មហាអយ្យការុស្ស៊ី បើកប្រតិបត្តិការផ្ទៀងផ្ទាត់ សកម្មភាពនៃមូលនិធិអាមេរិកាំង
ចុះផ្សាយនៅថ្ងៃ៖
មូលនិធិអាមេរិកាំងដែលដំណើរការនៅរុស្ស៊ី ក្រោមឈ្មោះថា Ronald McDonald ត្រូវអាជ្ញាធររុស្ស៊ីសង្ស័យថា គៃបន្លំលុយដែលទុកសម្រាប់ឧបត្ថម្ភដល់សេចក្តីត្រូវការរបស់ កុមារ។ ប៉ុន្តែ អគ្គនាយិកាមូលនិធិ បានថ្លែងកាលពីល្ងាចថ្ងៃអង្គារ ទៅពួកអ្នកកាសែត ដោយបានច្រានចោល រាល់តែការចោទប្រកាន់ទាំងអស់។
កាលពីថ្ងៃ៧តុលា រដ្ឋអាជ្ញាក្រុងម៉ូស្គូ បានទាមទារពីយើង ឲ្យបង្ហាញក្រដាសស្នាម ដែលបញ្ជាក់ពី លក្ខន្តិកៈមូលនិធី” គ្រឹះស្ថាន Ronald McDonald “ និងពី សកម្មភាពហិរញ្ញវត្ថុ របស់អង្គការនេះ សម្រាប់ឆ្នាំ២០១៣-២០១៤ “។ សេចក្តីនេះថ្លែងទៅ AFP ដោយលោកស្រី ស្វេតឡាណា ប៉ូលែកូវ៉ា នាយិកានៃគ្រឹះស្ថានដែលបានបើកទ្វារខ្លួន ដំណើរការនៅរុស្ស៊ី កាលពីឆ្នាំ១៩៩៥។ មូលនិធិ Ronald McDonald ដែលទទួលហិរញ្ញប្បទាន ពី បណ្តាញភោជនីយដ្ឋានពិភពលោក ខាងផលិតអាហារលឿនរហ័ស ហៅថា McDonald’s តែងជាប់ដៃរវល់នឹង អំពើផ្តល់កុសល ដែលជាញឹកញយ គឺជួយដល់កុមារ។
តាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី ការធ្វើអធិការកិច្ចផ្ទៀងផ្ទាត់ដោយមហាអយ្យការនោះ គឺប្រព្រឹត្តទៅ ស្របនឹងសំណូមពរ តំណាងរាស្ត្រម្នាក់ ខាងបក្ស ”ប្រទេសរុស្ស៊ីយុត្តិធម៏” ដែលមាន ៥៦ អាសនៈ លើអាសនៈសរុបចំនួន៤៥០ នៃសភាឌូម៉ា គឺ លោក អង់ដ្រេ គ្រូតូវ ដែលសង្ស័យថា មូលនិធិអាមេរិកាំងនេះ ចេះតែគៃបន្លំធនធានដែលទទួលបាន។
ក្នុងសម្ភាសន៍ទៅវិទ្យុរុស្ស៊ី Echo de Moscou លោកតំណាងរាស្ត្រ ពន្យល់បំភ្លឺថា ធនធានដែលប្រមូលបាននោះ មិនស្ទើរទេក្នុង១ឆ្នាំៗ ម្តុំ៣លានដុល្លារ ដូច្នេះក្នុង១៥ឆ្នាំចុងក្រោយ គឺឡើងដល់ ទំហំពី២០ទៅ៣០លានដុល្លារ។ រីឯការចំណាយ ដែលយើងចេះស្រង់បានពីគេហទំព័រមូលនិធិគឺវាមិនស៊ីគ្នា នឹងខ្ទង់ចំណាយដែលមានជាក់ស្តែង។
លោកស្រីអគ្គនាយិកាមូលនិធិបានលំអិតថា “រាល់ក្រដាសស្នាមដែលត្រូវការជាចាំបាច់” ខាងលោកស្រីបានប្រគល់ទៅមហាអយ្យការុស្ស៊ីទៅហើយ រួចគាត់សូមប្រកាសច្រានចោល រាល់តែការចោទប្រកាន់ ដែល”គ្មានអ្វីជាសំអាង” ឡើយ។ តាមប្រសាសន៍លោកស្រី មូលនិធិ Ronald McDonald ក្នុងការងារខ្លួននៅរុស្ស៊ីអស់ជិត២០ឆ្នាំកន្លងទៅ បានជួយដល់កុមាររុស្ស៊ី រាប់ពាន់នាក់ និងគ្រួសារគេ ដែលស្ថិតក្នុងស្ថានភាពលំបាក។
ជាការកត់សម្គាល់ ក្នុងផ្ទៃនៃទណ្ឌកម្មពីខាងអាមេរិកនិងបស្ចិមលោក ទល់នឹងរុស្ស៊ី ដោយមកពីស្ថានការណ៍នៅអ៊ុយក្រែន អស់ប៉ុន្មានសប្តាហ៍ជាប់មកហើយ អាជ្ញាធររុស្ស៊ី វាតប្រតិបត្តិការ ឆែកឆេរផ្ទៀងផ្ទាត់មើល សកម្មភាពភោជនីយដ្ឋាន McDonald’s ក្នុងប្រទេស រុស្ស៊ី។ ពីក្នុងចំណោមភោជនីយដ្ឋាននេះ ចំនួន ៤៣៥ កន្លែងនៅរុស្ស៊ី ប្រមាណ១០០ ត្រូវបានប្រកាស ឲ្យបិទទ្វារមួយរយៈពេលសិន ក្រោមលេសថា ការងារវាមិនឆ្លើយស្រប នឹងបទដ្ឋានអនាម័យ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ