មរតកនយោបាយផ្សះផ្សារជាតិនៃអង្គសម្តេចឳនៅឆ្ងាយពីកូនចៅ?
ចុះផ្សាយនៅថ្ងៃ៖
នយោបាយផ្សះផ្សារជាតិ ត្រូវបានគេចាត់ទុកជាមរតកដ៏មានតម្លៃមួយក្នុងចំណោមមរតកជាច្រើនទៀតដែលព្រះអង្គបានបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយ។ក៏ប៉ុន្តែ កូនចៅរបស់ព្រះអង្គជាពិសេសអ្នកនយោបាយដែលសុទ្ធតែបានអះអាងថា ដង្ហែតាមព្រះរាជតម្រិះរបស់ព្រះអង្គនោះមិនទាន់បានធ្វើមរតកដ៏មានតម្លៃនេះក្លាយជាការពិតនៅឡើយទេ។ បច្ចុប្បន្ន បើទោះបីជាគណបក្សជាប់ឆ្នោតទាំងពីរបានស្រុះស្រួលគ្នាក៏ដោយ ក៏នយោបាយផ្សះផ្សារជាតិហាក់នៅឆ្ងាយពីការពិតនៅឡើយ។ ដូច្នេះ ខួបនៃការសោយទិវង្គតរបស់សម្តេចឪគួរតែជាឱកាសដែលអ្នកនយោបាយគិតគូរឡើងវិញអំពីបញ្ហានេះ។
នយោបាយផ្សះផ្សាបង្រួបបង្រួមជាតិ គឺជាមរតកដែលគេបានលើកយកមកនិយាយញឹកញាប់ជាងគេ ចាប់តាំងពីការសោយទិវង្គតរបស់សម្តេចព្រះនរោត្តម សីហនុកាលពីថ្ងៃទី១៥តុលាមក។ អ្វីដែលពលរដ្ឋខ្មែរនៅចងចាំមិនអាចបំភ្លេចបាននោះ គឺសមិទ្ធផលទាំងឡាយដែលប្រទេសកម្ពុជាសម្រេចបានកាលពីក្នុងសម័យសង្គមរាស្ត្រនិយម។ មិនត្រឹមតែសមិទ្ធផលប៉ុណ្ណោះទេ ប៉ុន្តែ ព្រះរាជការវិការទន់ភ្លន់ និងស្និទ្ធស្នាលជាមួយប្រជារាស្ត្រគឺជាបរតកដ៏មានតម្លៃមួយទៀតដែលអ្នកនយោបាយជំនាន់ក្រោយគួររៀនសូត្រពីព្រះអង្គ។
ម្យ៉ាងទៀត ព្រះមហាវីរក្សត្រក៏បានបំពេញព្រះរាជតួនាទីដ៏សំខាន់ក្នុងការផ្សះផ្សារអ្នកនយោបាយនៅក្នុងកាលៈទេសៈដ៏តានតឹងជាច្រើនរាប់ចាប់តាំងពីកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស រហូតដល់ការដោះស្រាយវិបត្តិនយោបាយក្រោយការបោះឆ្នោតជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ ១៩៩៣ មក។ មុនការសោយទិវង្គត់ សម្តេចឳ សម្តេចតា របស់ប្រជារាស្ត្រខ្មែរ ក៏បានផ្តែផ្តាំឲ្យខ្មែរចេះសាមគ្គីគ្នា និងរួបរួមគ្នាដើម្បីលើកស្ទួយកិត្យានុភាពរបស់ប្រទេសនៅលើឆាកអន្តរជាតិផងដែរ។
មរតកទាំងអស់នេះហើយដែលបានធ្វើឲ្យ អ្នកនយោបាយ សង្គមស៊ីវិល ឬមហាជនខ្មែរទូទៅ តែងនិយាយគ្រប់មាត់ថា សកម្មភាព និងព្រះរាជបណ្តាំរបស់ព្រះបរមរតកោដ្ឋស្តីពីគោលនយោបាយផ្សះផ្សាបង្រួបបង្រួមជាតិ ពិតជាមានតម្លៃខ្លាំងណាស់សម្រាប់ប្រទេសកម្ពុជា ជាពិសេសក្នុងស្ថានភាព ដែលប្រទេសជាតិកំពុងជួបវិបត្តិនយោបាយ និងការបែកបាក់ជាតិយ៉ាងធ្ងន់ធ្ងរដូចជាបច្ចុប្បន្ន ។
ប៉ុន្តែ មរតកដែលបន្សល់ទុកដោយអង្គសម្តេចឳមិនអាចក្លាយជាការពិតជាក់ស្តែង បានទេប្រសិនបើគេគ្រាន់តែនិយាយចេញពីបបូរមាត់ តែខ្វះសុឆន្ទៈពិតប្រាកដក្នុងការយកគំរូតាមព្រះអង្គនោះ។ មានកត្តាចាំបាច់មួយចំនួនដែលអាចធ្វើឲ្យការផ្សះផ្សារជាតិសម្រេចគោលដៅបាន។ ទី១៖ ត្រូវមានឆន្ទៈពិតប្រាកដចង់ឲ្យប្រទេសជាតិនិងប្រជាពលរដ្ឋខ្មែរស្គាល់ភាពសុខដុមរមនានិងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។
ទី២៖ ត្រូវបំបាត់ចោលវប្បធម៌មិនទុកចិត្តគ្នានិងជំនួសវិញដោយវប្បធម៌ស្មោះត្រង់និងគោរពគ្នាទៅវិញទៅមក។ និងទី៣៖ ត្រូវផ្តល់តម្លៃ និងការគោរពដ៏ពិតប្រាកដមួយចំពោះមរតកនយោបាយរបស់ព្រះមហាវីរក្សត្រ។
ប៉ុន្តែប្រសិនបើគេក្រឡេកទៅមើលជម្លោះនយោបាយបច្ចុប្បន្ន គេអាចមើលឃើញថា លក្ខខណ្ឌចាំបាច់ដើម្បីសម្រេចគោលនយោបាយផ្សះផ្សារជាតិនៅមិនត្រូវទាន់បំពេញបាននៅឡើយទេ។ ភាគីទាំងពីរគឺបក្សប្រឆាំងនិងបក្សកាន់អំណាចនៅតែសម្លឹងមើលមុខគ្នា ក្នុងក្រសែភ្នែកប្រកបដោយល្បិចកលនៅឡើយ ហើយតែងស្តីបន្ទោសគ្នាទៅវិញទៅមក។ ម្យ៉ាងទៀត ការពោលពាក្យថាចង់ផ្សះផ្សារបង្រួបបង្រួមជាតិ ជួនកាលវាគ្រាន់តែជាការសម្តែងប៉ុណ្ណោះ ប៉ុន្តែ វាមិនបានផុសចេញពីទឹកចិត្តឡើយ។
យ៉ាងណាក៏ដោយ ខួបនៃការយាងចូលទីវង្គតរបស់សម្តេចឳ ជាកាលៈទេសៈដ៏អំណោយផលម្តងទៀតសម្រាប់អ្នកនយោបាយក្នុងការធ្វើឲ្យសម្រេចនយោបាយផ្សះផ្សារជាតិ នេះប្រសិនបើពួកគេពិតជាចង់បង្ហាញពីការគោរពព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គ ក៏ដូចជាដើម្បីស្វែងរកភាពសុខសាន្តក្នុងឆាកនយោបាយប្រទេសកម្ពុជាមែននោះ។ កាលៈទេសៈនេះក៏ជាឱកាសល្អមួយដែរសម្រាប់អ្នកនយោបាយក្នុងការបំភ្លេចចោលនូវរឿងអាក្រក់ៗជា
មួយគ្នាកាលពី ពេលកន្លងទៅដោយចាប់ផ្តើមបន្ទន់ឥរិយាបថដាក់គ្នាឡើងវិញ។
ពិតហើយថា នយោបាយផ្សះផ្សារជាតិមិនមែនជាឧបសគ្គក្នុងការអនុវត្ត ប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជានោះទេ ពោលគឺមិនមែនមានន័យថា ប្រសិនបើគណបក្សប្រឆាំង និងបក្សកាន់អំណាចស្រុះស្រួលគ្នា ប្រជាធិបតេយ្យនឹងមិនដើរទៅមុខនោះឡើយ។ របបនយោបាយសេរីពហុបក្សនៅតែមានដដែល គ្រាន់តែថា ការប្រឆាំងគ្នាគួរស្ថិតក្នុងក្របខ័ណ្ឌច្បាប់ និងការគោរពគ្នាទៅវិញទៅមកឲ្យបានច្រើនដើម្បីចៀសវាងជម្លោះនិង ការបែកបាក់ធ្ងន់ធ្ងរ។
ដូច្នេះ វាគួរតែដល់ពេលហើយដែលអ្នកនយោបាយបង្ហាញស្នាដៃអំពីការផ្សះផ្សារបង្រួបបង្រួមជាតិប្រសិនបើពួកគេពិតជាចង់ធ្វើនយោបាយដើម្បីបម្រើប្រយោជន៍ជាតិ និងប្រជាជនក៏ដូចជាចង់បន្សល់ទុកកេរមរតកដ៏ល្អសម្រាប់មនុស្សជំនាន់ក្រោយដែលមិនចេះសាបសូន្យ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ