ទឹកជំនន់ឆ្នាំនេះសម្លាប់មនុស្សយ៉ាងហោច៣៩នាក់ និងបំផ្លាញទ្រព្យសម្បត្តិជាច្រើន
ដូចជារាល់ឆ្នាំដែរ ទឹកជំនន់តែងតែវាយប្រហារបណ្ដាខេត្ដ ក្រុង មួយចំនួន ក្នុងប្រទេសកម្ពុជានៅក្នុងរដូវរស្សា ជាពិសេសក្នុងកំឡុងពេលបុណ្យភ្ជុំបិណ្ឌ។ តួយ៉ាងនៅក្នុងឆ្នាំនេះ ទឹកជំនន់បានឆក់យកជីវិតមនុស្សជាច្រើន បំផ្លិចបំផ្លាញទ្រព្យសម្បត្តិប្រជាពលរដ្ឋ និងបង្អាក់ដំណើរដល់សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព និងវត្តអារាមជាដើម។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
យ៉ាងហោចមនុស្ស ៣៩ នាក់ នៅក្នុងខេត្តចំនួន៩ បានស្លាប់ដោយសារគ្រោះទឹកជំនន់ ក្នុងឆ្នាំ ២០១៣ នេះ។ លោក កែវ វី នាយខុទ្ទកាល័យនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រាប់វិទ្យុបារាំងអន្តរជាតិអោយដឹងថា ក្នុងចំណោមអ្នកស្លាប់ទាំងអស់ មាន១៨នាក់នៅក្នុងខេត្តកំពង់ចាម, ៥នាក់នៅក្នុងខេត្តព្រៃវែង ៤នាក់នៅក្រចេះ ៤នាក់នៅរតនៈគិរី ៣នាក់នៅខេត្តកណ្តាល ២នាក់នៅឧត្តរមានជ័យ ម្នាក់នៅស្ទឹងត្រែង ម្នាក់នៅព្រះវិហារ និង ម្នាក់ទៀត នៅបន្ទាយមានជ័យ។
ក្រៅពីការសម្លាប់ជីវិតមនុស្ស គ្រោះទឹកជំនន់នេះ ក៏បានធ្វើអោយប៉ះពាល់ផ្ទះសម្បែង ចំនួន ៨ម៉ឺន១ពាន់៣៥៧ខ្នង គ្រួសារចំនួន ៩.៥០៩ ត្រូវបានជម្លៀស សាលារៀនចំនួន ៥៤០ ត្រូវបានបិទ មន្ទីរពេទ្យនិងមណ្ឌលសុខភាព ចំនួន ១១ ផ្អាកដំណើរការ និងផ្ទៃដីស្រែចំនួន ៧៥.០០០ ហិកតា ត្រូវបានជន់លិច។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការ គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា ហៅកាត់ថា CCC នៅថ្ងៃទី២ ខែតុលាម្សិលមិញ។
បើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ វត្តអារាមប្រមាណ ២៤៥កន្លែង កំពុងរងការលិចលង់។ ការលិចលង់ដែលកំពុងផ្ដល់លក្ខណៈលំបាកដល់ដល់ព្រះសង្ឃ និងពុទ្ធបរិស័ទក្នុងការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០១៣ នេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ