កម្ពុជា

វេទិកា​ដីធ្លី ត្រូវ​បាន​លើក​បង្ហាញ សម្រាប់​គណបក្ស​នយោបាយ នៅ​មុន​ការបោះឆ្នោត

វេទិកា​ដីធ្លី ត្រូវ​បាន​លើក​បង្ហាញ សម្រាប់​គណបក្ស​នយោបាយ នៅ​មុន​ការបោះឆ្នោត
វេទិកា​ដីធ្លី ត្រូវ​បាន​លើក​បង្ហាញ សម្រាប់​គណបក្ស​នយោបាយ នៅ​មុន​ការបោះឆ្នោត

កិច្ច​ពិភាក្សា​តុមូល ស្តីពី គោលនយោបាយ​កំណែទម្រង់​ដីធ្លី នៅ​កម្ពុជា ត្រូវបាន​រៀបចំឡើង ដើម្បី​ចងក្រង​អនុសាសន៍ ដាក់​ទៅ​កាន់​រដ្ឋាភិបាល ពិសេស​គណបក្ស​នយោបាយ ទាំង​គណបក្ស​កាន់អំណាច និង​ទាំង​គណបក្ស​ប្រឆាំង ដើម្បី​កំណត់​កម្មវិធី​នយោបាយ សម្រាប់​ចូលរួម​ការបោះឆ្នោត នៅ​ខែ​កក្កដា ឆ្នាំ​២០១៣​។ តាម​សកម្ម​សិទ្ធិមនុស្ស បញ្ហាដីធ្លី ជា​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​ធំ​ជាងគេ​បង្អស់​នៅ​កម្ពុជា ព្រោះ​ប៉ះពាល់​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ ហើយក៏​ជា​មូលហេតុ​នៃ​ភាពក្រីក្រ​របស់​ប្រជាជន​កម្ពុជា​ផង​ដែរ​។​

ផ្សាយពាណិជ្ជកម្ម

កិច្ច​ភាក្សា​តុមូល​រយៈពេល​ពេញ​មួយ នៅ​ថ្ងៃ​ចន្ទ ទី​១៧ ខែកញ្ញា​នេះ មាន​ការចូលរួម​ពី​តំណាង​គណបក្ស​នយោបាយ ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ជម្លោះដីធ្លី និង​សកម្មជន​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​។ កិច្ចពិភាក្សា ស្តីពី គោលនយោបាយ​កំណែទម្រង់​ដីធ្លី នៅ​កម្ពុជា ត្រូវបាន​រៀបចំឡើង​ដោយ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​។ ការ​លើក​ឡើង​ពី​ជម្លោះ​ដីធ្លី​នៅ​ក្នុង​កិច្ច​ពិភាក្សា​រយៈពេល​មួយ​ថ្ងៃនេះ នឹង​ត្រូវ​ចងក្រង ដើម្បី​ដាក់​ទៅកាន់​រដ្ឋាភិបាល និង​គណបក្ស​នយោបាយ​សម្រាប់​ចងក្រង​កម្មវិធី​នយោបាយ ដោះស្រាយ នៅ​ពេល​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ និង​នាយក​រដ្ឋមន្ត្រី​នឹង​ចូល​មក​ដល់​នៅ​ខែ​កក្កដា ឆ្នាំ​២០១៣​។

ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក អ៊ូ វិរៈ បាន​ប្រាប់​អ្នកកាសែត​ថា បញ្ហាដីធ្លី ជា​ចំណាប់អារម្មណ៍​ចម្បង​របស់​គណបក្ស​កាន់អំណាច និង​គណបក្ស​ប្រឆាំង​។ ដូច្នេះ​មតិយោបល់ និង​អនុសាសន៍​នានា​ស្តីពី​បញ្ហា​ដីធ្លី​នៅ​ថ្ងៃ​ចន្ទ​នេះ នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​គ្រប់​គណបក្ស​នយោបាយ និង​រដ្ឋាភិបាល សម្រាប់​ដោះស្រាយ និង​រៀបចំ​គោលនយោបាយ​សម្រាប់​ឈាន​ទៅ​ឈ្នះ​ការ​បោះឆ្នោត នៅ​ឆ្នាំ​២០១៣ ខាង​មុខ​។ អំពី​ស្ថានភាព​ជម្លោះ​ដីធ្លី នៅ​ក្នុង​ប្រទេស​កម្ពុជា មក​ដល់​ពេល​នេះ ត្រូវ​បាន​សកម្មជន​សិទ្ធិមនុស្ស លោក អ៊ូ វីរៈ លើក​ឡើង​ថា បញ្ហា​ដីធ្លី ជា​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​ធំ​ជាង​គេ​បង្អស់​នៅ​កម្ពុជា ដោយសារ​វា​ពាក់ព័ន្ធ​ទៅ​លើ​ជីវភាព​របស់​ប្រជាពលរដ្ឋ ហើយ​ក៏​ជា​មូលហេតុ​នៃ​ភាពក្រីក្រ​របស់​ប្រជាជន​កម្ពុជា​ផង​ដែរ​។ តាម​លោក​អ៊ូ​វីរៈ រដ្ឋាភិបាល​ត្រូវ​តែ​រៀបចំ​ប្លង់​ដីធ្លី និង​ប្រព័ន្ធ​សូរិយោដី​ឲ្យ​បាន​ច្បាស់លាស់ ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ និង​ជម្លោះ​ដីធ្លី​។ ក្នុងនោះ ក៏​ដើម្បី​ទាក់ទាញ​អ្នកវិនិយោគ​ផងដែរ​។

ក្នុង​វេទិកា​ដីធ្លី​នៅ​ថ្ងៃ​ចន្ទ​នេះ ក៏​មាន​ការ​លើក​ឡើង​ពី​ការ​អនុវត្ត​ច្បាប់​ភូមិបាល​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​អនុម័ត​នៅ​ឆ្នាំ​២០០១​។ ការ​អនុវត្ត​ច្បាប់​ភូមិបាល នៅ​មាន​កម្រិត និង​ខ្វះ​ការ​ត្រួតពិនិត្យ ជា​មូលហេតុ​ចម្បង បណ្តាល​ឲ្យ​មាន​ជម្លោះ​ដីធ្លី និង​ការ​បណ្តេញ​ប្រជាជន​កម្ពុជា ចេញ​ពី​លំនៅឋាន​។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​វា​គ្មិន ក្នុង​វេទិកា​។​ យ៉ាង​ណា​ក៏​ដោយ នៅ​ពេល​ថ្មីៗ​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ថ្មី​មួយ ដោយ​តម្រូវ​ឲ្យ​ក្រុម​និស្សិត​ស្ម័គ្រចិត្ត ចុះ​វាស់វែង​ដី និង​ធ្វើ​ប្លង់​កម្មសិទ្ធិ​ចែក​ជូន​ប្រជាជន ដើម្បី​អ្វី ​ដែល​រដ្ឋាភិបាល​ចាត់​ទុក​ថា ដើម្បី​កាត់បន្ថយ​ជម្លោះ​ដីធ្លី​នៅ​កម្ពុជា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI