អានតួអត្ថបទ
អ៊ីស្រាអែល-ប៉ាឡេស្ទីន

អ៊ីស្រាអែល​​ផ្តល់​​ភ្លើង​ខៀវ​​អោយ​​ដោះលែង​​អ្នកទោស​​ប៉ាឡេស្ទីន​​២៦​នាក់​

អ៊ីស្រាអែល​​​នឹង​ដោះលែងអ្នកទោស​ប៉ាឡេស្ទីន​​ ដើម្បី​ឆ្លើយតប​នឹង​ក្របខណ្ឌ​​ចរចា​ស្វែងរក​សន្តិភាព​ជាមួយ​ប៉ាឡេស្ទីន​ឡើងវិញ។
អ៊ីស្រាអែល​​​នឹង​ដោះលែងអ្នកទោស​ប៉ាឡេស្ទីន​​ ដើម្បី​ឆ្លើយតប​នឹង​ក្របខណ្ឌ​​ចរចា​ស្វែងរក​សន្តិភាព​ជាមួយ​ប៉ាឡេស្ទីន​ឡើងវិញ។ REUTERS/YANNIS BEHRAKIS
ដោយ៖ ព្រំ សឿន សូលីណា
១៣ នាទី

នៅ​ថ្ងៃ​ចន្ទ​នេះ អ៊ីស្រាអែល​បាន​​ចេញផ្សាយ​បញ្ជី​អ្នកទោស​ប៉ាឡេស្ទីន​ចំនួន​២៦​​នាក់​ ដែល​​នឹង​ត្រូវ​បាន​ដោះលែង​ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​នេះ។ រដ្ឋាភិបាល​អ៊ីស្រាអែល​បាន​ ផ្តល់​ភ្លើង​ខៀវ​​​​​​ដោះលែង​អ្នកទោស​​ប៉ាឡេស្ទីន​ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ក្របខណ្ឌ​នៃ​កិច្ចចរចា​ស្វែងរកសន្តិភាព​ ឡើងវិញ ជាមួយ​ប៉ាឡេស្ទីន។

ផ្សាយពាណិជ្ជកម្ម

អ្នកទោស​ទាំង២៦​នាក់​ដែល​នឹង​ត្រូវ​ដោះលែង​នេះ ជាប់ទោស​ពីបទ​​ឃាតកម្ម ជា​អ្នកទោស​​​ស្ថិត​ក្នុង​ចំណោម​អ្នកទោស​ប៉ាឡេស្ទីន១០៤​នាក់ ដែលអ៊ីស្រាអែល​​ត្រូវដោះលែង​​ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ក្របខណ្ឌ​នៃ​ការ​ចរចា​ស្វែងរក​សន្តិភាព​ជាមួយ​ប៉ាឡេស្ទីន​ឡើងវិញ។ អ៊ីស្រាអែលបាន​ឃុំខ្លួនអ្នកទោស​ទាំង​១០៤នាក់នេះ​​​ មុន​កិច្ចព្រមព្រៀង​សន្តិភាពក្រុង​អូស្លូ ឆ្នាំ​១៩៩៣។​​​ ក្នុង​ចំណោម​អ្នកទោស​ប៉ាឡេស្ទីន​ទាំង​១០៤ នាក់ ភាគច្រើន​ជាប់ពាក់ព័ន្ធ​​នឹង​ការញុះញង់​អោយជនជាតិ​អ៊ីស្រាអែល​បាត់បង់ជីវិត។

ក្នុង​ចំណោម​អ្នកទោស​ទាំង២៦​នាក់ អ្នកទោស​២០​នាក់​ ស្ថិត​​​ក្នុង​ចលនា​ក្រុម​​ហ្វាតារ​ របស់​​ប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទីន ម៉ាមូដ អាបាស។ ពីរនាក់​ទៀត ជា​សមាជិក​រណសិរ្ស​​​​​រំដោះ​ប៉ាឡេស្ទីន។ អ្នកទោស​១៤នាក់ នឹង​ត្រូវ​បញ្ជូន​ទៅ​ហ្កាហ្សា ហើយ​១២​នាក់​ទៀត ទៅ​ស៊ីសហ្ស៊កដានី។ នៅក្នុង​បញ្ជី​ដោះលែង​នេះ អ្នកទោស​៨នាក់ ជា​ធម្មតា​នឹងត្រូវ​ដោះលែង​ក្នុង​រយៈ​ពេល​៣ឆ្នាំ​ខាងមុខ ហើយ​ពីរនាក់​ទៀត ត្រូវ​មាន​សេរីភាព​​ក្នុង​៦​ខែ​ទៀត។

គ្រួសារ​ជនជាតិ​អ៊ីស្រាអែល​ដែល​បាត់បង់ជីវិត​ដោយ​ទង្វើ​របស់​អ្នកទោស​ប៉ាឡេស្ទីន មាន​រយៈ​ពេល​៤៨​ម៉ោង ដើម្បី​ដាក់ពាក្យ​ប្តឹងជំទាស់​ការដោះលែង​នេះ ​ទៅកាន់​​តុលាការ​យុត្តិធម៌​កំពូល។

ដោយឡែក ការដោះលែង​អ្នកទោស​ប៉ាឡេស្ទីន​ នឹង​​ធ្វើឡើង​ក្នុង​៤ដំណាក់កាល។ អ៊ីស្រាអែល​នឹង​ដោះលែង​អ្នកទោស​ជា​៤ ដំណាក់កាល​បន្តបន្ទាប់ ប្រសិន​​ការចរចា​​ជាមួយ​ប៉ាឡេស្ទីន​បាន​ជឿនលឿនទៅមុខ។ ​រដ្ឋាភិបាល​អ៊ីស្រាអែល​បាន​ប្រកាស​​គណៈ​កម្មការ​ក្រសួង​ទទួល​បន្ទុក​ដោះលែង​អ្នកទោសប៉ាឡេស្ទីន​​ មក​ពី​ក្រសួង​ចំនួន៣ ៖ គឺ​ក្រសួង​ការពារជាតិ ក្រសួង​យុត្តិធម៌ និង​ក្រសួង​សន្តិសុខ។ យោងតាម​គណៈកម្មការ​ក្រសួងទាំងនេះ ​ក្នុង​ចំណោម​អ្នកទោស​​ដែល​អ៊ីស្រាអែល​ដោះលែង ប្រសិន​បើ​អ្នកទោសណាម្នាក់​បង្ក​សកម្មភាព​ប្រឆាំង​អ៊ីស្រាអែល​សាជាថ្មី​នោះ អ្នកទោស​នោះ​នឹង​ត្រូវ​បញ្ជូន​ត្រលប់​ទៅ​ពន្ធនាគារ​វិញ ដើម្បីបន្ត​ជាប់ឃុំ​តទៅទៀត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ