សង្រ្គាម​នៅ​លីប៊ី៖ ប្រើ​ឧទ្ធម្ភាគចក្រ​ចម្បាំង​គឺ​ជា​តាក់ទិក​ថ្មី​ដើម្បី​ដេញ​កាដាហ្វ៊ី​ឲ្យ​ចេញ​ពី​អំណាច

សំឡេង ០៥:៤៨
ឧទ្ធម្ភាគចក្រ​ចម្បាំង​ប្រភេទ Tigre ដែល​បារាំង​ដាក់​ពង្រាយ​ទៅលីប៊ី
ឧទ្ធម្ភាគចក្រ​ចម្បាំង​ប្រភេទ Tigre ដែល​បារាំង​ដាក់​ពង្រាយ​ទៅលីប៊ី ©Ministère français de la Défense / DICOD

កាល​ពីថ្ងៃ​អង្គារ ម្សិលមិញ ប្រមុខការទូត​បារាំង​បាន​ប្រកាស​​ថា ប្រតិបត្តិការ​យោធា​​នៅ​លីប៊ី​នឹង​ត្រូវ​បញ្ចប់​ក្នុង​រយៈពេល​ពីរ-បី​ខែ​ទៀត។ ដើម្បី​ដាក់​សម្ពាធ​លើ​លោក​កាដាហ្វ៊ី​ឲ្យ​ចុះចេញ​ពី​អំណាច​ឆាប់ៗ អូតង់​បាន​បង្កើន​ការ​វាយប្រហារ​យ៉ាងខ្លាំង​ទៅលើ​ទីស្នាក់ការ​របស់​លោក​កាដាហ្វ៊ី នៅ​ទីក្រុង​ទ្រីប៉ូលី។​ ​កាល​ពីថ្ងៃ​ចន្ទ ​បារាំង​បាន​ប្រកាស​ថា បារាំង​និង​អង់គ្លេស​នឹង​ចាប់ផ្តើម​ប្រើ​ឧទ្ធម្ភាគចក្រ​ ក្នុង​ប្រតិបត្តិការ​យោធា​នៅ​លីប៊ី។ អ្នកជំនាញ​ខាង​យុទ្ធសាស្រ្ត​ទ័ព​យល់ថា​នេះ​គឺ​ជា​ការ​​ផ្លាស់ប្តូរ​តាក់ទិក​​ដ៏សំខាន់​មួយ។

ផ្សាយពាណិជ្ជកម្ម

ជាងពីរ​ខែ​មក​ហើយ ដែល​អូតង់​បាន​ធ្វើ​ការ​វាយប្រហារ​តាម​ផ្លូវ​អាកាស​ទៅលើ​លីប៊ី។ ក៏ប៉ុន្តែ រហូត​មក​ទល់ពេលនេះ ស្ថានការណ៍​ហាក់ដូចជា​នៅ​ទ្រឹង​ គ្មាន​ចក្រ​ចេញ។ ក្រុម​របស់​លោក​កាដាហ្វ៊ី​នៅតែ​បន្ត​កាន់​អំណាច ហើយ​​ទាហាន​របស់​លោ​កកាដាហ្វ៊ី​​នៅតែ​អាច​​ធ្វើ​ការ​វាយប្រហារ​ទៅលើ​ទីតាំង​របស់​ក្រុមប្រឆាំង​នៅ​ទីក្រុង​មីស្រាតា។ អូតង់​កំពុង​តែ​បារម្ភ​ខ្លាច​ប្រតិបត្តិការ​នៅលីប៊ី​ត្រូវ​អូសបន្លាយ​គ្មាន​ពេល​បញ្ចប់ ដូចករណី “No-fly zone” នៅ​អ៊ីរ៉ាក់ កាល​ពី​ទសវត្សរ៍​ទី​៩០។

ដោយសារ​តែ​ក្រុមប្រឹក្សា​សន្តិសុខ​ហាម​មិន​ឲ្យ​ប្រើ​ទាហាន​ជើងគោក យុទ្ធសាស្រ្ត​របស់​លោក​ខាងលិច គឺ​ចរចា​រក​ដំណោះស្រាយ​ឲ្យ​លោក​កាដាហ្វ៊ី​ចុះចេញ​ពី​តំណែង ហើយ​និរទេស​ខ្លួន​ទៅ​ក្រៅ​ប្រទេស។ ក៏ប៉ុន្តែ ដើម្បី​ដាក់​សម្ពាធ​លើ​លោក​កាដាហ្វ៊ី​ឲ្យ​ទទួល​យក​ដំណោះស្រាយ​នេះ អូតង់​​​បង្កើន​​ការវាយប្រហារ​ទៅលើ​ទីតាំង​របស់​លោក​កាដាហ្វ៊ី។

កាល​ពី​យប់​ថ្ងៃ​អង្គារ យន្តហោះ​របស់​អូតង់​បាន​ធ្វើ​ការ​វាយប្រហារ​ក្នុង​ទ្រង់ទ្រាយ​ធំ​បំផុត​មិន​ធ្លាប់​មាន ទៅលើ​​​ទីតាំង​នៅ​ជុំវិញ​ផ្ទះ​របស់​លោក​កាដាហ្វ៊ី នៅ​ក្នុង​ទីក្រុង​ទ្រីប៉ូលី។ ក៏ប៉ុន្តែ សម្រាប់​ចំណុច​ស៊ីប​ដែល​ស្ថិត​ក្នុង​ទីក្រុង​សម្បូរ​ទៅដោយ​ជនស៊ីវិល ការ​ប្រើ​យន្តហោះ​ចម្បាំង​​ គឺ​ត្រូវ​ប្រថុយប្រថាន​នឹង​ការ​ប៉ះពាល់​ដល់​ជនស៊ីវិល។

កាល​ពី​ថ្ងៃ​ចន្ទ​ រដ្ឋមន្រ្តី​ការពារជាតិ​បារាំង​បាន​ប្រកាស​​ថា បារាំង​បាន​បញ្ជូន​ឧទ្ធម្ភាគចក្រ​​ចម្បាំង​ទំនើបៗ​ (ប្រភេទ Tigre និង Gazelle) ទៅ​​លីប៊ី។ អង់គ្លេស​ក៏​នឹង​បញ្ជូន​ឧទ្ធម្ភាគចក្រ​របស់​ខ្លួន​ទៅ​លីប៊ី​ដែរ។ យោងតាម​កាសែត​បារាំង ឈ្មោះ Le Figaro នាវា​ផ្ទុក​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​របស់​បារាំង បាន​​ធ្វើ​ដំណើរ​ចេញ​ទៅ​លីប៊ី កាល​ពីថ្ងៃ​ទី១៧ ឧសភា។ នៅលើ​នោះ មាន​ផ្ទុក​ឧទ្ធម្ភាគចក្រ​​ចម្បាំង​ ​ចំនួន ១២​គ្រឿង។​

ការ​សម្រេច​ប្រើ​ឧទ្ធម្ភាគចក្រ​ចម្បាំង​នេះ ត្រូវ​បាន​អ្នក​ជំនាញ​ខាងវិស័យ​យោធា​​យល់​ថា ជា​ការ​ផ្លាស់ប្តូរ​តាក់ទិក​ដ៏​សំខាន់​របស់​អូតង់។ ឧទ្ធម្ភាគចក្រ​គឺ​ជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធិភាព​ ក្នុង​ការ​ដាក់​សម្ពាធ​លើ​លោក​កាដាហ្វ៊ី និង​លើ​ទាហាន​របស់​គាត់ ពីព្រោះ​ថា ឧទ្ធម្ភាគចក្រ​​អាច​ហោះ​ទាបៗ និង​យឺតៗ ងាយស្រួល​ក្នុង​ការ​ដេញ​តាម​​វាយប្រហារ​ទៅលើ​​ចំណុចស៊ីប​​ដែល​ចល័ត ដូចជា រថក្រោះ និង​ទាហាន​ថ្មើរជើង ជាដើម។ ម្យ៉ាងទៀត ឧទ្ធម្ភាគចក្រ​អាច​​ហោះ​តាម​រក​ចំណុច​ស៊ីប​ដោយ​ខ្លួន​ឯង ខុស​ពី​យន្តហោះ​ចម្បាំង​ ដែល​ពឹង​ផ្អែក​ទាំងស្រុង​លើ​ព័ត៌មាន​​ពី​យន្តហោះ​ស៊ើបការណ៍ ឬ​ពី​ទាហាន​ឧទ្ទាម។

ក៏ប៉ុន្តែ ការ​ប្រើប្រាស់​ឧទ្ធម្ភាគចក្រ​ក៏​ជា​ការ​ប្រថុយប្រថាន​ដ៏​ធំ​មួយ​ដែរ សម្រាប់​អូតង់។ ខុសពី​យន្តហោះ​ចម្បាំង​ ដែល​ហោះ​ខ្ពស់ៗ​​​ ឧទ្ធម្ភាគចក្រ​​នឹង​ត្រូវ​ហោះ​ទាបៗ ងាយ​ប្រឈមមុខ​នឹង​មីស៊ីល​របស់​សត្រូវ។ ប្រសិន​បើ​ឧទ្ធម្ភាគចក្រ​ត្រូវ​ទាហាន​លីប៊ី​បាញ់​ធ្លាក់ អូតង់​អាច​នឹង​ត្រូវ​បង្ខំចិត្ត​បញ្ជូន​ទាហាន​ជើងគោក​ឲ្យ​ចូល​ទៅ​សង្រ្គោះ​អ្នកបើកបរ។ ពេល​នោះ​អូតង់​អាច​នឹង​ត្រូវ​គេ​រិះគន់​ថា​​រំលោភ​លើ​​​សេចក្តី​សម្រេច​របស់​​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.​។ ដោយ​មក​ពី​បារម្ភ​អំពី​បញ្ហា​នេះ​ហើយ ទើប​អូតង់​មិនប្រើ​ឧទ្ធម្ភាគចក្រ​តាំង​ពី​ដំបូង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI