដែរ និង​បាន​សម្រេច​បិទ​សំណុំរឿង​នេះ​កាល​ពី​ឆ្នំា ២០១០។ ក៏​ប៉ុន្តែ តុលាការកំពូល​នៅ​ប៉ាគីស្ថាន​មិន​បាន​បញ្ឈប់​រឿង​នេះ​ទេ ដោយ​បាន​កាត់​ទោស​លោក Gilani ពី​បទ​រំលោភ​បំពាន​លើ​សេចក្តីសម្រេច​របស់​តុលាការ​កាល​ពី​ខែ​មេសា ឆ្នំា ២០១២។ បន្ទាប់​មក​នៅ​ថ្ងៃ​អង្គារ ទី១៩ មិថុនា ឆ្នំា ២០១២ តុលាការ​កំពូល​ក៏​បាន​សម្រេចចិត្ត​ដក​តំណែង​លោក Gilani។

លោក Asif Ali Zardari គ្មាន​ជម្រើស​អ្វី ក្រៅ​ពី​គោរព​តាម​តុលាការកំពូល

តាម​ពិត​ទៅ លោក​ប្រមុខរដ្ឋ Zardari អាច​មិន​គោរព​តាម​សេចក្តី​សម្រេច​របស់​តុលាការកំពូល និង​បន្ត​រក្សាទុក​លោក Gilani ជា​នាយករដ្ឋមន្រ្តី​ដដែល។ តែ​ទីបំផុត លោក Zardari យល់ព្រម​គោរព​តាម​តុលាការកំពូល ដោយ​បាន​សម្រេច​ជ្រើសរើស​លោក Makhdoom Shahabuddin បច្ចុប្បន្ន ជា​រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម​វាយនភ័ណ្ឌ​ឲ្យ​ជំនួស​កន្លែង​លោក Yusuf Reza Gilani។ ការ​សម្រេច​បែប​នេះ មក​ពី​លោក Zardari មិន​ចង់​ទទួល​មេរៀន​ពី​អតីតកាល​ដូច​ជំនាន់​របប​យោធា​ផ្តាច់ការ​របស់​លោក​ប្រធានាធិបតី ឧត្តមសេនីយ៍ Pervez Musharraf។

គេ​ពិត​ជា​នៅ​ចំា​បាន​មិន​ភ្លេច​ថា ក្នុង​ឆ្នំា ២០០៧ ពោល​គឺ​ក្រោយ​ការ​ជាប់​ឆ្នោត​ប្រធានាធិបតី​ជា​លើក​ទី​២​របស់​លោក Musharraf លោក Musharraf បាន​ប្រឈម​មុខ​នឹង​តុលាការ​កំពូល​ដែល​ត្រូវ​ពិនិត្យ​មើល​ពី​ភាព​ត្រឹមត្រូវ​ស្រប​តាម​រដ្ឋធម្មនុញ្ញ​នៃ​បេក្ខភាព​ជា​ប្រធានាធិបតី​របស់​លោក។ ប្រតិកម្ម​ភ្លាមៗ​នៅ​ពេល​នោះ លោក Musharraf បាន​សម្រេច​ដក​លោក​ចៅក្រម Chaudry ចេញ​ពី​តំណែង​ប្រធាន​តុលាការកំពូល។ ក៏​ប៉ុន្តែ ការ​ដក​តំណែង​លោក Chaudry កាល​ណោះ​បាន​បង្ក​ឲ្យ​មាន​បាតុកម្ម​ហិង្សា រហូត​ដល់​បង្ខំ​លោក Musharraf ឲ្យ​សុខចិត្ត​ប្រគល់​តំណែង​ជា​ប្រធាន​តុលាការកំពូល​ឲ្យ​លោក​ចៅក្រម Chaudry វិញ។ គឺ​នៅ​ពេល​នោះ​ឯង ដែល​តំណែង​ប្រធានាធិបតី​របស់​លោក Musharraf ផ្តើម​រង្គោះរង្គើ រហូត​ដល់​ធ្លាក់​ពី​តំណែង​ក្នុង​ឆ្នំា ២០០៨។ ឃើញ​ថា នេះ​ជា​មេរៀន​ដ៏​ល្វីងជូរចត់​មួយ​ដែល​លោក​ប្រធានាធិបតី​បច្ចុប្បន្ន Asif Ali Zardari មិន​ចង់​ឃើញ​ឆ្លង​ដល់​រូបគាត់​ទេ។ ដូច្នេះ លោក​គ្មាន​ជម្រើស​អ្វី​ផ្សេង ក្រៅ​ពី​គោរព​តាម​សេចក្តីសម្រេច​របស់​តុលាការ ដោយ​យល់ព្រម​ជ្រើសរើស​បេក្ខជន​នាយករដ្ឋមន្រ្តី​ថ្មី។

វិបត្តិ​នយោបាយ​ផ្ទៃក្នុង​អាច​នឹង​ផ្ទុះ​ឡើង​ជា​ថ្មី

ទោះ​បី​ជា​លោក Zardari យល់ព្រម​លុត​ជង្គង់​នៅ​ចំពោះ​មុខ​តុលាការកំពូល​ក៏​ដោយ ក៏​រឿង​ពុករលួយ​របស់​លោក Zardari មិន​អាច​នឹង​ចប់​បាន​ទេ ព្រោះ​ថា បេក្ខជន​នាយករដ្ឋមន្រ្តី​ថ្មី​ដែល​លោក Zardari បាន​ជ្រើស​យក​ពេល​នេះ គឺ​ជា​មនុស្ស​ជំនិត​ម្នាក់​របស់​លោក និង​ចេញ​ពី​គណបក្ស​ប្រជាជន​ប៉ាគីស្ថាន​ដែល​កំពុង​កាន់​អំណាច​សព្វថ្ងៃ។ ដូច្នេះ​ឃើញ​ថា ចង់ ឬ​មិន​ចង់ នាយក​រដ្ឋមន្រ្តី​ថ្មី​ក៏​នឹង​ត្រូវ​ទទួល​គំនាប​ពី​តុលាការកំពូល​ដូច​លោក Gilani មាន​ន័យ​ថា សុំ​ឲ្យ​នាយករដ្ឋមន្រ្តី​ថ្មី​បើក​ការ​ស៊ើបអង្កេត​រឿង​អំពើ​ពុករលួយ​របស់​លោក Zardari។ បើ​គេ​ពិនិត្យ​ជា​រួម​ទៅ សង្រ្គាម​ប៉ាកកា​រវាង​អំណាច​តុលាការ និង​អំណាច​នីតិប្រតិបត្តិ​នៅ​ប៉ាគីស្ថាន​ពេល​នេះ គឺ​បាន​សំដៅ​ចំ​រូប​លោក​ប្រធានាធិបតី Zardari តែ​ម្តង។ លោក Zardari ដែល​ប្រជាប្រិយភាព​កាន់​តែ​ធ្លាក់​ចុះ ដោយ​ត្រូវ​បាន​គេ​ហៅ​ឈ្មោះ​ក្រៅ​ថា លោក ១០% និង​ដែល​កំពុង​វ័ណ្ឌ ក​នៅ​ក្នុង​រឿង​អំពើ​ពុក​រលួយ​ជា​ច្រើន ព្រម​ទំាង​អសមត្ថភាព​ក្នុង​ការ​ប្រឆំាង​អំពើ​ភេរវកម្ម​នៅ​ក្នុង​ស្រុក។

ម្យ៉ាង​វិញ​ទៀត ចៅក្រម​នៅ​តុលាការកំពូល​ដែល​ធ្លាប់​បាន​ស្គាល់​ការ​ឈឺ​ចាប់​នៅ​ក្នុង​ជំនាន់​លោក Musharraf ក៏​នៅ​មិន​បាន​ទាន់​ត្រៀមខ្លួន​ដើម្បី​បំភ្លេច​រឿង​នោះ​ចោល​ដែរ។ ដូច្នេះ នៅ​ចំពោះ​មុខ និង​មុន​ការ​រៀបចំ​បោះឆ្នោត​សភា​នៅ​ឆ្នំា ២០១៣ ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​អំណាច​តុលាការ និង​អំណាច​នីតិប្រតិបត្តិ​ពិត​ជា​នៅ​បន្ត​មាន និង​ដែល​អាច​ជំរុញ​ប៉ាគីស្ថាន​ឲ្យ​ធ្លាក់​ក្នុង​វិបត្តិនយោបាយ​ផ្ទៃក្នុង​ជា​ថ្មី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI