កូរ៉េខាងត្បូង

ស្ថាបនិក​នៃ​និកាយ​សាសនា​មូន​បាន​ទទួល​អនិច្ចកម្ម​ក្នុង​ជន្មាយុ ៩២ឆ្នំា

ស្ថាបនិក​នៃ​និកាយ​សាសនា​មូន​បាន​ទទួល​អនិច្ចកម្ម​ក្នុង​ជន្មាយុ ៩២ឆ្នំា
ស្ថាបនិក​នៃ​និកាយ​សាសនា​មូន​បាន​ទទួល​អនិច្ចកម្ម​ក្នុង​ជន្មាយុ ៩២ឆ្នំា REUTERS/Lee Jae-Won

នៅ​កូរ៉េខាងត្បូង លោក Moon Sun-myung ស្ថាបនិក​វិហារ​នៃ​ការ​បង្រួបបង្រួម​ ដែល​គេ​ស្គាល់​​ក្រោម​ឈ្មោះ​ថា « និកាយ​សាសនាមូន » បាន​ទទួល​អនិច្ចកម្ម​នៅ​ថ្ងៃអាទិត្យ ទី២ កញ្ញា​ម្សិលមិញ ក្នុង​ជន្មាយុ ៩២​ឆ្នាំ។ ក្រៅ​ពី​មាន​ឋានៈ​ជា​បុព្វជិក លោក Moon Sun-myung ក៏​ជា​មហាសេដ្ឋី​ម្នាក់​ដែរ។

ផ្សាយពាណិជ្ជកម្ម

មាន​អាយុ ៩២ឆ្នំា លោក Moon Sun-myung បាន​ចាប់​កំណើត​នៅ​ក្នុង​ទឹកដី​កូរ៉េខាងជើង​ក្នុង​ឆ្នំា ១៩២០។ តែ​គឺ​នៅ​ក្នុង​ទឹកដី​កូរ៉េខាងត្បូង​ឯណោះ​ទេ ដែល​លោក Moon Sun-myung បាន​បង្កើត​វិហារ​នៃ​ការ​បង្រួបបង្រួម​ ដែល​គ្រប់​គ្នា​បាន​ស្គាល់​​ក្រោម​ឈ្មោះ​ថា « និកាយ​សាសនាមូន »។ នៅ​ក្នុង​ដំណើរ​ជីវិត​ដ៏​អស្ចារ្យ​របស់​គាត់ លោក Moon Sun-myung ធ្លាប់​បាន​ជាប់​គុក ទំាង​នៅ​ក្នុង​ទឹកដី​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង​ពី​សកម្មភាព​ផ្សព្វផ្សាយ​លទ្ធិ​សាសនា មុន​នឹង​បាន​ចាកចេញ​ទៅ​រស់​នៅ​សហរដ្ឋអាមេរិក។

លោក Moon Sun-myung ខ្លួន​ឯង​បាន​តំាង​ខ្លួន​ជា​បិតា​មនុស្សជាតិ​ពិតប្រាកដ និង​ថែម​ទំាង​បាន​បញ្ចុះបញ្ចូល អូសទាញ​មនុស្ស​រាប់ពាន់ រាប់​លាន​នាក់​នៅ​ទូទំាង​ពិភពលោក​ឲ្យ​ជឿ​ស៊ុប​លើ​និកាយ​របស់​ខ្លួន។ ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ បុព្វជិត Moon ក៏​បាន​រង​ការ​ចោទប្រកាន់​ពី​បទ​ទាញ​យក​ប្រយោជន៍​ផ្ទាល់​ខ្លួន​ពី​អង្គការ​និកាយសាសនា Moon ដែរ។

គួរ​បញ្ជាក់​ជូន​ថា ភាព​ល្បីល្បាញ​យ៉ាង​ឆាប់រហ័ស​របស់​និកាយ​សាសនា Moon ត្រូវ​បាន​គេ​ស្គាល់​ឡើង តាម​រយៈ​ការ​រៀបចំ​ពិធី​មង្គលការ​នៅ​ក្នុង​ពហុកីឡាដ្ឋាន ក្នុង​ពេល​តែ​មួយ ដោយ​មាន​គូស្រករ​ចូល​រួម​រាប់ពាន់​គូ មក​ពី​គ្រប់​ជ្រុងជ្រោយ​ក្នុង​លោក ហើយ​ជា​ទូទៅ កូនកំលោះ និង​កូនក្រមុំ​ទំាង​អស់​មិន​ដែល​ស្គាល់​គ្នា ពី​ពេល​មុន​ទេ។ សម្រាប់​បុព្វជិត Moon អាពាហ៍ពិពាហ៍​ចម្រុះ​វប្បធម៌​របៀប​នេះ គឺ​ជា​មធ្យោបាយ​យ៉ាង​ឆាប់​រហ័ស​មួយ​ដើម្បី​នំា​សន្តិភាព​ឲ្យ​ពិភពលោក។ ទន្ទឹម​គ្នា​នេះ បុព្វជិត Moon ក៏​ជា​សកម្មជន​ម្នាក់​ដែល​ចង់​ឲ្យ​កូរ៉េ​ទំាង​ពីរ​រួបរួម​គ្នា​ឡើង​វិញ។ លោក Moon ធ្លាប់​បាន​ជួប​អតីត​អគ្គមគ្គុទ្ទេសក៍ គីម អ៊ីលស៊ុង និង​បាន​សាងសង់​រោងចក្រ​ដំឡើង​រថយន្ត​មួយ​នៅ​កូរ៉េខាងជើង។

បុព្វជិត Moon បាន​ទទួល​អនិច្ចកម្ម​បាត់​ទៅ​ហើយ តែ​មហាសេដ្ឋី​រូប​នេះ​បាន​បន្សល់​ទុក​នូវ​មហាសម្បត្តិ​យ៉ាង​សន្ធឹកសន្ធាប់ ព្រោះ​លោក​ជា​ថៅកែ​​កាសែត ថៅកែ​សណ្ឋាគារ ថៅកែ​មហាវិទ្យាល័យ ថៅកែ​រោងចក្រ​ផលិត​ម្ហូប​ជប៉ុន Sushis នៅ​អាមេរិក ថៅកែ​រោងចក្រ​សំណង់ ថៅកែ​រោងចក្រ​គ្រឿងសព្វាវុធ និង​រោងចក្រ​កសិស្បៀងអាហារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI