កម្ពុជា

វិមាន​ព្រះ​បរម​បដិមា​សម្តេច​ឪ​នរោត្តម​សីហនុ​​ បាន​បើក​សម្ពោធ​ហើយ​

រូបសំណាក សម្តេចព្រះ​នរោត្តម សីហនុ។
រូបសំណាក សម្តេចព្រះ​នរោត្តម សីហនុ។ RFI/Siv Channa

ដូច​ដែល​បានគ្រោង​ទុក វិមាន​ព្រះ​បរម​បដិមា សម្តេចឪ​នរោត្តម​សីហនុ ព្រះមហាវីរក្សត្រ​ត្រូវ​បាន​បើក​សម្ពោធ​ហើយ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​១១ តុលា​នេះ។ ពិធី​នេះ ត្រូវ​បាន​សម្ពោធ​ក្រោម​ព្រះ​វត្តមាន​ព្រះមហាក្សត្រ​សម្តេច​ព្រះ​បរមនាថ​នរោត្តម សីហមុនី សម្តេច​ម៉ែ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​សែ​រាជវង្សានុវង្ស តំណាងរាស្ត្រ រួម​ទាំង​មន្ត្រី​រដ្ឋការ​ទាំងអស់។

ផ្សាយពាណិជ្ជកម្ម

នៅ​ម៉ោង៨ និង ៣០ព្រឹក​ក្រោយ​ការយាង​មកដល់​របស់​ព្រះមហាក្សត្រ​សម្តេច​នរោត្តម  សីហមុនី និង​សម្តេចម៉ែ ព្រះ​រាជពិធី​សម្ពោធ​វិមាន​ព្រះ​បរម​រូប​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ ត្រូវបាន​បើកសម្ពោធ។ ពិធី​សម្ពោធ​ដែលមាន​របៀបវារៈ​តម្រូវ​ឱ្យ​លោក សុខ អាន រដ្ឋមន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​អនុគណៈកម្មការ​ទទួល​បន្ទុក​រៀបចំ​កសាង​បុស្បុក ឡើងរាយការណ៍​ដល់​ព្រះមហាក្សត្រ​ពី​សកម្មភាព​ទាំងឡាយ​នៃ​ការកសាង​ស្តូប​បុស្បុក​នេះ។

ហើយ​ពិធី​សម្ពោធ​នេះ បន្ត​ដល់​របៀបវារៈ​នៃ​ឡើង​ថ្លែង​របស់ លោក នាយករដ្ឋមន្ត្រី​ហ៊ុន សែន។ លោកនាយ​រដ្ឋមន្ត្រី​បាន​ថ្លែងថា​ ការកសាង​ព្រះ​បរម​បដិមា​របស់​ព្រះមហាវីរក្សត្រ​នេះ គឺជា​ការគោរព​ដឹងគុណ​គ្មាន​ទីបញ្ចប់​ ទៅដល់​ព្រះ​បរម​រតនៈ​កោដ្ឋ ដែល​បាន​លះបង់ និង​ពលី​ក្នុង​ការកសាង​ប្រទេសជាតិ​មាតុភូមិ​ពេញ​មួយ​ព្រះ​ជន្មាយុ​របស់​ព្រះអង្គ។ ​លោកនាយក​រដ្ឋមន្ត្រី​បន្ថែមថា ការបើក​សម្ពោធ​វិមាន​ព្រះ​បរម​រូបនេះ​ក៏​ជា​ដំណើរ​ឈានទៅ​ការ​រំលឹក​ខួប​មួយឆ្នាំ​នៃ​ការ​សោយ​ទិវ​ង្គ​ត់​ ដែល​នឹង​ប្រារ​ព្ឋ​នៅ​ថ្ងៃទី១៥តុលា​ខាងមុខនេះ។

ថ្ងៃ១៥តុលា ដែល​លោកនាយក​រដ្ឋមន្ត្រី បាន​អំពាវនាវ​ដល់​អ្នកដឹកនាំ​រដ្ឋាភិបាល​ជំនាន់​ក្រោយ ឱ្យ​បន្ត​រក្សាទុក​ថ្ងៃ១៥តុលា​ជា​រៀងរាល់ឆ្នាំ គឺជា​ថ្ងៃ​ទិវា​បុណ្យជាតិ ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​អាច​គោរ​ព​​ព្រះ​វិញ្ញាណ​ក្ខ​ន្ធ ព្រះ​វរ​បិ​តា​ជាតិ​សម្តេចឪ ​នរោត្តម​ សីហនុ។ ក្នុងនោះដែរ លោកនាយក​រដ្ឋមន្ត្រី​ចាស់ អាណត្តិ​ថ្មី ក៏បាន​ប្តេជ្ញា​ការពារ​រាជានិយម ការពារ​ព្រះរាជ​ប​ល័​ង្ក និង​ការពារ​ព្រះមហាក្សត្រ។

គួររំលឹកថា វិមាន​បុស្បុក ព្រះ​បរម​បដិមា​សម្តេចឪ​នរោត្តម សីហនុ មាន​កំពស់២៧ម៉ែត្រ ពី​បាត​ដល់​កំពូល។ ហើយ​ព្រះ​បរម​បដិមា​ត្រូវបាន​កសាង​ពី​ស្ពាន់ ដែលមាន​កម្ពស់ ៤ម៉ែត្រ កន្លះ និង​មាន​ព្រះ​ទែន ២ម៉ែត្រ ៧០សង់ទីម៉ែត្រ។ បុស្បុក​ទាំងមូល​ត្រូវបាន​កសាង​នៅលើ​ផ្ទៃ​ចតុកោណ ទទឹង២៧ម៉ែត្រ បណ្តោយ៥៤ម៉ែត្រ និង​កំពស់​ផ្ទៃ​ចតុកោណ ៩០សង់ទីម៉ែត្រ​ ​ដែល​អមដោយ​បង្គោល​ភ្លើង៥៩ដើម។ ថវិកា​ដែល​ត្រូវ​កសាង​តាំងពី​ខែកុម្ភៈ​ គឺ​ត្រូវ​ចំណាយ​អស់​ប្រមាណ​ជាង ១លាន២សែន​ដុល្លារ​សហរដ្ឋអាមេរិក នេះ​បើតាម​លោក សុខ អាន​ ប្រធាន​ទ​ទូល​បន្ទុក​សាងសង់។

បន្ទាប់ពី​ការឡើង​ថ្លែង​របស់លោក​នាយករដ្ឋមន្ត្រី ព្រះសង្ឃ​ទាំងពីរ​គណៈ ព្រះមហាក្សត្រ និង​សម្តេចម៉ែ និង​រួមទាំង​លោកនាយក​រដ្ឋមន្ត្រី បាន​និមន្ត យាង និង​ដើរទៅ​កាន់​វិមាន​ព្រះ​បរម​បដិមា ដើម្បី​បើក​ព្រះ​សុវណ្ណ​ភ​ស្ត​ ដែល​គ្រង​នៅ​ពី​ខាងមុខ​ព្រះ​ភក្ត្រ​ព្រះ​បរម​រតន​កោដ្ឋ។នៅ​ម៉ោង ៩ និង៣០នាទី ព្រះ​រាជពិធី​សម្ពោធ​វិមាន​ព្រះ​បរម​រូប ព្រះ​បរម​រតន​កោដ្ឋ​បាន​បិទ​បញ្ចប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI