អង្គការអូតង់បារម្ភពីវត្តមានកងទ័ពរុស្ស៊ីនៅភាគខាងកើតអ៊ុយក្រែន
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅថ្ងៃអាទិត្យនេះ លោក ហ្វីលីព ប្រ៊ីតឡវ Philip Breedlove ជាមេបញ្ជាការកងកម្លាំងអង្គការអូតង់នៅអឺរ៉ុប បានសំដែងការព្រួយបារម្ភ ចំពោះវត្តមានកងទ័ពរុស្ស៊ីសន្ធឹកសន្ធាប់នៅព្រំដែនភាគខាងកើតអ៊ុយក្រែន ដែលអាចនឹងគំរាមកំហែងតំបន់ត្រង់ស្ន៊ីសទ្រី Transnistrie ជាតំបន់ផ្តាច់ទឹកដី ពីប្រទេសម៉ុលដាវី នៅក្បែរនោះ។
នៅថ្ងៃអាទិត្យនេះ លោក ហ្វីលីព ប្រ៊ីតឡវ Philip Breedlove ជាមេបញ្ជាការទ័ពអង្គការអូតង់នៅអឺរ៉ុប បានសំដែងការព្រួយបារម្ភចំពោះវត្តមានកងកម្លាំងរុស្ស៊ីនៅព្រំដែនភាគខាងកើតអ៊ុយក្រែន។ អង្គការអូតង់យល់ថា ទង្វើនេះអាចគំរាមកំហែងតំបន់ត្រង់ស្ន៊ីសទ្រី Transnistrie ជាតំបន់ផ្តាច់ទឹកដីពីប្រទេសម៉ុលដាវី ដែលស្ថិតនៅក្បែរព្រំដែនអ៊ុយក្រែននោះ។ មេបញ្ជាការអង្គការអូតង់Philip Breedlove សង្ស័យថារុស្ស៊ីអាចប្រើមធ្យោបាយដូចនៅគ្រីមេ ដើម្បីធ្វើការលុកលុយតំបន់ចន្លោះព្រំដែនរវាងអ៊ុយក្រែន និងម៉ុលដាវីនោះ បានរហ័សបំផុត។ ជាង១០ថ្ងៃមកនេះ កងកាំភ្លើងធំរុស្ស៊ីបានធ្វើការហ្វឹកហាត់ដោយមានទាហានទាហានចូលរួម៨ពាន់៥រយនាក់។
ដោយឡែក ក្រុងម៉ូស្គូបានបដិសេធថា រុស្ស៊ីមិនបានប្រមូលផ្តុំទ័ពនៅព្រំដែនអ៊ុយក្រែននោះទេ។ ក្រសួងការពារជាតិរុស្ស៊ីបានអះអាងថា រុស្ស៊ីអនុលោមស្របតាមកិច្ចព្រមព្រៀងអន្តរជាតិនានា ដែលតំរូវអោយដាក់កម្រិតកំណត់ចំនួនកងទ័ព នៅតាមតំបន់ព្រំដែនជាប់ជាមួយអ៊ុយក្រែន។ ក្រសួងការពារជាតិរុស្ស៊ីបន្ថែមថា មួយខែមកនេះ ក្រុមសង្កេតការណ៍អន្តរជាតិចំនួន៨ បានចុះទៅរុស្ស៊ី ពិនិត្យទីកន្លែងតាមព្រំដែនទាំងនេះ ហើយបានសន្និដ្ឋានថា គ្មានការគំរាមកំហែងអ្វីនោះទេ។
គួររំលឹកថា តំបន់ Transnistrie បានផ្តាច់ទឹកដី និងបានទទួលឯករាជ្យចេញពីប្រទេសម៉ុលដាវី កាលពីឆ្នាំ១៩៩០។ តំបន់នេះចង់ភ្ជាប់ខ្លួនចូលក្នុងសហព័ន្ធរុស្ស៊ី។ កាលពីថ្ងៃអង្គារសប្តាហ៍មុន លោកមីខាអែល បួរឡា ជាប្រធានសភាតំបន់ Transnistrie បានសុំ អោយសភាជាន់ខ្ពស់រុស្ស៊ី រៀបចំបែបបទ ដើម្បីភ្ជាប់តំបន់ Transnistrie ចូលក្នុងទឹកដីរុស្ស៊ី។ ប្រធានសភា តំបន់ Transnistrie រំលឹករុស្ស៊ីពីលទ្ធផលនៃការបោះឆ្នោតប្រជាមតិកាលពីឆ្នាំ២០០៦ នៅតំបន់នេះ ជាលទ្ធផលបង្ហាញថា ប្រជាជន៩៧ភាគរយ នៅTransnistrie ចង់ភ្ជាប់តំបន់ចូលក្នុងទឹកដីរុស្ស៊ី។ គួររំលឹកដែរថា កាលណោះ សហភាពអឺរ៉ុបមិនបានទទួលស្គាល់ការធ្វើប្រជាមតិនៅ Transnistrieទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ