ជំនន់ទឹកភ្លៀងធូរស្រាល ខណៈដែលកាកបាទក្រហមផ្តើមផ្តល់ជំនួយសង្គ្រោះបន្ទាន់
រហូតមកដល់ល្ងាចថ្ងៃព្រហស្បតិ៍នេះ ស្ថានភាពទឹកជំនន់ទឹកភ្លៀងបានធូរស្រាលហើយ។ ទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ ជាប់ព្រំដែនថៃ ដែលរងគ្រោះធ្ងន់ធ្ងរជាងគេ ក៏បានស្រកចុះ។ ចំណែកប្រជាជនជាង ៣.០០០ គ្រួសារ ដែលគេចចេញពីទឹកជំនន់ មករស់នៅទីទួលសុវត្ថិភាព ក៏ត្រៀមខ្លួននឹងវិលត្រឡប់ទៅកាន់ភូមិស្ថានវិញដែរ។ រីឯទឹកទន្លេមេគង្គ ក៏នៅកម្រិតទាបជាងឆ្នាំមុន ដែលនឹងមិនបង្កជាគ្រោះទឹកជំនន់នាពេលខាងមុខឡើយ។
ចុះផ្សាយនៅថ្ងៃ៖
រហូតដល់ថ្ងៃព្រហស្បតិ៍នេះ ជំនន់ទឹកភ្លៀង ដែលបានជន់លិចច្បារដំណាំ ស្រូវស្រែ និងលិចភូមិស្ថាន ដែលធ្ងន់ធ្ងរជាងគេនៅខេត្តបន្ទាយមានជ័យ បានស្រកចុះបន្តិចហើយ។
បន្ទាប់ពីធ្វើដំណើរពិនិត្យស្ថានភាពទឹកជំនន់នៅតាមខេត្តជុំវិញបឹងទន្លេសាប ហើយនៅថ្ងៃព្រហស្បតិ៍នេះ ស្ថិតនៅខេត្តកំពង់ចាម លោក ញឹម វណ្ណដា ទេសរដ្ឋមន្ត្រី និងជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបន្តផ្តល់ដំណឹងដល់វិទ្យុបារាំងអន្តរជាតិ ថា ទឹកទន្លេមេគង្គ មកដល់ពេលនេះ ខុសគ្នា ៤,៥ ម៉ែត្រ នៅខេត្តក្រចេះ បើធៀបនឹងឆ្នាំមុនៗ ដែលនាំឲ្យយើងសន្និដ្ឋានថា ទឹកទន្លេ នឹងមិនបង្កជាទឹកជំនន់ទេ នៅពេលខាងមុខ។ ចំណែកទឹកជំនន់ដោយទឹកភ្លៀង នៅខេត្តព្រះវិហារ ទឹកបានស្រក ហើយហូរមកពេញដងស្ទឹងសែន នៅកំពង់ធំ តែមិនមានបញ្ហាទេ។ រីឯនៅខេត្តសៀមរាប ទឹកក៏បានស្រក។ ចំណែកស្រូវប្រមាណ ៤.០០០ ហិកតា នៅស្រុកពួក ខេត្តសៀមរាប ដែលបានលិចលង់ប៉ុន្មានថ្ងៃមកនេះ ក៏មិនរងការខូចខាតអ្វីទេ។
លោក ញឹម វណ្ណដា បានបន្ថែមថា ជំនន់ទឹកភ្លៀង នៅឯប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាប់ព្រំដែនថៃ នៅថ្ងៃនេះ បានស្រក ៣,៥ តឹក។ រីឯផ្សាររុងក្លឿ ជាប់ព្រំដែនប៉ោយប៉ែត នៅទឹកដីថៃ ទឹកជំនន់ក៏បានស្រកដែរ។
លោក ញឹម វណ្ណដា បន្តថា ប្រជាជនប្រហែលជាង ៣.០០០ គ្រួសារ ដែលបានមករស់នៅទីទួលសុវត្ថិភាព ក៏បានត្រៀមខ្លួន ដើម្បីវិលត្រឡប់ទៅកាន់ភូមិកំណើតវិញ ក្នុងពេលប៉ុន្មានថ្ងៃទៀតនេះ បើសិនជាគ្មានភ្លៀង។
នៅថ្ងៃព្រហស្បតិ៍នេះ កាកបាទក្រហមកម្ពុជា ក៏បាននាំជំនួយសង្គ្រោះបន្ទាន់ ផ្តល់ឲ្យពលរដ្ឋរងគ្រោះដោយទឹកជំនន់ជាង ២០០ គ្រួសារ នៅស្រុកអូរជ្រៅ។ ចំណែកប្រជាជនប្រមាណ ១.០០០ គ្រួសារទៀត នៅប៉ោយប៉ែត នឹងទទួលជំនួយពីកាកបាទក្រហម នៅថ្ងៃស្អែក។
លោក ញឹម វណ្ណដា ក៏បានបញ្ជាក់ថា ស្រូវដែលលិចលង់កន្លងមក នៅខេត្តបន្ទាយមានជ័យ ប្រហែល ៨.០០០ ហិកតា មិនខូចខាតទេ។ តែដំឡូងមី លិចទឹក ១.៥០០ ហិកតា ប្រហែលជាខូចខាត ៥០%។
ផ្ទុយទៅវិញ ទឹកភ្លៀង ដែលបង្កជាទឹកជំនន់ នាពេលនេះ ត្រូវបានលោក ញឹម វណ្ណដា លើកឡើងថា នៅទូទាំងប្រទេស មានភ្លៀងគ្រប់គ្រាន់ ធ្វើឲ្យសន្ទូងស្រូវល្អ ហើយជំរុញឲ្យការបង្កបង្កើនផលស្រូវបានទិន្នផលខ្ពស់ ពោលគឺទឹកភ្លៀង ពេលនេះ បានបញ្ចប់នូវគ្រោះរាំងស្ងួត។
អំពីចំនួនជនរងគ្រោះ ដែលបានបាត់បង់ជីវិតដោយសារជំនន់ទឹកភ្លៀងវិញ ក៏ត្រូវបានលោក ញឹម វណ្ណដា នៅតែរក្សាតួលេខចាស់ថា មានតែមនុស្សពីរនាក់ប៉ុណ្ណោះ បានស្លាប់ ដោយលង់ទឹក កាលពីថ្ងៃម្សិលមិញ។
យ៉ាងណាក៏ដោយ នៅថ្ងៃព្រហស្បតិ៍នេះ មានសេចក្តីរាយការណ៍ថា ក្មេងប្រុស អាយុ ១២ឆ្នាំ នៅល្ងាចមិញ ត្រូវទឹកហូរកួចស្លាប់ នៅក្រុងប៉ោយប៉ែត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ