បារាំងនិងអាល្លឺម៉ង់ជួបគ្នាដើម្បីធ្វើសំណើកំណែទម្រង់អឺរ៉ុប
ចុះផ្សាយនៅថ្ងៃ៖
លោកប្រធានាធិបតីបារាំងNicolas Sarkozy និងលោកស្រីនាយករដ្ឋមន្ត្រីអាល្លឺម៉ង់Angela Merkel ជួបគ្នានៅថ្ងៃចន្ទទី៥ធ្នូនេះ នៅទីក្រុងប៉ារីស។ គោលដៅគឺរៀបចំសំណើរួមមួយចំនួន ដើម្បីកំចាត់វិបត្តិនៅក្នុងតំបន់ចាយលុយអឺរ៉ូ។ សំណើរួមទាំងនេះ នឹងត្រូវដាក់ឲ្យថ្នាក់ដឹកនាំអឺរ៉ុបពិនិត្យនិងអនុម័ត នាឱកាសជំនួបកំពូលអឺរ៉ុបដែលនឹងត្រូវប្រព្រឹត្តទៅ នៅថ្ងៃព្រហស្បតិ៍ទី៨ធ្នូនិងថ្ងៃសុក្រទី៩ធ្នូខាងមុខនេះ។ យ៉ាងណាក៏ដោយ ប៉ារីសនិងប៊ែរឡាំងនៅតែមិនទាន់យល់ស្របគ្នានៅឡើយ ចំពោះសំណុំរឿងមួយចំនួន។
គោលដៅសំខាន់ជាងគេបង្អស់មួយរបស់បារាំងនិងអាល្លឺម៉ង់ គឺពង្រឹងសហភាពអឺរ៉ុប តាមរយៈការតម្រូវឲ្យប្រទេសសមាជិកនីមួយៗគ្រប់គ្រងថវិកាជាតិរបស់ខ្លួនឲ្យបានត្រឹមត្រូវ។ នៅក្នុងន័យនេះ លោកSarkozy និងលោកស្រីMerkel ចង់ឲ្យមានការដាក់ទណ្ឌកម្មទៅលើប្រទេសសមាជិកណាដែលមិនគោរពវិន័យ ដោយនៅតែបន្តចាយធំ ចាយច្រើនជាងលុយដែលខ្លួនរកបាន។
ដើម្បីសម្រេចគោលដៅនេះបាន សហភាពអឺរ៉ុបចាំបាច់ត្រូវតែកែប្រែសន្ធិសញ្ញាអឺរ៉ុបជាមុនសិន ត្រូវតែមានជាលាយលក្ខណ៍អក្សរវិធានច្បាប់យ៉ាងតឹងរ៉ឹង។ នេះគឺជាអ្វីដែលប្រទេសអាល្លឺម៉ង់ទាមទារចង់បាន។ ដើមដំបូង ប្រទេសបារាំងបានច្រានចោលសំណើនេះ តែក្រោយមកបានយល់ស្រប។ ជាថ្នូរវិញ ប៉ារីសចង់ឃើញប្រទេសអាល្លឺម៉ង់យល់ព្រមបង្កើនសាមគ្គីធម៌អឺរ៉ុប ដើម្បីដោះស្រាយវិបត្តិបំណុលនៃតំបន់ចាយលុយអឺរ៉ូ។
នៅក្នុងន័យនេះ អាល្លឺម៉ង់ត្រូវតែយល់ព្រមអនុញ្ញាតឲ្យធនាគារកណ្តាលអឺរ៉ុបទិញបំណុលរបស់ប្រទេសសមាជិកអឺរ៉ុប ហើយអាល្លឺម៉ង់ត្រូវតែយល់ព្រមអនុញ្ញាតឲ្យបង្កើតមូលបត្របំណុលអឺរ៉ុបរួមគ្នា។ នៅក្នុងបរិបទបែបនេះ ទីផ្សារភាគហ៊ុនកំពុងរង់ចាំអ៊ុតមើលថា តើបារាំងនិងអាល្លឺម៉ង់នឹងអាចចុះសម្រុងគ្នាដែរឬទេនៅថ្ងៃនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ