អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

កូតឌីវ័រ៖ ដំណើរការ​ផ្សះផ្សា​ជាតិ​ដែល​មាន​តែ​ឈ្មោះ

សំឡេង ០៤:០៧
លោក​ឡូរ៉ង់​ បាក់បូ អតីត​ប្រធានាធិបតី (ឆ្វេង) និង​លោក​អាឡាសាន់ វ៉ាត់តារ៉ា ប្រធានាធិបតី​បច្ចុប្បន្ន របស់​កូតឌីវ័រ
លោក​ឡូរ៉ង់​ បាក់បូ អតីត​ប្រធានាធិបតី (ឆ្វេង) និង​លោក​អាឡាសាន់ វ៉ាត់តារ៉ា ប្រធានាធិបតី​បច្ចុប្បន្ន របស់​កូតឌីវ័រ AFP
ដោយ៖ សេង ឌីណា

នៅ​កូតឌីវ័រ ជាង​ពីរ​ឆ្នាំ​ក្រោយ​ពីវិបត្តិ​នយោបាយ​ក្រោយ​ការ​បោះឆ្នោត​ប្រធានាធិបតី បណ្តាល​ឲ្យ​មាន​អំពើ​ហិង្សា​ សម្លាប់​មនុស្ស​រាប់ពាន់នាក់ ដំណើរការ​ផ្សះផ្សា​គ្នា​រវាង​ភាគី​ជម្លោះ នៅ​តែ​ត្រូវ​ជាប់គាំង នៅ​ក្នុង​ខណៈពេល​ដែល​​អាណត្តិ​របស់​គណៈកម្មការ​​ស្វែងរក​ការពិត និង​ដើម្បី​ការ​​ផ្សះផ្សា​​កំពុង​តែ​ជិតដល់​ទីបញ្ចប់។ បរាជ័យ​នៃ​ការ​ផ្សះផ្សា​នេះ​កំពុង​តែ​ធ្វើ​ឲ្យ​គេ​ព្រួយបារម្ភ​​ខ្លាច​មាន​ផ្ទុះវិបត្តិ​សាជាថ្មី​ទៀត នៅ​ក្នុង​ការ​បោះឆ្នោត នាឆ្នាំ​២០១៥​ខាងមុខ។

ផ្សាយពាណិជ្ជកម្ម

គេនៅចាំបាន​ថា នៅ​ក្រោយ​ការ​បោះឆ្នោត​ប្រធានាធិបតី​កូតឌីវ័រ កាលពី​ខែ​វិច្ឆិកា ២០១០ លោក​ឡូរ៉ង់ បាក់បូ (Laurent Gbagbo) ប្រធានាធិបតី​ផុតអាណត្តិ បាន​បដិសេធ​មិន​ទទួលស្គាល់​បរាជ័យ​របស់ខ្លួន ហើយ​ក៏​បង្ក​ទៅជា​ជម្លោះប្រដាប់អាវុធ បណ្តាល​ឲ្យ​មនុស្ស​ប្រមាណ​ជា ៣ពាន់​នាក់​ត្រូវ​បាត់បង់​ជីវិត។

ក្រោម​អន្តរាគមន៍​របស់​កងទ័ព​បារាំង និង​ទាហាន​មួកខៀវ​របស់​អ.ស.ប លោក​ឡូរ៉ង់​ បាក់បូ ត្រូវ​បាន​ចាប់ខ្លួន ហើយ​ក្រោយមក​ ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​ឃុំឃាំង នៅ​ក្នុង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ក្រុង​ឡាអេ ដោយ​ជាប់ចោទ​ពី​បទឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ។ ចំណែក​លោក​អាឡាសាន់ វ៉ាត់តារ៉ា (Alassane Ouattara) ដែល​ជា​បេក្ខជន​ជាប់ឆ្នោត បាន​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​រហូតមកទល់បច្ចុប្បន្ន។

ក្រោយពី​វិបត្តិ​នេះ​ត្រូវ​បិទបញ្ចប់​ទៅ ការផ្សះផ្សា គឺ​ជា​ពាក្យ​ដែល​នៅ​ជាប់នឹង​បបូរមាត់​​របស់​ភាគីជម្លោះ​ទាំងពីរ។ គណបក្ស​កាន់អំណាច​របស់​លោក​អាឡាសាន់ វ៉ាត់តារ៉ា និង​គណបក្ស​ប្រឆាំង​របស់​លោក​ឡូរ៉ង់ បាក់បូ បាន​ព្រមព្រៀង​គ្នា​ថា នឹង​ស្វះស្វែង​រក​វិធីបញ្ចប់​ជម្លោះ ដើម្បី​បិទ​​ទំព័រ​ខ្មៅ​ងងឹត​មួយ​នេះ ហើយ​ឈានទៅ​បើកទំព័រ​ថ្មី​​នៃ​ការ​ផ្សះផ្សា​ជាតិ។

គណៈកម្មការ​មួយ​ត្រូវ​បាន​បង្កើតឡើង ដើម្បី​ទទួល​បន្ទុក​ស្វែងរក​ការពិត និង​ឈានទៅ​រក​ការផ្សះផ្សា​ជាតិមួយ។ ក៏ប៉ុន្តែ នៅ​ពេលនេះ ​អាណត្តិពីរឆ្នាំ​របស់​គណៈកម្មការ​​នេះ​បាន​ឈាន​​ជិត​មក​ដល់​ទីបញ្ចប់​ទៅហើយ ដំណើរការ​ផ្សះផ្សា​នេះ​ហាក់ដូចជា​គ្មាន​អ្វី​ជឿនលឿន​ទៅមុខបន្តិច​ទាល់តែ​សោះ។

កាលពី​ដើម​ខែ​កក្កដា​នេះ លោក​អាឡាសាន់​ វ៉ាត់តារ៉ា បាន​អំពាវនាវ​ឲ្យ​គណបក្ស FPI ​របស់​លោក​ឡូរ៉ង់​ បាក់បូ ធ្វើការ​សុំទោស​ដល់​ជនរងគ្រោះ នៅ​ក្នុង​អំពើ​ហិង្សា ដែល​បង្ក​ឡើង ដោយសារ​តែ​ការ​បដិសេធ​លទ្ធផល​បោះឆ្នោត​របស់​លោក​បាក់បូ។ ក៏ប៉ុន្តែ ការអំពាវនាវ​នេះ ត្រូវបាន​ច្រានចោល​ភ្លាមៗ​ ដោយ​គណបក្ស​​ FPI ដែល​បាន​វាយបក​ត្រឡប់​មកវិញ​ថា គឺ​លោក​វ៉ាត់តារ៉ា​​វិញទេ ដែល​ជា​អ្នក​ទទួលខុស​ត្រូវ​ចំពោះ​វិបត្តិនេះ។

ដូច្នេះ ការផ្សះផ្សារ​ដូចជា​ពិបាក​នឹង​ធ្វើ​ទៅរួច នៅពេល​ដែល​ភាគី​ជម្លោះ​ព្យាយាម​ទម្លាក់​កំហុស​ដាក់គ្នា​ទៅវិញទៅមកបែបនេះ។ សវនាការ​សាធារណៈ ដែល​គណៈកម្មការ​ស្វែងរក​ការពិត និង​ការ​ផ្សះផ្សា​បាន​សន្យា​ថា​នឹង​បើក​ធ្វើ​តាំង​ពី​រាប់ខែ​មក​ហើយ​នោះ ក៏​មិន​ទាន់អាច​ធ្វើ​បាន។ សវនាការ​សាធារណៈ​នេះ​ធ្វើ​ឡើង ក្នុងគោលដៅ​ឲ្យ​មាន​ការ​ជជែក​គ្នា​ រវាង​ម្ខាង​ជនរងគ្រោះ និង​ម្ខាង​ទៀត​ជា​ជន​ដៃដល់​ ដែល​បាន​ប្រព្រឹត្ត​អំពើ​ហិង្សា ហើយ​វា​ជា​រឿង​ដែល​ពិបាក​ធ្វើ នៅ​ក្នុង​ពេល​ដែល​ម្ខាងៗ​សុទ្ធតែ​អះអាង​ថា​ខ្លួន​ជា​ជនរងគ្រោះ ហើយ​គឺ​ភាគីមួយទៀត​ដែល​ជា​អ្នក​ប្រព្រឹត្តអំពើ​ហិង្សា។

ប្រឈមមុខ​នឹង​បញ្ហា​នេះ ប្រធានគណៈកម្មការ​ស្វែងរក​ការពិត និង​ការ​​ផ្សះផ្សា​ ដែល​ជា​អតីត​នាយករដ្ឋមន្រ្តី​កូតឌីវ័រ​ផងនោះ​ បាន​លើកឡើង​ថា គ្រប់ភាគី​ជម្លោះ​សុទ្ធតែ​មាន​ចំណែក​ទទួលខុសត្រូវ​ចំពោះ​អ្វី​ដែល​កើតឡើង នៅ​កូតឌីវ័រ ហើយ​ថា គ្រប់គ្នា​ត្រូវ​តែ​មាន​សេចក្តីក្លាហាន​ក្នុង​ការ​ទទួលស្គាល់​កំហុស​នេះ។

បញ្ហា​ចម្បងមួយ​ទៀត ដែល​ជា​ឧបសគ្គ​ក្នុងការ​ផ្សះផ្សា​នេះ គឺ​សំណុំរឿង​តុលាការ។ ក្រៅពី​​លោក​ឡូរ៉ង់ បាក់បូ ដែល​កំពុង​ជាប់ឃុំ​ និង​ស្ថិត​ក្រោម​ការ​ចោទប្រកាន់​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ក្រុងឡាអេ បក្សពួក​របស់​លោក​លោក​បាក់បូ​​ក៏​កំពុង​តែ​​ត្រូវ​ប្រឈមមុខ​នឹង​តុលាការ​ជាតិ​របស់​កូតឌីវ័រ​ដែរ។

ថ្មីៗ​នេះ ក្រុមគ្រួសារ និង​មន្រ្តី​ជំនិត​របស់​លោក​បាក់បូ ចំនួន ៨៤រូប ដែល​ក្នុងនោះ ក៏រួមមាន​ទាំង​ភរិយា​របស់​លោក​បាក់បូ​ផង ទើប​នឹង​ត្រូវ​បាន​ចៅក្រម​ស៊ើបអង្កេត​​​សម្រេច​ធ្វើការ​ចោទប្រកាន់​ជាផ្លូវការ និង​បញ្ជូន​ខ្លួន​ឲ្យ​ទៅ​សាលាឧក្រិដ្ឋ​កូតឌីវ័រ​ធ្វើការ​ជំនុំជម្រះ ពីបទ​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា នៅ​ក្រោយ​ការ​បោះឆ្នោត។

សម្រាប់​លោក​អាឡាសាន់ វ៉ាត់តារ៉ា ដំណើរការ​ស្វែងរក​យុត្តិធម៌​ចាំបាច់​ត្រូវ​តែ​ធ្វើ ពីព្រោះ​ថា គេ​មិន​អាច​ធ្វើការ​ផ្សះផ្សា​គ្នា​បានទេ ប្រសិន​បើ​គ្មាន​យុត្តិធម៌។ ក៏ប៉ុន្តែ ក្រុម​របស់​លោក​បាក់បូវិញ​បាន​រិះគន់​ថា អ្វី​ដែល​តុលាការ​កូតឌីវ័រ​កំពុង​ធ្វើ​នៅពេលនេះ មិនមែន​ជា​ដំណើរការស្វែងរក​យុត្តិធម៌​ពិតប្រាកដ​នោះទេ ពីព្រោះ​ថា រហូតមកទល់​នឹង​ពេលនេះ មានតែ​ក្រុម​របស់​លោក​បាក់បូ​ប៉ុណ្ណោះ​ដែល​ត្រូវ​​តុលាការ​យក​ទៅ​កាត់ទោស។ ចំណែក​ឯ​​បទឧក្រិដ្ឋ​ដែល​ប្រព្រឹត្ត​ដោយ​ក្រុម​របស់​លោក​វ៉ាត់តារ៉ា​វិញ មិនត្រូវ​បាន​តុលាការ​លើក​យក​មក​ជំនុំជម្រះ​នោះទេ។ ​ដូច្នេះ វា​គ្រាន់តែ​​ជា​យុត្តិធម៌​សម្រាប់​អ្នកឈ្នះ​តែ​ប៉ុណ្ណោះ។

ដូច្នេះ បើ​តាម​សង្កេតមើល​ទៅ ការផ្សះផ្សា​ជាតិមួយ នៅ​កូតឌីវ័រ គឺ​ជា​រឿង​ពិបាក​នឹង​ធ្វើ​ទៅរួច នៅ​ពេល​ដែល​ភាគី​ជម្លោះ​នៅតែ​បន្ត​ហែកហួរ​គ្នា​ឥតឈប់ឈរ ដោយ​មិនមាន​ខាងណា​សុខចិត្ត​បន្ទន់​ឥរិយាបថ​ដូចជា​ពេល​បច្ចុប្បន្ន​នេះ។ បើ​គ្មាន​ការផ្សះផ្សា​នេះ​ទេ គេ​បារម្ភ​ថា ការបោះឆ្នោត​ប្រធានាធិបតី នៅ​ឆ្នាំ​២០១៥​ខាងមុខ​នេះ អាច​នឹង​ធ្វើ​ឲ្យ​កូតឌីវ័រ​ធ្លាក់​ទៅ​ក្នុង​វិបត្តិ​សាជាថ្មី​ម្តងទៀត ហើយ​អាច​កាន់តែ​ធ្ងន់ធ្ងរ​ និង​កាន់តែ​មាន​ការ​បង្ហូរឈាម​គ្នា​ខ្លាំង​ជាង​មុន​ទៅទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ