បារាំងចោទរដ្ឋាភិបាលស៊ីរីពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
ចុះផ្សាយនៅថ្ងៃ៖
នៅក្នុងពេលដែលអាជ្ញាធរស៊ីរី នៅតែបន្តប្រើកម្លាំងបង្រ្កាបទៅលើក្រុមប្រឆាំង រដ្ឋមន្រ្តីក្រសួងការបរទេសបារាំងបានហៅទង្វើរបស់រដ្ឋាភិបាលស៊ីរីថាជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ ចំណែករដ្ឋាភិបាលរុស្ស៊ីវិញ នៅតែប្រកាន់ជំហរដដែល គឺមិនឲ្យក្រុមប្រឹក្សាសន្តិសុខអ.ស.ប. លូកដៃចូលធ្វើអន្តរាគមន៍ក្នុងសំណុំរឿងស៊ីរី។
មនុស្សយ៉ាងតិច ២៣នាក់ បានបាត់បង់ជីវិត ដោយការបង្រ្កាបពីសំណាក់អាជ្ញាធរស៊ីរី កាលពីថ្ងៃពុធ ម្សិលមិញ។ លោកអាឡាំង ហ្ស៊ុបប៉េ (Alain Juppé) រដ្ឋមន្រ្តីការបរទេសបារាំងបានហៅទង្វើរបស់រដ្ឋាភិបាលស៊ីរីថាជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ហើយទាមទារឲ្យក្រុមប្រឹក្សាសន្តិសុខអ.ស.ប.ចាត់វិធានការជាបន្ទាន់ ដើម្បីបញ្ចប់ការបង្ហូរឈាមនៅស៊ីរី។
លោកអាឡាំង ហ្ស៊ុបប៉េ បានថ្លែងបែបនេះ នៅក្រោយជំនួបជាមួយរដ្ឋមន្រ្តីការបរទេសរុស្ស៊ី នៅទីក្រុងម៉ូស្គូ។ រុស្ស៊ី ដែលជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ នៅតែជំទាស់មិនឲ្យក្រុមប្រឹក្សាសន្តិសុខលូកដៃចូលធ្វើអន្តរាគមន៍ ក្នុងសំណុំរឿងស៊ីរី ដោយលើកហេតុផលថា អន្តរាគមន៍របស់ក្រុមប្រឹក្សាសន្តិសុខអាចនឹងធ្វើឲ្យស្ថានភាពនៅស៊ីរីកាន់តែដុនដាបខ្លាំងឡើងថែមទៀត ដែលអាចនឹងដើរតាមគន្លងសេណារីយ៉ូលីប៊ី។
ដំណើរទស្សនកិច្ចរបស់អគ្គលេខាធិការនៃអង្គការសម្ព័ន្ធអារ៉ាប់ទៅកាន់ប្រទេសស៊ីរី ដែលគ្រោងធ្វើនៅថ្ងៃពុធ ម្សិលមិញនេះ ត្រូវបានលើកពេល ទៅថ្ងៃសៅរ៍វិញ។ តាមរយៈដំណើរទស្សនកិច្ចនេះ អង្គការសម្ព័ន្ធអារ៉ាប់ ដែលមានស៊ីរីជាសមាជិកផងនោះ រំពឹងថា នឹងអាចស្វែងរកដំណោះស្រាយ ដើម្បីបញ្ចប់អំពើហិង្សានៅស៊ីរី។ ផែនការ ដែលអគ្គលេខាធិការអង្គការសម្ព័ន្ធអារ៉ាប់គ្រោងនឹងយកទៅជជែកជាមួយលោកបាស្ហា អាល់អាស្ហាដ (Bachar al-Assad) ប្រធានាធិបតីស៊ីរី រួមមាន ការបញ្ឈប់ជាបន្ទាន់នូវការប្រើកម្លាំងបង្រ្កាបក្រុមប្រឆាំង បើកកិច្ចចរចារវាងរដ្ឋាភិបាលនិងក្រុមប្រឆាំង និងការរៀបចំការបោះឆ្នោតប្រធានាធិបតី នៅឆ្នាំ២០១៤ខាងមុខ។ ប៉ុន្តែ គេហាក់ដូចជាមិនសូវសង្ឃឹមទេថា លោកអាសាដនឹងសុខចិត្តរៀបចំការបោះឆ្នោតប្រកបដោយលក្ខណៈប្រជាធិបតេយ្យ សេរី និងយុត្តិធម៌។
គួររំឭកឡើងវិញថា លោកបាស្ហា អាល់អាសាដ បានឡើងកាន់តំណែងជាប្រធានាធិបតីស៊ីរី បន្តពីឳពុក កាលពីឆ្នាំ២០០០។ ឳពុករបស់លោកអាសាដ បានឡើងកាន់អំណាច កាលពីឆ្នាំ១៩៧០ តាមរយៈការធ្វើរដ្ឋប្រហារ ហើយបានកាន់អំណាចផ្តាច់ការរយៈពេល ៣០ឆ្នាំ រហូតដល់ថ្ងៃស្លាប់ នៅឆ្នាំ២០០០៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ