អានតួអត្ថបទ
បារាំង

ប្រធានាធិបតី​បារាំង​ប្តូរ​នាយករដ្ឋមន្ត្រី​ ក្រោយ​ពេល​បក្ស​កាន់អំណាច​ចាញ់ឆ្នោត​ឃុំ-សង្កាត់​

លោក Manuel Valls ជា​នាយក​រដ្ឋមន្ត្រី​បារាំង​ថ្មី
លោក Manuel Valls ជា​នាយក​រដ្ឋមន្ត្រី​បារាំង​ថ្មី Reuters/Charles Platiau
ដោយ៖ ព្រំ សឿន សូលីណា
១៤ នាទី

នៅ​ល្ងាច​​​ថ្ងៃ​ចន្ទ​ម្សិលមិញ ប្រធានាធិបតី​បារាំង​​​ ហ្វ្រង់ស៊័រ ហូឡង់ ​បានប្រកាស​ប្តូរ​នាយក​រដ្ឋមន្ត្រីថ្មី។ លោកហូឡង់​​​បាន​តែងតាំង​​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ គឺ​លោក​ម៉ានុយអែល វ៉ាល់ អោយ​ឡើង​ធ្វើជា​នាយករដ្ឋមន្ត្រី បន្ត​ពី​លោក​ហ្សង់ម៉ាក អៃរ៉ូល ដែល​បាន​លាលែង​ពី​តំណែង​នាយករដ្ឋមន្ត្រី ​​នៅ​ល្ងាច​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះដែរ។ ​​ប្រធានាធិបតី បារាំង​សម្រេច​រុះរើសមាសភាព​​រដ្ឋាភិបាល​​ចាស់​ចោល ដោយសារ​តែ​បក្ស​សង្គមនិយម​របស់​លោក​​បាន​ចាញ់ឆ្នោត​ឃុំ-សង្កាត់ កាលពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ។

ផ្សាយពាណិជ្ជកម្ម

នៅ​បារាំង ​ក្រោយពេល​បក្ស​សង្គមនិយម​បារាំង​បាន​ចាញ់ឆ្នោត​ឃុំ-សង្កាត់ កាលពីថ្ងៃ​អាទិត្យ​កន្លងទៅ ​នៅថ្ងៃ​ចន្ទ​យប់មិញ ប្រធានាធិបតី​បារាំងហ្វ្រង់ស៊័រ ហូឡង់ ​​បាន​ប្រកាស​​​រុះរើ​សមាសភាព​រដ្ឋាភិបាល​​​ចាស់ចោល។ លោកហូឡង់​បានតែងតាំង​លោក​ម៉ានុយអែល វ៉ាល់ រដ្ឋមន្ត្រី​មហាផ្ទៃ អោយ​ឡើង​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​រដ្ឋាភិបាល​ថ្មី។  ទន្ទឹម​នេះដែរ​ ប្រធានាធិបតី​បារាំង​បាន​សន្យា​​បង្កើត​នូវ​កាតិកា​សញ្ញា​​​​សាមគ្គីភាព​មួយ សំដៅ​កាត់បន្ថយ​ពន្ធ​ជួយដល់​ប្រជាជន​បារាំង​គ្រប់រូប គិតចាប់​ពី​ពេលនេះ រហូត​ដល់​ឆ្នាំ​២០១៧។ កាតិកា​សញ្ញា​​នេះ​​ក៏​​ជួយ​កាត់បន្ថយ​​​ប្រាក់កាស​​វិភាគទាន​សង្គម​ផ្សេងៗ ​ដែល​ប្រជាជន​បារាំងម្នាក់ៗ​តែង​តែ​បង់​ជាប្រចាំ​ផងដែរ។

ការប្រកាស​តែងតាំង​នាយករដ្ឋមន្ត្រី​ថ្មី និង​រុះរើ​សមាសភាពរដ្ឋាភិបាល​នេះ ​ធ្វើឡើង​តែ​មួយថ្ងៃប៉ុណ្ណោះ ក្រោយពេល​បក្ស​កាន់អំណាច​បានបាក់មុខ​មាត់ ​​ចាញ់​ឆ្នោត​ឃុំ-សង្កាត់ ក្នុង​ថ្ងៃ​អាទិត្យ​កន្លង​ទៅនេះ។ ក្នុង​ការ​បោះឆ្នោត​នេះ ​បក្ស​ស្តាំនិយម​ពិសេស​បក្ស​​UMP ​​របស់​អតីត​ប្រធានាធិបតី សាកូស៊ី ​បាន​​ដណ្តើម​កាន់កាប់បាន​​​​​​ឃុំប្រមាណ​១៥៥​ ដែល​មានប្រជាជន​៩០០០នាក់​រស់នៅ​ក្នុង​មួយឃុំៗ។

នៅបារាំង ​នាយករដ្ឋមន្ត្រី​​​ថ្មី ម៉ានុយអែល វ៉ាល់ អាយុ​៥២ឆ្នាំ ​មានប្រជាប្រិយ​ភាព​​លើសពី​ប្រធានាធិបតី​ហូឡង់ និង​អតីត​នាយក​រដ្ឋមន្ត្រី​អៃរ៉ូល។ លោក​វ៉ាល់​ មាន​ភាព​ម៉ឹងម៉ាត់​​ ក្នុង​ការ​សម្រេចចិត្ត​ផ្សេងៗ ពិសេស​រឿង​​អន្តោប្រវេសន៍​ និង​បញ្ហា​​សន្តិសុខសង្គម​។ លោក​​ទទួលបាន​ការចាប់​អារម្មណ៍​ពី​សារព័ត៌មាន​នានា។ ​អ្នកនយោបាយ​ឆ្វេងនិយម​មកពី​បក្ស​កាន់អំណាច​និង​បក្ស​ឆ្វេងនិយម​ផ្សេងទៀត​ មិនសូវ​ជាចូលចិត្ត​​​លោក​វ៉ាល់ប៉ុន្មាន​ទេ ព្រោះពួកគេ​គិតថា​ លោក​វ៉ាល់​មាន​ទំនោរ​ទៅ​រក​នយោបាយ​បែប​អភិរក្ស​និយម ស្តាំនិយម​។ ​ពេល​ថ្មីៗកន្លងមក​នេះ ​​​រដ្ឋមន្ត្រី​​ទទួលបន្ទុក​លំនៅដ្ឋាន​ លោកស្រី សេស៊ីល ឌុយផ្លូ ​បាន​ប្រកាស​ថា ​បើ​លោក​វ៉ាល់ ឡើង​​ធ្វើ​ជានាយករដ្ឋមន្ត្រី​​ នោះ​លោកស្រី​នឹង​ចាកចេញ​ពី​​​រដ្ឋាភិបាល​បារាំង៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ