មនុស្ស៤នាក់ត្រូវបានចាប់បញ្ជូនទៅតុលាការ ក្រោយការបង្ក្រាប នៅខេត្តក្រចេះ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សមត្ថកិច្ចបានចាប់ខ្លួនបុរស៤នាក់ដែលត្រូវបានគេចាត់ទុកថា ជាក្រុមមេខ្លោង ធ្វើសកម្មភាពប្រឆាំងរដ្ឋធម្មនុញ្ញ ដោយមានចេតនាបង្កើតតំបន់អបគមន៍។ តំបន់រងការបង្រ្កាប កំពុងស្ថិតនៅក្រោមការការពារយ៉ាងតឹងរ៉ឹងពីកំលាំងរដ្ឋាភិបាល។ ស្ថានទូតអាមេរិកអំពាវនាវអោយរដ្ឋាភិបាលស៊ើបអង្កេតស្វែងរកចាប់ខ្លួនអ្នកទទួលខុសត្រូវលើការស្លាប់របស់កុមារីហេង ចាន់ថា។
សមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនបុរស៤នាក់ទៅតុលាការខេត្តក្រចេះ បុរស៤នាក់ដែលសមត្ថកិច្ចចាប់បាន កាលពីថ្ងៃពុធម្សិលមិញក្នុងព្រឹត្តិការណ៍បង្ក្រាបការចាប់យកដីខុសច្បាប់ នៅក្នុងឃុំ កំពង់ដំរី ខេត្តក្រចេះ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃលោកឧត្តមសេនីយ៍ឯក ខៀវ សុភ័គបានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅរសៀលថ្ងៃនេះថា បុរសទាំង៤នោះរួមមាន ២នាក់គឺជាអ្នកកាន់កាប់បារ៉ាស់មិនអោយអាជ្ញាធរចូលក្នុងតំបន់ពួកគេ ម្នាក់ប្រើប្រាស់អាវុធកែច្នៃ និងម្នាក់ទៀតជាសកម្មជន។ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃដដែលបញ្ជាក់ថា ពួកគេទាំង៤នាក់ គឺជាសមាជិកក្នុងក្រុមមេខ្លោងដែលដឹកនាំដោយប៊ុន រដ្ឋា។
ក្រោយការបង្ក្រាបក្រុមមនុស្ស ដែលរដ្ឋាភិបាលចាត់ទុកថា ជាក្រុមដែលមានចេតនាចង់បង្កើតតំបន់អបគមន៍នោះ ក្រសួងមហាផ្ទៃបានប្រកាសស្វែងរកចាប់ខ្លួនបុរស៥នាក់ទៀតព្រមទាំងឈ្មោះប៊ុន រដ្ឋាដែលសមត្ថកិច្ចរដ្ឋាភិបាលចាត់ទុកថាជាមេខ្លោង។
នៅក្នុងឃុំកំពង់ដំរីឯណោះវិញ លោកចាន់ សូវេត មន្ត្រីស៊ើបអង្កេតរបស់សមាគមការពារសិទ្ធិមនុស្សអាដហុកដែលបានទៅដល់កន្លែងកើតហេតុនោះ បានរៀបរាប់អោយដឹងថា តំបន់នោះត្រូវបានការពារដោយកំលាំងយោធារដ្ឋាភិបាលយ៉ាងតឹងរឹង ហើយមិនអោយមន្ត្រីសិទ្ធិមនុស្សចេញចូលក្រៅពីប្រជាពលរដ្ឋចាស់ក្នុងតំបន់នោះឡើយ។ លោកចាន់ សូវេតបន្តថា ប្រជាពលរដ្ឋដែលទើបទៅដល់ថ្មីបានរត់ចាកចេញពីតំបន់នោះជាច្រើនដោយសារការភ័យខ្លាច។
នៅថ្ងៃនេះ ស្ថានទូតសហរដ្ឋអាមេរិកបានចេញផ្សាយសេចក្តីថ្លែងការណ៍មួយដើម្បីរំលែកទុក្ខជាមួយក្រុមគ្រួសារ និងមិត្តភក្តិរបស់កុមរីហេង ចាន់ថាដែលបានស្លាប់ដោយសារគ្រាប់កាំភ្លើងប៉ូលិស នៅក្នុងតតាំងគ្នារវាងកំលាំងរដ្ឋាភិបាល និងក្រុមអ្នកតវ៉ា កាលពីព្រឹកថ្ងៃពុធម្សិលមិញនេះ។ ទន្ទឹមគ្នានេះ សហរដ្ឋអាមេរិកក៏បានថ្លែងកង្វល់ និងការព្រួយបារម្ភរបស់ខ្លួន ចំពោះករណីជម្លោះដីធ្លីនៅកម្ពុជា ដែលសហរដ្ឋអាមេរិកកត់សម្គាល់ឃើញថា មានកាន់តែច្រើនឡើង ហើយការតវ៉ាដោយហឹង្សា ក៏ងាយនឹងកើតមានដែរ។ នៅក្នុងសេចក្តីថ្លែងការណ៍នោះ សហរដ្ឋអាមេរិកមិនបានភ្លេចសាទរសេចក្តីសម្រេចចុងក្រោយរបស់ប្រមុខរដ្ឋាភិបាលក្នុងការផ្អាកការផ្តល់សម្បទានដីសេដ្ឋកិច្ចនោះឡើយ ប៉ុន្តែសហរដ្ឋអាមេរិកអត្ថាធិប្បាយថា ហេតុការណ៍ដ៏ក្រៀមក្រំ កាលពីថ្ងៃពុធក្នុងខេត្តក្រចេះ វាបានបង្ហាញអំពីសារៈសំខាន់នៃសិទ្ធិលើទ្រព្យសម្បតិ្ត និងប្រព័ន្ធនៃការដោះស្រាយជម្លោះមួយដែលឯករាជ្យ និងប្រកបដោយតម្លាភាព៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ