កម្ពុជា

ព្រះមហាក្សត្រ​ទាំង៣​ព្រះអង្គ​បាន​យាង​មកដល់​ព្រះបរមរាជវាំង​ភ្នំពេញ​ហើយ

ការយាងត្រឡប់​របស់​ព្រះមហាក្សត្រ សម្តេចឳ និង​សម្តេចម៉ែ
ការយាងត្រឡប់​របស់​ព្រះមហាក្សត្រ សម្តេចឳ និង​សម្តេចម៉ែ RFI/Channa Siv

ព្រះមហាក្សត្រ​ព្រះបរមនាថ​ នរោត្តម​ សីហមុនី និងសម្តេច​ឪ ​សម្តេច​ម៉ែ​ បាន​យាង​មក​ព្រះបរមរាជវាំង​ភ្នំពេញ​វិញហើយ ​កាល​ពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ ទី​២៧​តុលា​នេះ។ វត្តមាន​របស់​ព្រះអង្គ​ទាំង​បី​អង្គ​ ពិសេស ​សម្តេច​ឪ ​នរោត្តម សីហនុ​ មាន​សារៈសំខាន់​ខ្លាំង​នៅ​ក្នុង​ព្រះរាជ​ពិធី​រម្លឹក​ខួប​២០​ឆ្នាំ​នៃ​ការ​យាង​និវត្តន៍​របស់​សម្តេច​ឪ​នរោត្តម ​សីហនុ​ មក​ប្រទេស​កម្ពុជា។

ផ្សាយពាណិជ្ជកម្ម

ព្រះមហាក្សត្រ​ព្រះបរមនាថ​ នរោត្តម​ សីហមុនី និង​សម្តេច​ឪ​ សម្តេច​ម៉ែ​ បាន​យាង​មក​ព្រះបរមរាជវាំង​ភ្នំពេញ​ហើយ​ កាល​ពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ ទី​២៧​តុលា​នេះ។ ព្រះអង្គ​ទាំង​បី​ព្រះ​អង្គ​នឹង​ធ្វើ​ជា​ព្រះរាជ​អធិបតី​ នៅ​ក្នុង​ព្រះរាជពិធី​ដ៏​សំខាន់​លើក​ទី​មួយ​ នៅ​ថ្ងៃ​អាទិត្យ​ទី​៣០​តុលា​ចុង​សប្តាហ៍​នេះ។ នោះ​គឺ​ព្រះ​រាជ​ពិធី​រម្លឹក​ខួប​២០​ឆ្នាំ​នៃ​ការ​យាង​និវត្តន៍​ចូល​មាតុប្រទេស​វិញ​របស់​សម្តេច​ឪ​នរោត្តម សីហនុ។ សម្តេច​ឪ​នរោត្តម សីហនុ​ បាន​យាង​មក​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​ទី​២​វិញ​ នៅ​ខែ​វិច្ឆិកា​ ឆ្នាំ​១៩៩១ បន្ទាប់​ពី​ព្រះ​អង្គ​បាន​ឃ្លាត​ឆ្ងាយ​ពី​មាតុភូមិ​រយៈ​ពេល​១៣​ឆ្នាំ។

ពិធី​រម្លឹក​ខួប​២០​ឆ្នាំ​នៃ​ការ​យាង​និវត្តន៍​របស់​សម្តេច​ឪ ក៏​ត្រូវ​បាន​រដ្ឋាភិបាល​រៀបចំ​ប្រារព្ធ​ជាមួយ​ព្រះរាជពិធី​ចម្រើន​ព្រះជន្ម​របស់​ព្រះអង្គ​តែ​ម្តង ៨៩​យាង​ចូល​៩០​ព្រះវស្សា ​និង​ព្រះរាជ​ពិធី​រម្លឹកខួប​ឆ្នាំ​ទី​៧​នៃ​ការ​ឡើង​គ្រង​រាជ​សម្បត្តិ​របស់​ព្រះមហាក្សត្រ​នរោត្តម សីហមុនី ​២៩​តុលា​ផងដែរ។

ដូច្នេះ​ មាន​កម្មវិធី​ដ៏​អធិកអធម​ជា​ច្រើន​ត្រូវ​បាន​គ្រោង​រៀបចំ​នៅ​មុខ​ព្រះ​បរម​រាជវាំង និង​ពិធី​សម្តែង​សិល្បៈ តាំង​ពិព័រណ៍ ​នៅ​លើ​វាល​ព្រះមេរុ។ សិស្សានុសិស្ស និស្សិត មន្ត្រី​រាជការ សមាជិក​រដ្ឋសភា ព្រឹទ្ធសភា និង​សមាជិក​រដ្ឋាភិបាល ​ព្រម​ទាំង​អង្គទូត​នានា​ផង​ នឹង​ចូលរួម​ក្នុង​ព្រះរាជពិធី​ទាំង​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI