អេហ្ស៊ីប​

ទស្សនកិច្ច​លើក​ដំបូង​របស់​​ប្រធានាធិបតី​​អេហ្ស៊ីប​​នៅ​​ប៉ាគីស្ថាន​

ពួក​ទាហាន​​ដើរ​យាម​ល្បាតក្រោមពេល​អំពើភេរវកម្មអត្តឃាតបំផ្ទុះគ្រាប់បែកនៅមុខតុលាការក្រុង​ Peshawarថ្ងៃ១៨មីនា​២០១៣
ពួក​ទាហាន​​ដើរ​យាម​ល្បាតក្រោមពេល​អំពើភេរវកម្មអត្តឃាតបំផ្ទុះគ្រាប់បែកនៅមុខតុលាការក្រុង​ Peshawarថ្ងៃ១៨មីនា​២០១៣ REUTERS/Fayaz Aziz

លោក​ប្រធានាធិបតី​​អេហ្ស៊ីប​ Mohamed Morsi​ បាន​​អញ្ជើញ​​ទៅ​​ដល់​​ទីក្រុង ​​Islamabad​ ប្រទេស​​​ប៉ាគីស្ថាន​​នៅ​​ព្រឹក​ថ្ងៃ​ចន្ទ​១៨​មីនា​​នេះ។​ គឺ​​ជា​​ដំណើរ​​​​ទស្សនកិច្ច​​ផ្លូវ​​រដ្ឋ​​លើក​​ដំបូង​​បង្អស់​​របស់​​ប្រធានាធិបតី​​អេហ្ស៊ីប​​នៅ​​ប៉ាគីស្ថាន​ ចាប់តាំង​ពី​​ដំណើរ​​ទស្សនកិច្ច​​របស់​​លោក​ Gamal Nasser ​កាលពី​​៤០​​ឆ្នាំ​​មុន​-នេះ​បើ​​យោង​តាម​​ការ​​អះអាង​​របស់​​ទូរទស្សន៍​រដ្ឋ​​ប៉ាគីស្ថាន។​ 

ផ្សាយពាណិជ្ជកម្ម

ដោយ​​​ដឹក​នាំ​គណប្រតិភូ​ជាន់​ខ្ពស់​អេហ្ស៊ីបមួយ​​​ លោក Morsi ត្រូវ​បាន​ទទួល​ស្វាគមន៍​​​ ពី​​សំណាក់​​​ឥស្សរជន​នយោបាយ​ជាន់​ខ្ពស់​នៃ​ប្រទេស​ប៉ាគីស្ថាន​និង​ក្រុម​អ្នក​ការទូត​នៅ​​លើ​ព្រលាន​​យន្តហោះ​យោធា​ប៉ាគីស្ថាន នៅ​ព្រឹក​ថ្ងៃ​ចន្ទ​១៨​មីនា​នេះ ។

លោក​ប្រធានាធិបតីអេហ្ស៊ីប Morsi
លោក​ប្រធានាធិបតីអេហ្ស៊ីប Morsi AFP PHOTO/FAYEZ NURELDINE

« ដំណើរ​ទស្សនកិច្ច​របស់​លោក​ Morsi នៅព្រឹកមិញនេះ ជា​និមិត្តរូប​មួយ​ដ៏​សំខាន់​នៅ​ក្នុង​​​​ទំនាក់​​​ទំនង ​​​ជា​​ប្រពៃណី​និង​មិត្តភាព​រវាង​ប្រទេស​អ៊ីស្លាម​ទាំង​ពីរ ​អេហ្ស៊ីប​និង​​ប៉ាគីស្ថាន »នេះ​ជា​ការ​បញ្ជាក់​របស់​ក្រសួង​ការបរទេស​ប៉ាគីស្ថាន​។ ក្រសួង​ការបរទេស​ប៉ាគីស្ថាន បាន​បន្ថែម​ទៀត​ថា " ​ជា​ដំណើរ​ទស្សនកិច្ច​ទ្វេរភាគី​លើក​ដំបូង​របស់​ប្រធានាធិបតី អេហ្ស៊ីប​ម្នាក់​ចាប់​តាំង​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក Nasser នៅ​​ទស្សវត្តន៍​ឆ្នាំ​៦០​។ ចាប់​តាំង​ពី​ពេល​នោះ​មក ​លោក​​ប្រធានាធិបតី​Sadate បាន​ស្នាក់​នៅ​​ប៉ាគីស្ថាន​នៅ​ឆ្នាំ​១៩៧៤ ក្នុង​ក្របខណ្ឌ នៃ​ជំនួប​កំពូល​ពហុ​ភាគី​។

ម្យ៉ាងទៀត សេចក្តី​សម្រេចចិត្ត​ជ្រើស​យក​​ប៉ាគីស្ថាន​សំរាប់​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​របស់​លោក​ Morsiនៅ​ក្នុង​តំបន់​អាស៊ី​ខាង​ត្បូង​នេះក៏​​ជា​សញ្ញា​​បញ្ជាក់​ផង​ដែរ អំពីបំណង​របស់​អេហ្ស៊ីប​​ ​​​ក្នុងការ​​ចង់​បន្ថែម​​ទំព័រ​ថ្មី​មួយ​​នៅ​លើ​​ទំនាក់​ទំនង​ទ្វេរ​ភាគីរបស់អេហ្ស៊ីប​ជាមួយ​ប៉ាគីស្ថាន។

ក្រោយពី​​ជំនួប​រវាង​លោក Morsi ​និង​​លោក​ប្រធានាធិបតី​ប៉ាគីស្ថាន Asif Ali Zardari  កិច្ច​ព្រម​ព្រៀង​​ជា​​ឧបតោ​ភាគី​ជា​ច្រើនប្រហែល​ជា​នឹង​ត្រូវ​ចុះ ក្នុងគោលដៅ​ដើម្បី​ពង្រឹង​សហ​ប្រតិបត្តិ​ការ​ ​រវាងអេហ្ស៊ីបនិងប៉ាគីស្ថាន​នៅ​លើវិស័យ​​ស្រាវជ្រាវ​​បច្ចេកវិជ្ជា​និង​​​ការ​ប្តោះ​ប្តូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​អ៊ីស្លាម​ទាំង​ពីរ​នេះដែរ។

កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន នៅ​ពេលហៀបនឹង​​ចេញ​ដំណើរ លោក Morsi បាន​​លុប​ចោល​វិញ​ភ្លាម គម្រោង​ទស្សនកិច្ច​របស់​លោក​មួយ​នៅ​ក្រុង​អ៊ីស្លាម៉ាបាត ដើម្បី​ចូល​រួម​ជំនួប​កំពូល D8 ​ជា​ភាសា​​អង់គ្លេស«Developping Eight”។

"Developping Eight" ជា​ជំនួបកំពូល​​ដើម្បី​ង្រឹង​សហ​ប្រតិបត្តិការណ៍​ ​រវាង​​ក្រុម​ប្រទេស​អ៊ីស្លាម​ចំនួន​៨ប្រទេស​រួម​មាន​ ឥណ្ឌូនេស៊ី  ម៉ាឡេស៊ី បង់ក្លាដែស ប៉ាគីស្ថាន អ៊ីរ៉ង់ ទួរគី អេហ្ស៊ីប និង នីហ្សេរីយ៉ា។

ស្របពេល​នឹងដំណើរទស្សនកិច្ច​របស់​ប្រធានាធិបតី​អេហ្ស៊ីប​នៅ​ប៉ាគីស្ថាន​ អំពើ​​ភេរវកម្ម​​អត្ត​ឃាត​​មួយ បាន​សម្លាប់​ជីវិត​មនុស្ស​យ៉ាង​តិច​៤នាក់​និង​អ្នក​រង​របួស​២៣​នាក់​ផ្សេង​ទៀត​នៅ​ពេល​​​រសៀល​ថ្ងៃ​ចន្ទ​នេះដែរ។ ភេរវជន​អត្តឃាត​ម្នាក់ បានបំផ្ទុះ​គ្រាប់បែក​នៅ​ពី​មុខ​តុលាការ និង​​បន្ទាប់​មក​ទៀត​មាន​ការ​បាញ់​ត​ដៃ​គ្នា​​នៅ​ទីក្រុង​ Peshawar ដែល​ស្ថិត​នៅ​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​ប៉ាគីស្ថាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI