កម្ពុជា

តុលាការ​​ភ្នំពេញ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អតីត​ប្រធាន​ពិធីការ​និង​ទីប្រឹក្សា​លោក​ជាស៊ីម

លោកស្រី ផេង គន្ធាបុរី អតីតប្រធានពិធីការលោកជា ស៊ីម
លោកស្រី ផេង គន្ធាបុរី អតីតប្រធានពិធីការលោកជា ស៊ីម RFI/Channa Siv

នៅ​ថ្ងៃ​អង្គារ​នេះ តុលាការក្រុង​ភ្នំពេញ​បាន​សម្រេច​ផ្តន្ទាទោស​អតីត​ប្រធាន​ពិធីការ និង​ទីប្រឹក្សា​លោក​​ជា ​ស៊ីម ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធានព្រឹទ្ធសភា ដាក់​ពន្ធនាគារ​ពី ៣ ទៅ ៤ឆ្នាំ ក្នុង​រឿង​ឆបោក ពាក់ព័ន្ធ​នឹង​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ម៉ាឡេស៊ី ដែល​មាន​តម្លៃ ៦០០លាន​ដុល្លារ​។ តុលាការ​ក៏​បាន​ផ្តន្ទាទោស​កំបាំង​មុខ​ជនជាតិ​ម៉ាឡេស៊ី​ម្នាក់ ឈ្មោះ ឌី​ណូ ដាក់ពន្ធនាគារ ៤​ឆ្នាំ ក្នុង​សំណុំរឿង​ឆបោកនោះ​ផងដែរ​។

ផ្សាយពាណិជ្ជកម្ម

 

​សំណុំរឿង​ប្រឆាំងនឹង​អ្នក​ជំនិត​នឹង​លោក​ជា ស៊ីម ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវបាន​តុលាការក្រុងភ្នំពេញ បើកសវនាការ ​កាលពី​ថ្ងៃ​ទី​២០​ធ្នូ ឆ្នាំ​២០១១​។ មកដល់​ព្រឹក​ថ្ងៃទី​២៧​ធ្នូ ឆ្នាំ​២០១១ ចៅក្រម​បាន​ប្រកាស​​សេចក្តីសម្រេច​ផ្តន្ទាទោស​លោកស្រី ផេង គន្ធា​បុរី អតីត​ប្រធាន​ពិធីការ​លោក​ជា ​ស៊ីម ដាក់​ពន្ធនាគារ ៤ឆ្នាំ ពី​បទ​ឆបោក​។ ចំណែក​អតីត​ទីប្រឹក្សា ជា​ឧត្តមសេនីយ៍ និង​ជំនួយការ​លោក​​ជាស៊ីម ៣ នាក់​ទៀត គឺ​លោក ពន្លក ហូរ និង​លោក ចាន់ កុសល ត្រូវ​តុលាការ​ផ្តន្ទា​ទោស​​ដាក់​ពន្ធនាគា​រ​ម្នាក់ៗ ៤​ឆ្នាំ​។ រីឯ​ឈ្មោះ ខៀវ បូរ៉ា ត្រូវបាន​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ ៣ ឆ្នាំ​។ តុលាការ​បាន​បង្គាប់​ឲ្យ​ជនជាប់ចោ​ទទាំង ៤ នាក់ បង់ប្រាក់​ជំងឺ​ចិត្ត​ម្នាក់ៗ​ចំនួន ៩ ពាន់​រៀល​។

​ចំពោះ​ឈ្មោះ ពន្លក ហូរ ត្រូវបាន​តុលាការ​ចោទប្រកាន់​បន្ថែ​ម​ពី​បទ​ប្រើប្រាស់​ឯកសណ្ឋាន​មន្ត្រី​រាជ​ការ​ខុសច្បាប់ និង​បង្គាប់​អោយ​អតីត​ទីប្រឹក្សា​លោក​ជា​ស៊ីម បង់​ប្រាក់​ពិន័យ​បន្ថែម​ចំនួន ២ លាន​រៀល​។ សាលក្រម ដែល​បាន​ប្រកាស​នៅ​ព្រឹក​មិញ ចៅក្រម​ក៏បាន​ផ្តន្ទាទោស​កំបាំងមុខ ជន​ជាតិ​ម៉ាឡេស៊ី​ម្នាក់ ឈ្មោះ ឌី​ណូ ដាក់ពន្ធនាគារ ៤ ឆ្នាំ ក្នុង​រឿង​ឆបោក តាមរយៈ​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ម៉ាឡេស៊ី ដែល​មាន​តម្លៃ​ប្រមាណ ៦០០ លាន​ដុល្លារ​។​

​ក្នុងពេល​ចៅក្រម​ប្រកាស​សាលក្រម នៅ​ព្រឹក​ថ្ងៃទី​២៧​ធ្នូ ឆ្នាំ​២០១១ មាន​វត្តមាន​តែ​លោក​ស្រី ផេង គន្ធា​បូរី ម្នាក់​ប៉ុណ្ណោះ​។ ចំណែក​ជនជាប់ចោទ ៤ រូប​ទៀត មិន​មាន​វត្តមាន​ទេ​។​

​ចេញពី​បន្ទប់​សវនាការ លោកស្រី ផេង គន្ធា​បុរី អតីត​ប្រធាន​ពិធីការ​លោក​ជា ​ស៊ីម បាន​ចាត់ទុក​​​ការសម្រេច​របស់​តុលាការ​ថា​រឿង​អយុត្តិធម៌​។ ​លោកស្រី​ក៏​បាន​ប្រកាស​ប្តឹង​ឧទ្ធរណ៍ ជំទាស់​នឹង​ការសម្រេច​របស់​តុលាការក្រុង​ភ្នំពេញ​។​​

លោក​ស្រី ផេង គន្ធា​បូរី និង​អតីត​ទីប្រឹក្សា​លោក​ជា ​ស៊ីម ៣ នាក់​ទៀត ត្រូវបាន​ចាប់ខ្លួន ជា​បន្តបន្ទាប់ ចាប់តាំងពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៨​កញ្ញា ឆ្នាំ​២០១១ ទៅ​តាម​ពាក្យបណ្តឹង ពាក់ព័ន្ធ​នឹង​គម្រោង​​អភិវឌ្ឍន៍​ក្លែងបន្លំរបស់ក្រុមហ៊ុនម៉ាឡេស៊ី ដែល​មាន​តម្លៃ​ប្រមាណ ៦០០លាន​ដុល្លារ​អាមេរិក​។

​អ្នកតាមដាន​នយោបាយ​បាន​ចាត់ទុកថា ការចាប់ខ្លួន​អ្នក​ជំនិត​នឹង​លោក​ជា​ ស៊ីម កើតចេញ​ពី​ជំនាស់​នយោបាយ ផ្ទៃក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​។ ក៏ប៉ុន្តែ​ សំណុំរឿង​ប្តឹងផ្តល់​នោះ គឺ​លោក​ជា ស៊ីម​ ជា​ដើមបណ្តឹង ហើយ​នៅ​ថ្ងៃនេះ លោកស្រី ផេង គន្ធា​បុរី ក៏​អះអាងថា មិនមែនជារឿង​នយោ​បាយទេ តែជា​រឿង​បុគ្គល​ប៉ុណ្ណោះ​៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI