បារាំង

រឿង​អាស្រូវ​ផ្លូវ​ភេទ​របស់​អតីត​ប្រធាន​FMIត្រូវ​យក​ទៅ​ច្នៃ​ធ្វើ​​ជារឿង​កុន

កុន​រឿង​"Welcome to New York"​ផលិត​ដោយ​Abel Ferrara  និង​សំដែង​ដោយ​តួកុន​បារាំង​ដ៏ល្បី​ឈ្មោះ  Gérard Depardieu
កុន​រឿង​"Welcome to New York"​ផលិត​ដោយ​Abel Ferrara និង​សំដែង​ដោយ​តួកុន​បារាំង​ដ៏ល្បី​ឈ្មោះ Gérard Depardieu

Welcome to New York “ទីក្រុង​ញូវយ៉ក​សូមស្វាគម” ​ត្រូវ​បាន​ផលិតឡើង​ដោយ​សមិទ្ធិករ​អាមេរិកាំង ដោយ​យក​លំនាំ​តាម​សាច់រឿង​​អាស្រូវ​ផ្លូវភេទ​របស់លោក​ Strauss-Kahn អតីត​ប្រធាន​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ FMI ដែល​ធ្លាប់ជាប់ចោទ​ពីបទ​រំលោភបំពាន​ផ្លូវភេទ ស្រ្តី​សម្អាត​បន្ទប់សណ្ឋាគារ​ក្នុង​ក្រុង​ញូវយ៉ក។ មេធាវីរបស់​អតីត​ប្រធានFMI​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​បារាំង​ កាលពី​ថ្ងៃ​ចន្ទ​​ទី ១៩ ឧសភា​ថា លោក​​ Strauss-Kahnនឹង​ដាក់ពាក្យបណ្តឹង​ប្តឹង​ក្រុមហ៊ុន​ផលិតកុន​ពីបទ​បរិហារកេរ្តិ៍។ 

ផ្សាយពាណិជ្ជកម្ម

Welcome to New York​ជារឿងប្រឌិត​របស់​សមិទ្ធិករ​អាមេរិកាំង Abel Ferrara ​ប៉ុន្តែ ដំណើរ​សាច់រឿងនេះ​មានលក្ខណៈ​ដូចគ្នា​បេះបិទ​ទៅ​នឹង​រឿង​អាស្រូវផ្លូវភេទ​របស់លោក​Dominique Strauss-Kahn។ ​តួកុន​បារាំង​ដ៏ល្បីឈ្មោះ​Gerard Depardieu​ជាអ្នកសំដែង​តួអង្គ​មន្រ្តីធំម្នាក់​ដែល​ល្មោភ​តណ្ហា និង​បាន​ចាប់រំលោភ​ស្រ្តី​សម្អាតបន្ទប់​ ស្បែកខ្មៅម្នាក់ គឺ​ដូច​លោក​ Strauss-Kahn​​​ដែល​ស្រ្តីសម្អាតបន្ទប់​ជាតិ​ហ្គីណេ​ម្នាក់​បាន​ប្តឹងផ្តល់​ពីបទ​រំលោភផ្ហូវភេទ​។ អ្វី​ដែល​ធ្វើ​ឲ្យគេ​ចាប់អារម្មណ៍ខ្លាំង នៅក្នុង​កុន​ Welcome to New Yorkគឺ​​សមិទ្ធិករ​បាន​ជួល​ប៉ូលិសពិតៗ ដែល​ធ្លាប់​ក្រៀក​លោក Strauss-Kahn​មក​សំដែង​ជា​តួ​ប៉ូលិស​ដដែល។ លើសពីនោះ គេ​ថែម​ទាំង​បាន​យក​ផ្ទះ​ដែល​លោក​ Strauss-Kahn​​​ធ្លាប់​ស្នាក់នៅ​ក្នុង​រយៈពេល​ប្តឹងផ្តល់​ មក​ធ្វើ​ជា​កន្លែង​ថតសាច់រឿង​ទៀត។ ចំណុច​ដែល​សាច់រឿង​កុន​មាន​លក្ខណៈ​ខុសពីជីវិត​ពិត​របស់​លោក​ Strauss-Kahn​​ គឺ​នៅត្រង់​លោក​ Strauss-Kahn​​​ត្រូវ​បាន​រដ្ឋអាជ្ញាអាមេរិក​​ដោះលែង​ឲ្យ​មាន​សេរីភាព បន្ទាប់ពី​មាន​ការសម្រប​សម្រួល​រឿង​លុយកាក់​ ​​​ប៉ុន្តែនៅក្នុង​រឿង​កុន​របស់​លោក​Abel Ferrara​តួអង្គរំលោភផ្លូវភេទ​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ។

 
យ៉ាងណាក៏ដោយ បើទោះជា​តុលាការ​អាមេរិក​សម្រេច​ដោះលែង​លោក​ Strauss-Kahn​​​ឲ្យ​រួចទោស ប៉ុន្តែ ​គឺរឿង​អាស្រូវ ប្តឹងផ្តល់​តាម​តុលាការ​នេះហើយ​ដែល​បាន​ធ្វើ​លោក​​ Strauss-Kahn​ធ្លាក់ចេញ​ពី​តំណែង​ប្រធាន​មូលនិធិ​រូបិយវត្ថុ កាលពី​បីឆ្នាំមុន។ នៅពីរ​ថ្ងៃ​ក្រោយ​ចាក់បញ្ចាំង​ខ្សែភាពយន្ត Welcome to New York​នៅ​ទីក្រុង​កាន​ លោក​Dominique Strauss-Kahn​​បាន​បញ្ចេញ​ប្រតិកម្ម ដែល​បើ​តាម​មេធាវី​ លោក​ Strauss-Kahn នឹង​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ ប្តឹង​ម្ចាស់​ផលិត​កុន ពីបទ​បរិហារកេរ្តិ៍។ សម្រាប់​មេធាវី​របស់លោក​អតីត​ប្រធាន​FMI លោក​Strauss-Kahn បាន​ជ្រះស្រឡះ​ពី​រឿងក្តីក្តាំ និង​មាន​សិទ្ធិ​ដូចពលរដ្ឋ​ដទៃ​ទៀត គឺ​បំភ្លេច​រឿង​ចាស់។

អតីត​ភរិយា​របស់លោក​ Strauss-Kahn​​បានបញ្ចេញ​​ប្រតិកម្ម​ផងដែរ​ទៅនឹងខ្លឹមសារ​​កុន​​​ Welcome to New York។ លោកស្រី​Anne Sinclair​មកពី​គ្រួសារ​ជ្វីវ​ ​វាយតម្លៃថា កុន​នេះ​បាន​ប្រមាថ រើសអើង​ជនជាតិ​ជ្វីវ ប៉ុន្តែ​លោកស្រី​ប្រកាស​ថា លោកស្រី​នឹង​មិន​រវល់​ទៅ​ធ្វើការប្តឹងផ្តល់​អ្វីទេ។

ដោយពិតទៅ​ខ្សែភាពយន្ត​ Welcome to New York​​មិនត្រូវ​បាន​ជ្រើសរើស​​មិន​ត្រូវ​បាន​ជ្រើសរើស​ជាខ្សែភាពយន្ត​សម្រាប់ការប្រកួតប្រជែង​នៅក្នុង​មហោស្រព​ភាពយន្ត​កាន ដែល​បាន​ចាប់ផ្តើម​ពីថ្ងៃ​ទី ១៤ ដល់​ថ្ងៃ​ទី​២៥​ឧសភាទេ។ កាលពីថ្ងៃ​សៅរ៍ កុន​ត្រូវ​បាន​ចាក់បញ្ចាំង​ជាលក្ខណៈ​ឯកជន នៅក្នុង​រោងកុន​តូចមួយ នៅក្នុង​ក្រុង ក្រៅបរិវេណ​មហោស្រពកាន។ កុន​នេះ​បាន​បំផុសបំផុល​មនុស្ស​ឲ្យ​ចូលមើល​ច្រើន ដោយសារ​តែ​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​​ខ្លាំង និង​របៀបចែកចាយ​កុន​មាន​លក្ខណៈ​ខុសពី​ប្រពៃណី​ទម្លាប់​កុន​បារាំង ដែល​តម្រូវ​ឲ្យ​ខ្សែភាពយន្ត​ទាំងអស់​ត្រូវ​ចាក់បញ្ចាំងនៅ​រោង​កុន មុន​នឹង​ផលិត​ចេញឌីស ឬ​ចែកចាយ​តាម​បណ្តាញ​ទូរទស្សន៍។ ប៉ុន្តែផ្ទុយទៅវិញ ចាប់តាំងពី​ថ្ងៃ​សៅរ៍ កុន​Welcome to New York​​ ត្រូវ​បាន​ដាក់​ជួល​ឲ្យ​មើល​តាម​អ៊ីនធ័រណេត ក្នុង​តម្លៃ ៧អឺរ៉ូ។ តាម​ម្ចាស់​ផលិតកម្ម គេធ្វើ​ដូច្នេះ​គឺ​ដើម្បី​ជៀសវាង​ការលួចថត​ចម្លង​ ដែល​ពេលនេះ​កំពុង​ធ្វើ​ឲ្យ​អ្នកផលិតកុន​ពិបាក​នឹង​រកប្រាក់ចំណេញ​ពីទីផ្សារ។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI