កម្ពុជា

ស្ថាន​ភាព​ទឹក​ចាប់​ផ្តើម​ស្រក​ ខណៈ​រដូវ​កាល​ទឹក​ជំនន់​បាន​បញ្ចប់​ទាំង​ស្រុង​

កុមារា​លេង​ទឹកជំនន់​ក្នុង​ពេល​កន្លង​មក
កុមារា​លេង​ទឹកជំនន់​ក្នុង​ពេល​កន្លង​មក RFI/Siv Channa

មន្ត្រី​ធន​ធាន​ទឹក​បាន​ឲ្យ​ដឹង​ថា ទឹក​ជំនន់​ទន្លេ​មេគង្គ និង​ជំនន់​ទឹក​ភ្លៀង​ ដែល​បាន​​ជន់​លិច​ខេ​ត្ត-ក្រុង​មួយ​ចំនួន​​របស់​ប្រទេស​កម្ពុជា​អ​ស់​រយៈ​ពេល​ជាង១​ខែក​ន្លង​ទៅនេះ បាន​ចា​ប់​​ផ្តើម ស្រក​ទៅវិញ។ ហើយ​ការស្រុត​ស្រក​​នៃទឹក​ជំនន់នៅ​ពេលនេះ ក៏ជា​សញ្ញា​បញ្ជាក់​ថា ទឹក​​ជំនន់ ក៏​បាន​ដល់​ពេល​បញ្ចប់​រដូវ​កាល​របស់​ខ្លួន​ផងដែរ ​ខណៈ ភ្លៀង​ចុង​រ​ដូវ​វស្សា​នឹង​ប​ន្ត​​ធ្លាក់ ​បន្តិច បន្តួច រហូត​ដល់ខែ​វិច្ឆិកា។​

ផ្សាយពាណិជ្ជកម្ម

 លោក ចាន់ យុត្ថា នាយក​ខុទ្ទកាល័យ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយមបានថ្លែងប្រាប់​វិទ្យុ​បារាំង​នៅថ្ងៃសៅរថា ស្ថានភាពទូទៅនៃទឹកជំ​នន់ដែលជន់លិចនៅតាមបណ្តា​ខេត្ត​នានា​ក្នុង​ប្រទេសកម្ពុជា​មានភាពធូរស្រាលច្រើនហើយរហូតដល់ពេលនេះ បើទោះបីជាទឹក​នៅបន្ត​លិច​ខេត្តមួយចំនួនក៏ដោយ។

 
បើតាមលោក ចាន់ យុត្ថា ទឹកនៅបន្តលិចក្រុងសេរីសោភ័ណ និងស្រុកមង្គលបូរី ខេត្ត​បន្ទាយ​មាន​ជ័យ ហើយជន់នៅក្នុងខេត្តកំពង់ធំ ប៉ុន្តែមិនមានភាពធ្ងន់ធ្ងរនោះទេ។ លោក​បន្ត​ថា ទឹកជំនន់​ទន្លេមេគង្គ បានធូរស្រាលទាំងស្រុង មិនមានជំនន់បន្តទៀតទេ ចំណែក​ជំនន់​ទឹក​ភ្លៀង​ក៏ចាប់ផ្តើមស្រកច្រើន។ ហើយទឹកជំនន់ក៏ដល់ពេលវេលាបញ្ចប់​រដូវ​របស់ខ្លួនទាំងស្រុង​ផង​ដែរចាប់ពីពេលនេះតទៅ។

មន្ត្រីធនធានទឹកដដែលបានបញ្ជាក់ថា ជារួមសា្ថនភាពអាកាសធាតុ និងទឹកជំនន់គឺបានធូរ​ស្រាល ក៏ប៉ុន្តែសម្រាប់ការធ្លាក់ភ្លៀងនៅតែបន្ត តែមិនមែនភ្លៀងជាប្រព័ន្ធនោះទេ គឺជាការ​ធ្លាក់ភ្លៀងចុងរដូវវស្សាតែប៉ុណ្ណោះ។

បើតាមលោក ចាន់ យុត្ថា ភ្លៀងចុងរដូវវស្សាអាចនៅបន្តធ្លាក់រហូតដល់ចុងខែតុលា សម្រាប់​តំបន់ខ្ពង់រាប ហើយតំបន់ទំនាបកណ្តាល និងមាត់សមុទ្រ ការធ្លាក់​ភ្លៀងអាចបន្តអូស​បន្លាយ​ដល់សប្តាហ៏ទី២នៃខែវិច្ឆិកា។

ដោយឡែកលោក ញឹម វណ្ណដា អនុប្រធាន​ទី​១​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្ត​រាយ​ បានឲ្យដឹងថា គិត​ត្រឹម​ថ្ងៃ​សុក្រ ទី​១៨ ខែ​តុលា​ ចំនួន​មនុស្ស​ស្លាប់​ដោយសារ​ទឹកជំនន់​​បាន​​កើន​ទ្បើង​ដល់​១៣៩ នាក់។ លោក បន្តថា គណៈ​កម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្ត​រាយ​​​កំពុង​បូកសរុប​ផលប៉ះពាល់​ផ្សេងៗ​ទៀតដែលបង្កឡើងដោយទឹកជំនន់​។​

បើតាម លោក អ៊ុយ សំអាត ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​គ្រោះ​មហន្តរាយ​នៃ​កាកបាទ​ក្រហម​កម្ពុជា  កាកបាទក្រហម និងអាជ្ញាធរតាមខេត្ត បានផ្តល់ជំនួយសង្រ្គោះ​បន្ទាន់​ដល់​គ្រួសារ​ដែល​រងគ្រោះដោយទឹកជំនន់បានប្រមាណជិត៤ម៉ឺនគ្រួសារ ហើយនឹងបន្ត​សកម្មភាព​ជួយ​បន្តបន្ទាប់ទៀត។

របាយការណ៏នានារបស់អង្គការក្រៅរដ្ឋាភិបាលបង្ហាញថា គ្រោះទឹកជំនន់ក្នុងឆ្នាំនេះ​បាន​ប៉ះ​ពាល់​ដល់ខេត្ត-ក្រុងចំនួន១៥ នៃខេត្ត-ក្រុង២៤ទូទាំងប្រទេស។ ស្រូវវស្សាប្រមាណជាង ១២ម៉ឺនហិកតាបានលិចលង់ និងខូចខាត ប្រជាជនប្រមាណជាង ៨០ម៉ឺននាក់បានប៉ះពាល់ និងសាលារៀនប្រមាណជាង ៥០០ខ្នងបានលិច៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI