រដ្ឋមន្រ្តីការបរទេសជប៉ុននិងចិនជួបជជែកគ្នារឿងជម្លោះដណ្តើមកោះ
រដ្ឋមន្រ្តីការបរទេសចិន និងជប៉ុនបានជួបគ្នា កាលពីយប់ថ្ងៃអង្គារ ម្សិលមិញ នៅក្រៅមហាសន្និបាតអ.ស.ប. នៅទីក្រុងញូវយ៉ក ដើម្បីជជែកគ្នាអំពីជម្លោះដណ្តើមប្រជុំកោះ ដែលកំពុងតែបំពុលទំនាក់ទំនងទាំងផ្នែកការទូត និងផ្នែកសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ ក៏ប៉ុន្តែ នៅចុងបញ្ចប់នៃជំនួបនេះ ចិន និងជប៉ុន នៅតែមិនអាចរកដំណោះស្រាយរួមណាមួយ ដើម្បីបន្ធូរបន្ថយជម្លោះនេះទេ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ជំនួបកាលពីយប់ម្សិលមិញនេះ ត្រូវបានធ្វើឡើង ទៅតាមសំណើរបស់លោកកូអ៊ីឈីរ៉ូ ហ្កេមបា (Koichiro Gemba) រដ្ឋមន្រ្តីការបរទេសជប៉ុន ដោយឆ្លៀតក្នុងពេលដែលរូបលោក និងសមភាគីចិន គឺលោកយ៉ាង ជៀឈី (Yang Jiechi) កំពុងស្ថិតនៅក្នុងទីក្រុងញូវយ៉កដូចគ្នា ដើម្បីចូលរួមមហាសន្និបាតអ.ស.ប.។
មន្រ្តីទូតជប៉ុនដែលសុំមិនបញ្ចេញឈ្មោះបានបង្ហើបប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង AFP ថា ជំនួបនេះប្រព្រឹត្តទៅក្នុងបរិយាកាសតានតឹង ដោយភាគីម្ខាងៗនៅតែប្រកាន់ជំហរដើមរៀងៗខ្លួន។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន នៅក្នុងជំនួបជាមួយរដ្ឋមន្រ្តីការបរទេសជប៉ុន លោកយ៉ាង ជៀឈី បានលើកឡើងថា ការដែលរដ្ឋាភិបាលជប៉ុនប្រមូលទិញដីលើកោះជាប់ជម្លោះ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើបូរណភាពទឹកដីរបស់ចិន ហើយថា ដរាបណារដ្ឋាភិបាលជប៉ុនមិនកែប្រែជំហររបស់ខ្លួនទេ ទំនាក់ទំនងរវាងចិន និងជប៉ុន នឹងមិនអាចត្រឡប់មករកភាពប្រក្រតីវិញបានទេ ហើយទាំងនេះ គឺជាកំហុសរបស់ជប៉ុន។
ខាងភាគីជប៉ុនវិញ គេមិនឃើញមានសេចក្តីថ្លែងការណ៍ជាផ្លូវការណាមួយរបស់រដ្ឋាភិបាល ជុំវិញជំនួបជាមួយចិននេះទេ ក៏ប៉ុន្តែ មន្រ្តីជាន់ខ្ពស់ជប៉ុនបានបង្ហើបឲ្យដឹងថា លោកកូអ៊ីឈីរ៉ូ ហ្កេមបា បានស្នើឲ្យចិនមានការអត់ធ្មត់ជាអតិបរមា ដើម្បីធ្វើយ៉ាងណាកុំឲ្យមានការប្រើអំពើហិង្សា ដែលនាំឲ្យខូចខាតដល់រោងចក្រ និងសហគ្រាសជប៉ុន នៅចិន។
ទាក់ទងនឹងកម្មសិទ្ធិលើប្រជុំកោះជាប់ជម្លោះវិញ នៅមុនជំនួបរវាងរដ្ឋមន្រ្តីការបរទេសទាំងពីរ គណៈប្រតិភូជប៉ុនបានធ្វើការចែកចាយដល់អ្នកសារព័ត៌មាន នូវសំណុំឯកសារមួយចំនួន ដែលជប៉ុនអះអាងថា ជាមូលដ្ឋានបញ្ជាក់ច្បាស់ថា ប្រជុំកោះសេនកាគូ គឺជាកម្មសិទ្ធិរបស់ជប៉ុន។ ក្នុងចំណោមឯកសារទាំងនេះ រួមមាន ផែនទីដែលចិនខ្លួនឯងជាអ្នកគូស នៅចន្លោះពីឆ្នាំ១៩៣០ ដល់ឆ្នាំ១៩៦០ ដោយដាក់ប្រជុំកោះជាប់ជម្លោះ ទៅក្នុងទឹកដីរបស់ជប៉ុន។
និយាយជារួម នៅក្នុងជំនួប កាលពីយប់ម្សិលមិញនេះ រដ្ឋមន្រ្តីការបរទេសចិន និងជប៉ុនមិនបានរកឃើញដំណោះស្រាយណាមួយ ដើម្បីបន្ធូរបន្ថយភាពតានតឹងនឹងគ្នានោះទេ។ ក៏ប៉ុន្តែ ទោះជាយ៉ាងណា ភាគីទាំងពីរបានព្រមព្រៀងគ្នាថានឹងទុកទ្វារឲ្យនៅចំហ សម្រាប់ការចរចាគ្នាបន្តទៅទៀត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ