ជនរងគ្រោះដោយទឹកជំនន់ បានត្រលប់ទៅផ្ទះវិញបណ្តើរៗ ខណៈអ្នកស្លាប់កើនដល់ ១៦៨នាក់
ពេលនេះ គឺពេលដែលទឹកជំនន់បានចាប់ផ្តើមស្រកទៅវិញ ប្រជាពលរដ្ឋដែលបានភៀសខ្លួនទៅកាន់ទីទួលសុវត្ថិភាពភាគច្រើន បានត្រលប់ទៅកាន់លំនៅស្ថានវិញហើយ។ សាលារៀនខ្លះ ដែលបានបិទទ្វារ ក្នុងពេលចូលបវេសនកាលថ្មី ក៏ចាប់ផ្តើមបើកដំណើរការវិញដែរ។ នេះជាសញ្ញាបញ្ជាក់ថា ប្រទេសកម្ពុជាចាប់ផ្តើមចាកចេញពីគ្រោះទឹកជំនន់ ក្នុងឆ្នាំ ២០១៣នេះហើយ ប៉ុន្តែ ផលវិបាករបស់វានៅមានសភាពធ្ងន់ធ្ងរ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ប្រជាជនរងគ្រោះដោយទឹកជំនន់ ហើយដែលត្រូវបានជម្លៀសចេញទៅកាន់ទីទួលសុវត្ថិភាព ប្រមាណជា ៨០ភាគរយ បានត្រលប់ទៅកាន់លំនៅស្ថានពួកគេវិញហើយ បន្ទាប់ពីទឹកជំនន់បានស្រកជាបណ្តើរៗ នៅក្នុងសប្តាហ៍នេះ។ នេះបើតាម លោក ញឹម វណ្ណដា អនុប្រធានទី១ នៃគណៈកម្មាការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបានប្រាប់វិទ្យុបារាំងអន្តរជាតិ នៅព្រឹកថ្ងៃពុធនេះ។ លោក ញឹម វណ្ណដា បាននិយាយថា ក្រោយពីប្រជាជនបានត្រលប់ទៅផ្ទះវិញ ពួកគេក៏នាំគ្នាប្រញាប់ប្រញាល់ធ្វើស្រែវស្សា មុនពេលទឹកស្រក។
ទោះជាបញ្ហាទឹកជំនន់បានចេញផុតពីកម្ពុជា ប៉ុន្តែ លោក ញឹម វណ្ណដា បានឲ្យដឹងថា ការផ្តល់ជំនួយដល់ជនរងគ្រោះ នៅតែបន្តធ្វើ។ ជាក់ស្តែង នៅព្រឹកថ្ងៃពុធនេះ ជប៉ុនបានផ្តល់ជំនួយដល់ជនរងគ្រោះទូទាំងប្រទេសកម្ពុជា សរុបជាទឹកប្រាក់ប្រមាណជា ៣២ម៉ឺនដុល្លារអាមេរិក។ កាលពីពេលកន្លងទៅ ក៏មានបណ្តាប្រទេសជិតខាងកម្ពុជា ផ្តល់ជំនួយជាបន្តបន្ទាប់ដែរ។
មកដល់ពេលនេះ ក៏មានសាលារៀនប្រមាណជា ៨០ភាគរយដែរ ដែលបើកឲ្យសិស្សចូលរៀនវិញ។ ប៉ុន្តែ ចំពោះសាលានៅខេត្តបន្ទាយមានជ័យ បាត់ដំបង និងសាលានៅក្រោមផ្លូវជាតិលេខ៥ គឺនៅមិនទាន់អាចឲ្យសិស្សចូលរៀនបានទេ ដោយសារតំបន់ទាំងនេះរងការខូចខាតធ្ងន់ធ្ងរ ហើយក្រសួងអប់រំត្រូវចាត់ការសំអាតឲ្យបានស្អាតល្អសិន។ នេះបើតាមលោក ញឹម វណ្ណដា។
គួរបញ្ជាក់ថា ទឹកជំនន់ឆ្នាំ ២០១៣នេះ បានសម្លាប់មនុស្ស ១៦៨នាក់ និងប៉ះពាល់ដល់ប្រជាជនជាង ២លាននាក់ ហើយប៉ះពាល់ដល់ដំណាំស្រូវជាង ៣០ម៉ឺនហិកតា។ តាមលោក ញឹម វណ្ណដា បើគិតត្រឹមតែទឹកជំនន់ក្នុងខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង គឺខាតបង់ថវិកាអស់ប្រមាណជា ៥០០លានដុល្លារអាមេរិក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ