កូនស្រីលោកគ្លីនតុនកំពុងទស្សនកិច្ចកម្ពុជាស្តីពីការប្រយុទ្ធនឹងជំងឺអេដស៏
ចុះផ្សាយនៅថ្ងៃ៖
លោកស្រី ឆែលស៊ី គ្លីនតុន (Chelsea Clinton) កូនស្រីរបស់អតីតប្រធានាធីបតីអាមេរិក ប៊ីល គ្លីនតុន កំពុងបំពេញទស្សនកិច្ច២ថ្ងៃនៅកម្ពុជា ក្នុងក្របខណ្ឌមូលនិធិគ្លីនតុន ដើម្បីពិនិត្យមើលសមិទ្ធិផលនៃការប្រយុទ្ធនឹងជំងឺអេដស៏នៅក្នុងប្រទេសនេះ។ តាំងពីការចុះហត្ថលេខាលើអនុស្សារណៈយោគយល់ស្តីពីការជួយកម្ពុជាក្នុងឆ្នាំ២០០៦ក្នុងការប្រយុទ្ធនឹងជំងឺអេដស៏ កម្ពុជាទទួលថវិកាប្រមាណ៥សែនដុល្លារជារៀងរាល់ឆ្នាំពីមូលនិធិគ្លីនតុន។
លោកស្រីឆែលស៊ី គ្លីនតុន ជាកូនស្រីរបស់អតីតប្រធានាធិបតីអាមេរិក ប៊ីល គ្លីនតុន បានមកដល់កម្ពុជានៅថ្ងៃទី២៩ឧសភានេះ ដើម្បីធ្វើទស្សនកិច្ចពិនិត្យមើលការងារប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៏នៅកម្ពុជានេះ។ ក្នុងរយៈ២ថ្ងៃនៃទស្សនកិច្ចនេះ លោកស្រី ឆែលស៊ី គ្លីនតុន ត្រូវចូលរួមក្នុងព្រឹត្តិការណ៍មួយជាមួយមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ ស្តីពីការកាត់បន្ថយអាត្រាឆ្លងពីម្តាយទៅកូន និងបន្ទាប់មក នៅថ្ងៃទី៣០ឧសភា លោកស្រីនឹងទស្សនកិច្ចមន្ទីរពេទ្យបង្អែកអ្នកលឿងខេត្តព្រៃវែង។ តាមពិត ទស្សនកិច្ចរបស់លោកស្រី ឆែលស៊ី គ្លីនតុនត្រូវបានធ្វើឡើងក្នុងក្របខណ្ឌនៃមូលនិធិគ្លីនតុន។
ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៏ សើស្បែក និងកាមរោគ នៃក្រសួងសុខាភិបាល លោកមាន ជីវុនបានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃនេះថា លោកស្រីឆែលស៊ី គ្លីនតុន គឺជាសមាជិកក្រុមប្រឹក្សាភិបាលនៃមូលនិធិគ្លីនតុនដែលបានផ្តល់ជំនួយមកអោយកម្ពុជាតាំងពីឆ្នាំ២០០៦ ក្នុងវិស័យប្រយុទ្ធនឹងជំងឺអេដស៏ និងគ្រុនចាញ់។ លោកវេជ្ជបណ្ឌិតមាន ជីវុនបានបញ្ជាក់ថា ចាប់តាំងពីការចុះហត្ថលេខាលើអនុស្សារណៈយោគយល់រវាងលោកប៊ីល គ្លីនតុន ដែលជាប្រធានមូលនិធី និងលោកនាយករដ្ឋមន្ត្រីហ៊ុន សែននៅឆ្នាំ២០០៦មក មូលនិធិគ្លីនតុនបានផ្តល់ជំនួយដែលមានតម្លៃប្រមាណ៥សែនដុល្លារជារៀងរាល់ឆ្នាំ ហើយជំនួយនេះនឹងបន្តរហូតដល់ឆ្នាំ២០១៥។
បើតាមការអះអាងរបស់លោកមាន ជីវុន ជំនួយរបស់មូលនិធីគ្លីនតុនត្រូវបានប្រើប្រាស់នៅក្នុងស្រុកមួយចំនួននៅក្នុងខេត្តព្រៃវែង និងខេត្តសៀមរាប។ ជំនួយរបស់មូលនិធិគ្លីនតុនត្រូវបានផ្តល់អោយកម្ពុជាតាមរយៈ៤មធ្យោបាយរួមមាន ជំនួយបច្ចេកទេស ថវិកាសម្រាប់ប្រតិបត្តិការ សម្ភារៈ និងការជួសជុលបន្ទប់ពិសោធន៍។
កម្ពុជាត្រូវបានទទួលស្គាល់ដោយអង្គការសហប្រជាជាតិថា ជាប្រទេសឈានមុខក្នុងការប្រយុទ្ធនឹងជំងឺអេដស៏ ហើយបានទទួលរង្វាន់ពីអង្គការពិភពលោកនេះទៀតផងកាលពីឆ្នាំ២០១០។ កម្ពុជាត្រូវការថវិកាប្រមាណ៥០លានដុល្លារជារៀងរាល់ឆ្នាំដើម្បីធ្វើកិច្ចការងារប្រឆាំងនឹងការឆ្លងរាលដាលជំងឺអេដស៏នេះ។ ក្នុងចំណោមពលរដ្ឋជាង៦ម៉ឺននាក់ដែលផ្ទុកមេរោគអេដស៏ ជាង៥ម៉ឺននាក់បានទទួលថ្នាំពន្យាជីវិត។
សូមរម្លឹកថា បើទោះជាកម្ពុជាបានក្លាយជាកូនសិស្សល្អនៅក្នុងការងារប្រយុទ្ធនឹងជំងឺនេះក៏ដោយ ប៉ុន្តែកម្ពុជាក៏កំពុងបារម្ភចំពោះរលកថ្មីនៃការផ្ទុះមេរោគអេដស៏ដែលអាចកើតចេញពីមនុស្ស៣ក្រុម។ ពួកគេទាំងនោះរួមមាន ក្រុមមនុស្សស្រឡាញ់ភេទដូចគ្នា ក្រុមស្រ្តីធ្វើការកន្លែងកំសាន្ត និងក្រុមអ្នកប្រើប្រាស់គ្រឿងញៀន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ