ឱសថក្លែងក្លាយនៅកម្ពុជាមានការថយចុះ
ឱសថក្លែងក្លាយគឺជាបញ្ហាចំបងមួយ ដែលផ្ដល់គ្រោះថ្នាក់ដល់សុខភាពប្រជាជនកម្ពុជា។ ប៉ុន្មានឆ្នាំកន្លងមក ឱសថក្លែងក្លាយបានចរាចរយ៉ាងអាណាធិបតេយ្យ នៅក្នុងទីផ្សារឱសថទូទាំងរាជធានី ក្រុង ខេត្ត។ យ៉ាងណាក៏ដោយ ដោយសារតែការទប់ស្កាត់ និងការពង្រឹងច្បាប់ពីសំណាក់ក្រសួងសុខាភិបាល ការចរាចរណ៍ឱសថក្លែងក្លាយ ក្នុងឆ្នាំ២០១៣ នេះមានការថយចុះគួរឲ្យកត់សម្គាល់។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ឱសថក្លែងក្លាយដែលចរាចរនៅក្នុងទីផ្សារឱសថ ក្នុងប្រទេសកម្ពុជា បានថយចុះពីប្រមាណ ៦% ក្នុងឆ្នាំមុនៗ មកត្រឹម ០,១៣% ប៉ុណ្ណោះ ក្នុងឆ្នាំ ២០១៣។ នេះបើតាម លោក ជូ យិនស៊ីម រដ្ឋលេខាធិការក្រសួងសុខាភិបាល។
នៅក្នុងសន្និសីទអន្តរជាតិ ជីវសាស្ត្រ និងឱសថសាស្ត្រ ដែលប្រារព្ធឡើង នាថ្ងៃចន្ទ ទី២១ តុលា នៅភ្នំពេញ លោក ជូ យិនស៊ីម បញ្ជាក់ថា ការថយចុះនៃលំហូរចូលឱសថក្លែងក្លាយនេះដោយសារតែក្រសួងសុខាភិបាលបានបង្កើតគណៈកម្មាធិការអន្តរក្រសួង និងគណៈកម្មាធិការអន្តរមន្ទីរគ្រប់ខេត្ត-ក្រុង ដើម្បីទប់ស្កាត់ការចរាចរឱសថក្លែងក្លាយ និងជាពិសេសការលុបបំបាត់ផ្ទះលក់ឱសថ និងកន្លែងពិនិត្យព្យាបាលជម្ងឺគ្មានច្បាប់។
មិនត្រឹមតែប៉ុណ្ណោះ ការកាត់បន្ថយឱសថក្លែងក្លាយធ្វើទៅបានប្រកបដោយប្រសិទ្ធភាពខ្ពស់ដោយសារតែនគរបាលយុត្តិធម៌បានចុះត្រួតពិនិត្យកន្លែងលក់ឱសថនានា និងមានសិទ្ធិរឹបអូសឱសថក្លែងក្លាយគ្រប់ប្រភេទ ដែលចរាចរនៅក្នុងទីផ្សារទាំងនោះ។
លោកបន្ថែមថា ភាគច្រើនប្រភពនៃឱសថក្លែងក្លាយទាំងនេះ គឺមកពីប្រទេសជិតខាងកម្ពុជាតែម្ដង។ ហើយថា ផលប៉ះពាល់សម្រាប់អ្នកប្រើប្រាស់ឱសថក្លែងក្លាយទាំងនោះ មិនមែនត្រឹមតែធ្វើឲ្យគ្រោះថ្នាក់ដល់សុខភាពប៉ុណ្ណោះទេ វាថែមទាំងអាចបណ្ដាឲ្យអ្នកជម្ងឺបាត់បង់ជីវិតទៀតផង។ លោក បានលើឧទាហរណ៍ពីជម្ងឺគ្រុនចាញ់ ដែលជាជម្ងឺមួយដែលត្រូវការការព្យាបាលឲ្យទាន់ពេលវេលា ហើយបើអ្នកជម្ងឺប្រើប្រាស់ចំថ្នាំក្លែងក្លាយគ្មានប្រសិទ្ធភាព ស្ថានភាពអ្នកជម្ងឺអាចអូសបន្លាយរហូតដល់ស្លាប់បាន។
សូមបញ្ជាក់ ដើម្បីចៀសវាងការទិញប៉ះចំឱសថក្លែងក្លាយ ប្រជាពលរដ្ឋទាំងអស់គួរតែទិញឱសថនៅក្នុងឱសថស្ថានស្របច្បាប់ និងទិញតែឱសថណាដែលមានបិទបណ្ណស្របច្បាប់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ