កម្ពុជា

អតីត​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រ៊ុយណេ​ត្រូវ​តុលាការ​ផ្តន្ទាទោស​រឿង​កិបកេង​លុយ​រដ្ឋ

តុលាការ​ក្រុង​ភ្នំពេញ
តុលាការ​ក្រុង​ភ្នំពេញ RFI/Channa Siv

នៅ​ព្រឹក​ថ្ងៃទី​២៥​វិច្ឆិកា​នេះ លោក កោ វណ្ឌី ចៅក្រម​ជំនុំជម្រះ​តុលាការក្រុង​ភ្នំពេញ បានសម្រេច​ផ្តន្ទាទោស​កំបាំងមុខ លោក ណាន់ ស៊ី អតីត​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​ប្រ៊ុយណេ ដោយ​ដាក់​ពន្ធនាគារ​រយៈពេល ៤ ឆ្នាំ​។ លោក ណាន់​ស៊ី ជាប់ចោទ​ក្នុង​រឿង​កិបកេង​លុយ​រដ្ឋ​ជាង ៤ សែន​ដុល្លារ តាមរយៈ​ការសាងសង់​ស្ថានទូត​កម្ពុជា នៅ​ប្រទេស​ប្រ៊ុយណេ។

ផ្សាយពាណិជ្ជកម្ម

សវនាការ​កាត់ទោស​អ្នកការទូត​កម្ពុជា ត្រូវបាន​ធ្វើឡើង កាលពី​ថ្ងៃ​ទី​២ ​វិច្ឆិកា ឆ្នាំ​២០១១​។ រហូតដល់​ព្រឹក​ថ្ងៃទី​២៥​ វិច្ឆិកា ឆ្នាំ​២០១១ ចៅក្រម​បានប្រកាស​សេចក្តីសម្រេច​ផ្តន្ទាទោស​កំបាំងមុខ លោក ណាន់ ស៊ី អតីត​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​ប្រ៊ុយណេ ដាក់ពន្ធនាគារ ៤ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៨ លាន​រៀល​។ តុលាការ ក៏​បាន​ចេញ​ដីកា បង្គាប់​ឲ្យ​ប៉ូលិស តាម​ចាប់ខ្លួន លោក ណាន់ ស៊ី ផងដែរ​។

លោក ណាន់​ស៊ី ជាប់ចោទ​ក្នុង​រឿង​កិបកេង​លុយ​រដ្ឋ​ជាង ៤ សែន​ដុល្លារ តាមរយៈ​ការសាងសង់​ស្ថានទូត​កម្ពុជា នៅ​ប្រទេស​ប្រ៊ុយណេ​។ តុលាការ​បាន​ចោទប្រកាន់​លោក ណាន់​ស៊ី ពី​បទ​កេង​យក​ផលប្រយោជន៍​ដោយ​ខុសច្បាប់ ដែល​ត្រូវ​ផ្តន្ទាទោស តាម​ក្រម​ព្រហ្មទណ្ឌ​ថ្មី​។​

​ពាក្យបណ្តឹង​ក្នុង​រឿងក្តី​នោះ ធ្វើឡើង​ដោយ​ក្រសួងការបរទេស​កម្ពុ​ជា ប្តឹង​ចោទប្រកាន់​លោក ណាន់ ស៊ី អតីត​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​ប្រ៊ុយណេ ដែល​មកពី​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច​។

​ក្រោយពី​ស្តាប់​សេចក្តីសម្រេច​របស់​តុលាការ នៅ​ព្រឹក​មិញ លោក គី តិច មេធាវី​របស់​ក្រសួងការបរទេស បាន​លើកឡើង​ថា ការសម្រេច​របស់​តុលាការ ធ្វើឡើង​ត្រឹមត្រូវ​តាមច្បាប់ ដែល​លោក​អាច​ទទួលយកបាន​។ លោក​មេធាវី​គី​តិច ក៏បាន​លើកឡើង​ពី​ពាក្យបណ្តឹង​មួយ​​ផ្សេងទៀត ប្រឆាំង​លោក ណាន់ ស៊ី ដែល​ជា​ការប្តឹង​ទៅ​កាន់​តុលាការ​ភ្នំពេញ ដើម្បី​ទាមទារ​ឲ្យ​លោក​ណាន់​ស៊ី សងលុយ ដែល​កិបកេង​ជាង ៤ សែន​ដុល្លារ តាមរយៈ​ការសាងសង់​ស្ថានទូត​កម្ពុជា នៅ​ប្រទេស​ប្រ៊ុយណេ​។​

​មិនទាន់​មាន​អត្ថាធិប្បាយ​ពី​លោក​ណាន់​ស៊ី ចំពោះ​ការចោទប្រកាន់​នេះ​នៅឡើយ​ទេ​។ រីឯ​លោក កែវ យ៉ា មេធាវី​ការពារ​ក្តី​ឲ្យ​លោក​ណាន់​ស៊ី ក៏​មិន​ទាន់​បញ្ចេញ​ប្រតិកម្ម​ចំពោះ​ការសម្រេច​របស់​តុលាការ​នៅ​ឡើយ​ដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI