មន្រ្តីយោធា​របស់សម្ព័ន្ធ​អន្តរជាតិ ប្រយុទ្ធប្រឆាំង​នឹងក្រុម​​ជីហាត ជួប​​ប្រជុំ​គ្នា នៅ​វ៉ាស៊ីនតោន

សំឡេង ០៧:៣៧
នាយសេនាធិការអាមេរិក​លោក​ Martin Dempsey​នឹង​ដឹកនាំ​កិច្ចប្រជុំ​របស់​មន្រ្តីយោធា​របស់​សម្ព័ន្ធ​អន្តរជាតិ​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ក្រុម​ជីហាត នៅថ្ងៃ​អង្គារ​ទី ១៤ តុលា
នាយសេនាធិការអាមេរិក​លោក​ Martin Dempsey​នឹង​ដឹកនាំ​កិច្ចប្រជុំ​របស់​មន្រ្តីយោធា​របស់​សម្ព័ន្ធ​អន្តរជាតិ​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ក្រុម​ជីហាត នៅថ្ងៃ​អង្គារ​ទី ១៤ តុលា REUTERS/Larry Downing

ការវាយប្រហារ​ទ័ព​អាកាស​របស់​សម្ព័ន្ធ​អន្តរជាតិ​ ទៅលើ​ក្រុមជីហាត នៅ​ស៊ីរី និងអ៊ីរ៉ាក់​ហាក់គ្មាន​ប្រសិទ្ធិភាព ដើម្បី​កាត់បន្ថយ​កម្លាំង​របស់​ក្រុមជីហាត​ដែល​ចេះ​តែ​រុល​ទៅមុខ​ឥត​ឈប់។ នៅ​អ៊ីរ៉ាក់ ក្រុមជីហាត​កំពុង​ខិត​ទៅ​ជិត​ក្រុង​បាកដាដ ចំណែក កាលពីថ្ងៃ​ចន្ទ ទី ១៣​តុលា គឺ​ នៅ​មួយ​សប្តាហ៍​ក្រោយ​បើកសមរភូមិ​ប្រយុទ្ធ​លើ​ទីក្រុង​កូបាណេ ក្នុង​ទឹកដី​ស៊ីរី ក្រុមជីហាត​នៃ​អង្គការ​រដ្ឋអ៊ីស្លាម​បាន​វាយចូល​​ដល់​បេះដូង​របស់​ទីក្រុងនេះ។ នៅចំពោះមុខ​នៃ​ការរុល​ទៅមុខ​របស់​ក្រុមជីហាត នៅ​ក្រុង​កូបាណេ ​នៅថ្ងៃ​អង្គារ​ទី ១៤ តុលា នៅ​ទីក្រុង​វ៉ាស៊ីនតោន មន្រ្តីយោធា​​របស់​ប្រទេស​សម្ព័ន្ធមិត្ត​ទាំង​២២​ត្រូវ​ជួប​ប្រជុំ​គ្នា ក្រោម​អធិបតីភាព​របស់​លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា ដើម្បី​រិះរក​យុទ្ធសាស្រ្ត ប្រយុទ្ធប្រឆាំង​នឹង​ក្រុម​ជីហាត។  

ផ្សាយពាណិជ្ជកម្ម

មន្រ្តីយោធា​របស់​ប្រទេស​ទាំង​២២ ដែលនៅក្នុង​នោះ​មាន​អាមេរិក បារាំង អង់គ្លេស អូស្ត្រាលី កាណាដា និង​បណ្តា​ប្រទេស​អារ៉ាប់ រួម​ទាំង​តួកគី​ផងត្រូវ​ដឹកនាំ​ប្រជុំ​ដោយ​នាយសេនាធិការ​អាមេរិក លោក​Martin Dempsey។ តាម​វិមាន​ប្រធានាធិបតី លោកបារ៉ាក់ ​អូបាម៉ា​នឹង​ចូលរួម​ធ្វើ​ជា​គណៈ​អធិបតីនៃ​​​កិច្ចប្រជុំ​នៅថ្ងៃនេះដែរ។ នៅមួយ​ថ្ងៃ​មុន​បើកការ​ប្រជុំ អ្នកនាំពាក្យ​របស់​លោក​សេនាធិការ​អាមេរិក​បាន​បញ្ជាក់​ហើយថា គេ​មិន​ត្រូវ​រង់ចាំ​លទ្ធផលអ្វី​​ធំដុំ​ ចេញ​ពី​ជំនួប​ប្រជុំ​របស់​មន្រ្តី​យោធា​របស់ប្រទេស​​សម្ព័ន្ធអន្តរជាតិទេ។

 
តាម​​វីរសេនីយឯក Ed Thomas ដែល​ជា​អ្នកនាំពាក្យ​របស់​លោក​នាយសេនាធិការ​អាមេរិក Martin Dempsey នៅក្នុង​កិច្ចប្រជុំ​នៅថ្ងៃ​នេះ គេ​គ្រាន់​តែ​លើក​ ​ពិភាក្សា ពី​គម្រោង​​ដែល​គេ​បាន​ធ្វើ​កន្លងមក ពី​ការលំបាក និង​វិធានការ​ដែល​គេ​ត្រូវ​ធ្វើ​ទៅថ្ងៃមុខ​តែប៉ុណ្ណោះ គឺ​គ្មាន​ការប្រកាស​អ្វី​ថ្មីប្លែក​ពី​យុទ្ធសាស្រ្ត​កន្លងមក​ទេ។ ភាគី​អាមេរិក​អាច​និយាយ​ទុក​មុន ឲ្យ​ហើយ គឺ​បិទ​ផ្លូវ​កុំ​ឲ្យ​គេ​សង្ឃឹមថា អាមេរិក​នឹង​ប្តូរ​ជំហរ ត្រលប់​មក​បញ្ជូន​ទ័ព​ជើងគោក​ទៅ​ទឹកដី​អ៊ីរ៉ាក់ជា​ថ្មីនោះ។ ត្រូវ​ដឹងថា នៅ​ប៉ុន្មាន​ថ្ងៃ​មកនេះ ដោយសារ​ចាញ់​ដៃ​ប្រយុទ្ធ​ក្រុមជីហាត​កាន់តែខ្លាំង ទាហាន​អ៊ីរ៉ាក់ និង​ក្រុមជាតិពិន្ធុរ​អ៊ីរ៉ាក់​បាន​ព្រមាន​បោះចោល​អាវុធ បើសិន​អាមេរិក​មិន​បញ្ជូន​ទ័ព​ជើងគោក​ទៅ​ប្រយុទ្ធ​នឹង​ក្រុម​ជីហាត​នៅ​អ៊ីរ៉ាក់។ ​

អ្នកនាំពាក្យ​របស់​ក្រុមប្រឹក្សា​សន្តិសុខជាតិ​វិញ​បាន​បញ្ជាក់​ផងដែរ​ថា ​ កិច្ចប្រជុំ​នៅថ្ងៃ​នេះ​ គឺ​ធ្វើឡើង​នៅក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចប្រឹងប្រែងកន្លង​មក​ របស់​អាមេរិក​ដែល​ចង់​កសាង​កម្លំាង​​សម្ព័ន្ធ​មិត្ត​ឲ្យ​រឹងមាំមួយ។ នៅក្នុង​កិច្ចប្រជុំ​នៅថ្ងៃ​នេះ គេ​ត្រូវ​ពិភាក្សា​រក​យុទ្ធសាស្រ្ត​ថ្មី​ ពោល​គឺ​ការបើកទូលាយ ឲ្យ​មាន​ការចូលរួម​របស់​ប្រទេស​នីមួយៗ ​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ក្រុម​ជីហាត។ តួកគី​ដែល​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​នៅថ្ងៃនេះ ត្រូវ​បាន​គេ​ផ្តោតសំឡឹង និង​ចាត់ទុក​ជា​អ្នកដើរ​តួយ៉ាងសំខាន់​ ដើម្បី​ទប់​ស្កាត់​កុំ​ឲ្យ​ក្រុមជីហាត​ពង្រីក​ដែន​ឥទ្ធិពល នៅ​ស៊ីរី និង​នៅ​អ៊ីរ៉ាក់។

តាំងពីថ្ងៃ ម្សិលមិញ តួកគី និងអាមេរិក​បាន​និយាយ​មិន​ដូចគ្នា ពីការចូលរួម​របស់​តួកគី នៅក្នុង​សម្ព័ន្ធអន្តរជាតិ។ ទីក្រុង​អង់ការ៉ា​បាន​ទាត់ចោល​ព័ត៌មាន​ ដែល​ផ្តល់​ដោយ​​ ទីប្រឹក្សា សន្តិសុខ​ជាតិ​អាមេរិក​ដែល​ថា តួកគី​បាន​យល់ព្រម​ឲ្យ​អាមេរិក​​ប្រើប្រាស់​មូលដ្ឋាន​ទ័ព​នៅ​ភាគខាងត្បូង​តួកគី។រដ្ឋាភិបាល​ទីក្រុង​អង់ការ៉ា​បាន​បញ្ជាក់ថា ខ្លួន​មិន​ទាន់​បាន​ព្រមព្រៀង​អ្វី​ជា​ផ្លូវការ​លើ​គម្រោង​នេះ​ជាមួយ​អាមេរិកទេ។ អង់ការ៉ា​នៅ​តែបញ្ជាក់ជំហរ​ពីមុន​របស់ខ្លួនថា ខ្លួន​យល់ព្រម​ចូល​ក្នុង​សម្ព័ន្ធ​អន្តរជាតិ ប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត​ដោយ​ស្ម័គ្រចិត្ត​​​ជួយ​បង្វឹកហាត់​ក្រុមប្រឆាំង​ស៊ីរីសេរីក្នុង​ទឹកដីតួកគី។ លើសពីនោះ តួកគី​អាច​​ផ្តល់​មូលដ្ឋាន​ទ័ព​​​Incirlik  ឲ្យ​អាមេរិក​​​ប្រើប្រាស់ ប៉ុន្តែ ត្រូវ​មាន​លក្ខខ័ណ្ឌ។ នោះ​គឺ​សម្ព័ន្ធ​អន្តរជាតិ​ត្រូវ​យល់ព្រម​បង្កើត​តំបន់​ពិសេស នៅ​ជាប់ព្រំដែន​តួកគី និង​ស៊ីរី និង​តំបន់​ហាមឃាត់​ការហោះហើរ​ពី​លើ​តំបន់​ពិសេស​ ទៅតាម​ការទាមទារ​របស់​តួកគី។

ការបង្កើត​តំបន់​ពិសេស​នៅ​ជាប់​ព្រំដែន​តួកគី និង​ស៊ីរី គឺ​ជាទិសដៅ​ចំបង ដែល​តួកគី​ទាមទារ​ចង់​បាន ​តាំងពីពេល​ដែល​សង្រ្គាម​ស៊ីវិល​បាន​ផ្ទុះ​នៅ​ប្រទេស​ស៊ីរី នៅ​ដើម​ឆ្នាំ ២០១២។ គេ​មើល​ឃើញ​ មានមូលហេតុ​ សំខាន់​ធំ​ បី ដែល​ធ្វើ​ឲ្យ​តួកគី​នៅតែ​ក្រាញ​ចង់​ឲ្យ​គេ​បង្កើត​តំបន់ពិសេស។ ទីមួយ តាម​រយៈ​ការបង្កើត​តំបន់​ពិសេស តួកគី​ចង់បញ្ជូន​ជនភៀសខ្លួនស៊ីរី ឲ្យ​ត្រលប់​ទៅ​ទឹកដី​ស៊ីរីវិញ គឺ​តួកគី ចង់​​បោសដៃ លែង​ទទួល​យក​ជនភៀសខ្លួនស៊ីរី ឬ​គួដ​ស៊ីរី ឲ្យ​មក​ចូល​ក្នុង​ទឹកដី​របស់ខ្លួន។ ត្រូវដឹងថា ជនភៀសខ្លួន​ស៊ីរី​បាន​ក្លាយ​ជា​បន្ទុក​ចំណាយ​ និង​កង្វល់​សន្តិសុខ​យ៉ាង​សម្បើម​សម្រាប់​រដ្ឋាភិបាល​តួកគី។

មូលហេតុ​ទីពីរ ដែល​ធ្វើ​ឲ្យ​តួកគី​ទាមទារ​ឲ្យ​គេ​បង្កើត​តំបន់​ពិសេស​សម្រាប់​ការបណ្តុះ​បណ្តាល​ក្រុម​ប្រឆាំង​ស៊ីរី នោះ គឺ​ព្រោះ តួកគី​យល់ថា បើ​តួកគី​ចូលរួម​បណ្តុះបណ្តាល និង​ផ្តល់​អាវុធឲ្យ​ក្រុម​ប្រឆាំង​ស៊ីរី គឺ​ក្រុម​នេះ​នឹង​ក្លាយ​ជា​មិត្ត​ម្នាក់​ដែល​ដឹងគុណ​តួកគី និង​​ជាអ្នកប្រយុទ្ធជំនួសតួកគី ដើម្បី​ផ្តួល​រំលំ​របប​ស៊ីរី របស់លោក​បាស្ហា អាល់​អាសាដ។

មូលហេតុ​ទីបីដែល​សំខាន់​ចំបង​របស់​តួកគី គឺ​​រដ្ឋាភិបាល​តួកគី​ចង់​លើក​តម្កើង​ ផ្តល់​សារៈសំខាន់ផ្តាច់​មុខ​ដល់​ក្រុម​ប្រឆាំង​ស៊ីរី។ ពោល​គឺ​ធ្វើយ៉ាងម៉េច ឲ្យសម្ព័ន្ធ​អន្តរជាតិ ​បំភ្លេច មិន​ឲ្យ​​តម្លៃ​ ឬ មិន​ផ្តល់​តួនាទី​ណាមួយ ដល់​ក្រុម​ជនជាតិ​គួកស៊ីរី ដែល​ពេលនេះ​កំពុង​ប្រយុទ្ធ​ទប់ទល់​នឹង​ក្រុមជីហាត​នៅ​ទីក្រុង​កូបាណេ។ បើសិន​ជា​សម្ព័ន្ធ​អន្តរជាតិ​មិន​បង្កើត​តំបន់​ពិសេស សម្រាប់​តែ​ក្រុមប្រឆាំង​ស៊ីរីទេ នោះ​កម្លាំង​ប្រយុទ្ធប្រឆាំង​នឹង​ជីហាត ឬ​រដ្ឋាភិបាល​ស៊ីរី នឹង​អាច​មាន​ច្រើនក្រុម​ ដែល​ក្នុងនោះ ក៏មាន​ក្រុម​គួក​ ដែល​តួកគី​ខ្លាចថា នឹង​អាច​ឡើង​ដៃ​ខ្លាំង ដោយសារ​ក្រុមនេះ​ដែល​កំពុង​ដើរតួ ចូលរួម​​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត នឹង​អាច​​ទទួល​ជំនួយ​ពី​សម្ព័ន្ធអន្តរជាតិ។ ទីក្រុង​អង់ការ៉ា​មិន​ចង់​ឲ្យ​ក្រុមគួក​ជាពិសេស​ចលនា​គួក​តួកគី​ឡើងដៃ​ខ្លាំង​ទេ ក្រុម​នេះ​អង់ការ៉ា​នៅ​តែ​ចាត់ទុក​ក្រុមនេះ​ជា​ភេរវជន គំរាមកំហែង​សន្តិសុខ​របស់ខ្លួន។
 
អាមេរិក​វិញ បាន​បដិសេធ​មិន​ទទួល​សំណើ​បង្កើត​តំបន់​ពិសេស​របស់​តួកគី ដោយ​មូលហេតុ​ការចំណាយ​ថវិកា​ដ៏​ច្រើន និង​ភាពស្មុគស្មាញ ​ដើម្បី​បង្កើត​តំបន់​ពិសេស​ទៅតាម​ការទាមទារ​របស់​តួកគី។ សម្រាប់​អាមេរិក តំបន់​ពិសេស​ដែល​ស្នើ​ដោយ​តួកគី មិន​មែន​ជាទិសដៅ​អាទិភាព។ អ្វី​ដែល​អាមេរិក និង​សម្ព័ន្ធ​អន្តរជាតិ ចង់​បាន​បំផុត​ពេលនេះ គឺ​ការចូលរួមរបស់​អង់ការ៉ា ដើម្បីប្រយុទ្ធ​បំផ្លាញ​ក្រុមជីហាត​នៃ​អង្គការ​រដ្ឋអ៊ីស្លាម។

បើ​និយាយ​ពី​ភាព​ស្មុគស្មាញ ដែល​អាមេរិក​ទំនង​ចង់​និយាយ​ដល់ គឺ​ជំហរប្រឆាំង​របស់​រុស្ស៊ី។ តាម​រុស្ស៊ី ការបង្កើត​ឲ្យ​មាន​តំបន់​ពិសេសអ្វី​មួយ ឬ​តំបន់​ហាមឃាត់​ការហោះហើរ​ទាំងឡាយ ត្រូវ​តែ​ឆ្លងកាត់​ ការបោះឆ្នោត​ពី​ក្រុម​ប្រឹក្សា​សន្តិសុខ អង្គការ​សហប្រជាជាតិ។ តំបន់​ពិសេស ដែល​តួកគី​ចង់​បាន គឺ​ជា​ ដ៏​គ្រោះថ្នាក់ គំរាម​កំហែង​​មួយ​ដល់​​រដ្ឋាភិបាល​ស៊ីរី ដែល​ជា​សម្ព័ន្ធមិត្ត​របស់រុស្ស៊ី។ ដូច្នេះ គំនិត​បង្កើត​តំបន់​ពិសេស​របស់​តួកគី នៅ​តាម​ព្រំដែន​ជាមួយ​ស៊ីរី នឹង​មិន​អាច​ធ្វើ​ទៅបានទេ ព្រោះថា រុស្ស៊ី ប្រាកដ​ជា​លើក​ដៃ​ធ្វើ​វេតូ​ ប្រឆាំង៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI