ស្ថាបនិកក្រុមអាវលឿងគាំទ្ររាជានិយមថៃ ជាប់ពិរុទ្ធពីបទប្រមាថព្រះមហាក្សត្រ
នៅថ្ងៃអង្គារម្សិលមិញនេះ សាលាឧទ្ធរណ៍ថៃបានសំរេចដាក់ទោសអ្នកគាំទ្ររាជានិយមមួយរូប អោយជាប់ពន្ធនាគារពីរឆ្នាំ ពីបទប្រមាថព្រះមហាក្សត្រ។ ជនជាប់ទោសនោះ គឺលោក សុន្ធិ លឹមថុងគល់ ជាស្ថាបនិកនៃចលនាក្រុមអាវលឿងថៃ ដែលធ្លាប់បានធ្វើសកម្មភាពរាប់ខែ ប្រឆាំងអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា។ ការដាក់ទោសនេះ សបង្ហាញពីច្បាប់ដ៏តឹងតែងរបស់រដ្ឋាភិបាលថៃ ក្នុងការការពារព្រះមហាក្សត្រ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅថ្ងៃអង្គារម្សិលមិញ សាលាឧទ្ធរណ៍ថៃ មិនបានយោគយល់មុខ លោក សុន្ធិ លឹមថុងគល់ ជាស្ថាបនិកនៃចលនាក្រុមអាវលឿងថៃ ដែលជាចលនាគាំទ្ររាជានិយម នោះទេ។ ច្បាប់ការពារព្រះមហាក្សត្រដែលរដ្ឋាភិបាលអនុវត្តឥតខ្ចោះនោះ តំរូវអោយសាលាឧទ្ធរណ៍សំរេចដាក់ទោសលោក សុន្ធិ អោយជាប់ពន្ធនាគារពីរឆ្នាំ ពីបទបានប្រមាថព្រះមហាក្សត្រ។
លោក សុន្ធិ ដែលជាអ្នកគាំទ្រព្រះមហាក្សត្រយ៉ាងមោះមុតនោះ ធ្លាប់បានបរិហារស្ត្រីមួយរូប ដែលជាសកម្មជនក្រុមអាវក្រហម គាំទ្រអតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន កាលពីឆ្នាំ២០០៨។ ស្ត្រីរូបនេះ ធ្លាប់បានរិះគន់ព្រះមហាក្សត្រ ហើយបានទទួលទោសជាប់ពន្ធនាគារ១៥ឆ្នាំ។
អ្វីដែលលោក សុន្ធិ មិនបានប្រុងប្រយ័ត្នក្នុងសន្ទរកថារបស់លោក ក្នុងការបរិហារស្ត្រីរូបនេះ គឺថា សុន្ធិ បានលើកឡើងនូវពាក្យពេចន៍ប្រមាថព្រះមហាក្សត្ររបស់ស្ត្រីរូបនោះ ដោយលោកបាននិយាយត្រាប់តាមគ្រប់ឃ្លាប្រយោគ ឥតខ្ចោះ ពីដើមដល់ចុង។ ដូច្នេះ ទោះជាលោកសុន្ធិ ជាអ្នកគាំទ្ររាជានិយមបែបណាក្តី លោកបានបញ្ចេញមក នូវពាក្យពេចន៍ប្រមាថព្រះមហាក្សត្រ ដែលច្បាប់ថៃមិនអាចអត់ឳនអោយបាន។
សុន្ធិ លឹមថុងគល់ បានចាត់ទុកការកាត់ទោសរូបលោក ថាមានបែបផែននយោបាយ។ ក្នុងពេលកំពុងចាំបន្តការប្តឹងទៅតុលាការកំពូលទៀតនោះ លោកសុន្ធិ ត្រូវបានអនុញ្ញាតអោយរួចខ្លួនបណ្តោះអាសន្ន តាមរយៈការបង់ប្រាក់កក់។ គួររំលឹកថា កាលពីឆ្នាំ២០១២កន្លងទៅ សុន្ធិ លឹមថុងគល់ ត្រូវបានតុលាការសំរេចអោយរួចខ្លួន ពីបទចោទប្រកាន់ថាបានប្រមាថព្រះមហាក្សត្រ។ ប៉ុន្តែ ព្រះរាជអាជ្ញាថៃបានទាមទារអោយមានការជំនុំជម្រះឡើងវិញ។
នៅប្រទេសថៃ ព្រះមហាក្សត្រគ្មានមុខងារផ្លូវការអ្វីក្នុងឆាកនយោបាយឡើយ ប៉ុន្តែ ត្រូវបានច្បាប់ការពារ។ ច្បាប់ការពារព្រះមហាក្សត្រថៃនេះ គឺជាច្បាប់ដ៏តឹងតែងបំផុតមួយក្នុងពិភពលោក ដូចជាច្បាប់ការពារព្រះមហាក្សត្រនៅប្រទេសអារ៉ាប៊ី សាអ៊ូឌីតយ៉ាងដូច្នោះដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ