Facebook និង Microsoft បង្ហាញពីទិន្នន័យដែលរដ្ឋាភិបាលអាមេរិកស្នើសុំ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ចាប់តាំងពីមានផ្ទុះរឿងអាស្រូវ ស្តីពីការដែលប៉ូលិស និងភ្នាក់ងារចារកិច្ចអាមេរិកចូលយកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់អ៊ីនធ័រនែត ក្រុមហ៊ុនអ៊ីនធ័រនែតអាមេរិក ដែលជាប់ឈ្មោះក្នុងរឿងអាស្រូវនេះ ត្រូវប្រឈមមុខនឹងការរិះគន់ និងការបាត់បង់ទំនុកចិត្តពីអ្នកប្រើប្រាស់។ ដើម្បីការពារខ្លួនពីរឿងអាស្រូវនេះ កាលពីថ្ងៃសុក្រ ក្រុមហ៊ុន Microsoft និង Facebook បានចេញមុខពន្យល់បកស្រាយជុំវិញការបញ្ជូនព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ ទៅឲ្យអាជ្ញាធរអាមេរិកនេះ។
“តម្លាភាព” គឺជាគន្លឹះ ដែលក្រុមហ៊ុនអ៊ីនធ័រនែតអាមេរិកចង់យកមកធ្វើជាយុទ្ធសាស្រ្ត ដើម្បីស្តារកេរ្តិ៍ឈ្មោះ និងទំនុកចិត្តពីអ្នកប្រើប្រាស់ឡើងវិញ។ ទំនុកចិត្ត ដែលត្រូវបាត់បង់ ដោយរឿងអាស្រូវ ដែលថា ក្រុមហ៊ុនទាំងនេះអនុញ្ញាតឲ្យប៉ូលិស និងភ្នាក់ងារចារកិច្ចអាមេរិក ចូលទៅយកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់សេវាកម្មអ៊ីនធ័រនែតរបស់ពួកគេ។
ទាំង Facebook ទាំង Microsoft ព្រមទាំងក្រុមហ៊ុនមួយចំនួនផ្សេងទៀត ដែលជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវនេះ សុទ្ធតែបានបដិសេធថា ពួកគេមិនដែលបើកដៃឲ្យអាជ្ញាធរអាមេរិកចូលយកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់តាមតែអំពើចិត្តនោះទេ។ ការផ្តល់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ គឺធ្វើទៅលើអ្នកប្រើប្រាស់មួយចំនួនតូច ហើយធ្វើទៅតាមសំណើជាក់លាក់របស់អាជ្ញាធរ។
ក្រុមហ៊ុន Facebook បានឲ្យដឹងថា កាលពីឆ្នាំ២០១២កន្លងទៅនេះ អាជ្ញាធរអាមេរិកបានដាក់សំណើចំនួន ប្រមាណពី ៩ពាន់ ទៅ១ម៉ឺនសំណើ ទាមទារឲ្យ Facebook ផ្តល់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ចំនួនប្រមាណ ពី ១ម៉ឺន ៨ពាន់ ទៅ ១ម៉ឺន ៩ពាន់គណនី (Accounts)។
ក្រុមហ៊ុន Microsoft វិញ បានអះអាងថា ខ្លួនបានទទួលសំណើពីអាជ្ញាធរអាមេរិក ចន្លោះពី ៦ពាន់ ទៅ ៧ពាន់សំណើ ពាក់ពន្ធនឹងគណនីអតិថិជនរបស់ Microsoft ប្រមាណពី ៣ម៉ឺន ១ពាន់ ទៅ ៣ម៉ឺន ២ពាន់។
Facebook ក៏បានបញ្ជាក់បន្ថែមផងដែរថា បើធៀបទៅនឹងចំនួនអ្នកប្រើប្រាស់សរុប នៅទូទាំងពិភពលោក ដែលមានរហូតដល់ទៅជាង ១ពាន់ ១រយលាននាក់នោះ ព័ត៌មាន ដែល Facebook បញ្ជូនទៅឲ្យអាជ្ញាធរអាមេរិក ពាក់ព័ន្ធនឹងអ្នកប្រើប្រាស់តែមួយចំនួនតូចប៉ុណ្ណោះ។ លើសពីនេះទៅទៀត Facebook ក៏មិនបានឆ្លើយតបទៅគ្រប់សំណើរបស់អាជ្ញាធរអាមេរិកនោះដែរ។
ក៏ប៉ុន្តែ Facebook មិនបានបញ្ជាក់ឲ្យបានច្បាស់លាស់ទេថា តើក្នុងចំណោមសំណើសុំរបស់អាជ្ញាធរអាមេរិក ទាំង ប្រមាណជា ១ម៉ឺនសំណើនេះ Facebook អនុវត្តតាមប៉ុន្មានលើក ហើយតើព័ត៌មានផ្ទាល់ខ្លួនបែបណាខ្លះ ដែលខ្លួនបញ្ជូនទៅឲ្យអាជ្ញាធរអាមេរិក?
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ