តើនឹងមានអ្វីកើតឡើង ប្រសិនបើបារាំងមិនគោរពបញ្ជាសហភាពអឺរ៉ុប ផ្នែកថវិកា?
ចុះផ្សាយនៅថ្ងៃ៖
រដ្ឋាភិបាលបារាំងបានបង្ហាញជាសាធារណៈ កាលពីសប្តាហ៍មុន គម្រោងថវិកាជាតិសម្រាប់ឆ្នាំ២០១៥។ គម្រោងថវិកានេះដែលបានបញ្ជូនទៅដល់សភាបារាំងហើយកាលពីថ្ងៃទី ១៤តុលា ក៏ត្រូវ ដាក់ជូនទៅគណៈកម្មការអឺរ៉ុបឱ្យបានមុនថ្ងៃទី ១៥តុលា២០១៤នេះដែរ។ ជាគម្រោងថវិកា ដែល ទំនងជាមិនឆ្លើយតបបានទៅនឹងលក្ខខណ្ឌរបស់គណៈកម្មការអឺរ៉ុបឡើយ។ អឺរ៉ុបចង់ឃើញបារាំងប្រឹងកាត់បន្ថយឱនភាពថវិកា ឱ្យបានច្រើន បើពុំនោះទេនឹងអាចរងទណ្ឌកម្ម។ ប៉ុន្តែអ្នកនាំពាក្យរដ្ឋាភិបាល និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបារាំង អះអាងនឹងមិនធ្វើការកែប្រែអ្វីទាំងអស់ តាមអឺរ៉ុបទេ។ហេតុអ្វីបានជាគណៈកម្មការអឺរ៉ុបមិនពេញចិត្តគម្រោងថវិកាបារាំងនេះ ? ចុះប្រសិនបើបារាំងមិនគោរពតាមការលក្ខណ្ឌរបស់អឺរ៉ុប តើនឹងមានអ្វីកើតឡើង ?!
បន្ទាត់នយោបាយផ្លូវការរបស់រដ្ឋាភិបាលបារាំងពេលនេះ គឺដាច់ខាតមិនត្រូវការប្តូរផ្លាស់អ្វីទេ ទុកឱ្យសភាជាអ្នកពិចារណានិងសម្រេចទៅចុះ បើទោះបីជាត្រូវដៃគូអឺរ៉ុបចិញ្ចាំ ឬគណៈកម្មការអឺរ៉ុបបន្ទោសយ៉ាងណាក៏ដោយ។ សម្រាប់បារាំងការបដិសេធមិនធ្វើការកែប្រែគម្រោងថវិកាឆ្នាំ២០១៥ ក៏ព្រោះតែរដ្ឋាភិបាលបានបញ្ជូនគម្រោងថវិកា ទៅឱ្យគណៈកម្មការអឺរ៉ុប ទន្ទឹមពេលនឹងបញ្ជូនទៅកាន់សភា ដោយមានទាំងរបាយការណ៍សេដ្ឋកិច្ច សង្គម ហិរញ្ញវត្ថុ និងឯកសារភ្ជាប់ចំនួនបីរយទំព័រពន្យល់លម្អិតទៅតាមការទាមទាររបស់គណៈកម្មការអឺរ៉ុប។
គម្រោងថវិកាបារាំងឆ្នាំ២០១៥ រងសម្ពាធខ្លាំង ទាំងក្នុងនិងមកពីក្រៅប្រទេស ព្រោះគ្រប់គ្នាមើលឃើញថាគ្មានលំនឹង។ រដ្ឋាភិបាល អាចសន្សំថវិកាបាន១១ពាន់លាន ដោយសារតែការបញ្ចុះ ចំណាយរដ្ឋ និងចំណាយឧបត្ថម្ភតំបន់។ ជាសរុប បើតាមគម្រោង រដ្ឋាភិបាលអាចកាត់បន្ថយឱនភាពសាធារណៈត្រឹមតែ ៤,៣%ប៉ុណ្ណោះ នៅឆ្នាំក្រោយ។ ឯកម្មវត្ថុដែលបារាំងធ្លាប់សន្យាជាមួយគណៈកម្មការអឺរ៉ុប ត្រូវលើកទៅឆ្នាំ២០១៧។ តាមវិន័យ ក្នុងនាមជាសមាជិកសហភាពអឺរ៉ុប នៃតំបន់ចាយប្រាក់អឺរ៉ូ បារាំងត្រូវមានកាតព្វកិច្ច កាត់បន្ថយឱនភាពថវិកាឱ្យធ្លាក់មកត្រឹម៣% នៅឆ្នាំ ២០១៥។ ដូច្នេះមានន័យថាបារាំងមិនគោរពពាក្យសន្យារបស់ខ្លួន។
មិនកាន់ពាក្យសន្យាហើយ បារាំងថែមធ្លាក់មធ្យមភាគទៀត។ សូមបញ្ជាក់ថានៅក្នុងឆ្នាំ២០១៣ អត្រាឱនភាពថវិកានៃបណ្តាប្រទេសចាយប្រាក់អឺរ៉ូ មានកំរិត៣%។ ពោលគឺធ្វើបានប្រសើរជាងឆ្នាំមុនៗ (៣,៧% ឆ្នាំ២០១២និង៤,១% ឆ្នាំ២០១១)។ ប៉ុន្តែមិនមែនមានតែបារាំងឡើយ ដែលគោរពមិនបានវិន័យមាស ៣% ចែងតាំងពីច្បាប់លំនឹងនិងកំណើនសេដ្ឋកិច្ចឆ្នាំ១៩៩៧នោះ។ មានរដ្ឋផ្សេងទៀតជាច្រើនដូចជាអ៊ីតាលី អេស្ប៉ាញ ព័រទុយហ្កាល់ អៀរឡង់ ក្រិក ស្លូវេនី ... ក៏មានឱនភាពលើសពី៣%នៃប្រាក់ចំណូលសរុបរបស់ជាតិដែរ។ កាលពីឆ្នាំ២០០៩ បារាំងជាប់ឈ្មោះថាមានឱនភាពជាតិជ្រុលហួសហេតុ។ នៅឆ្នាំ២០១២ មានប្រទេស១៥ក្នុងចំណោម១៧ចាយប្រាក់អឺរ៉ូមានឱនភាពជ្រុល។ ឥលូវនៅសល់ឈ្មោះតែ៧ប្រទេស ក្នុងនោះមានរាប់បារាំងមួយដែរ។
គណៈកម្មការអឺរ៉ុបដែលហាក់ដូចសំលក់សំឡឹងបារាំងខ្លាំងជាងគេក៏ព្រោះតែបារាំងនេះ បានធ្លាប់សន្យាកាលពីពីរឆ្នាំមុន ធ្លាប់បានសន្យាថានឹងធ្វើកំណែទម្រង់ ដើម្បីឱ្យមានស្ថានភាពប្រសើរឡើង។ ជាថ្នូរតបមកវិញ អឺរ៉ុបបានពន្យារពេលពីរឆ្នាំបន្ថែមទៀតឱ្យបារាំងមានឱកាសធ្វើកំណែទម្រង់ ដែលអាចនាំបារាំងឱ្យទម្លាក់ឱនភាពជាតិមកត្រឹម៣%។ វិធានការពីរបី និង បន្ថយចំណាយ គឺពិតជាមិនអាចសម្រេចកិច្ចព្រមព្រៀងបារាំងជាមួយគណៈកម្មការអឺរ៉ុបនោះបានឡើយ។
សម្រាប់បារាំង គេមិនអាចគិតតែរឹតត្បិតថវិកា ដើម្បីកាត់បន្ថយឱនភាពឡើយ បារាំងត្រូវការចំណាយដើម្បីធ្វើឱ្យមានកំណើនសេដ្ឋកិច្ចឡើងវិញ។ ដូច្នេះសួរថាតើនឹងមានរឿងអ្វីកើតឡើង បើបារាំងមិនគោរពតាមលក្ខខណ្ឌតម្រូវរបស់អឺរ៉ុប ?!
ដើម្បីធ្វើឱ្យប្រទេសក្នុងតំបន់អឺរ៉ូជាសមាជិកគោរពវិន័យថវិកា គណៈកម្មការអឺរ៉ុប មានវិធានការបួនកំរិត។ ជាបឋម គណៈកម្មការអាចចេញរបាយការណ៍មួយ (ស្របតាមមាត្រ១២៦ កថាខណ្ឌ៣ នៃសន្ធិសញ្ញាសហភាពអឺរ៉ុប) ស្តីពីការវិវឌ្ឍន៍ស្ថានភាពថវិការ និងបំណុលសាធារណៈ ក្នុងរយៈពេលខ្លីជាមធ្យម។ កំរិតពីរ ៖ ក្រុមប្រឹក្សាអឺរ៉ុប ដោយមានអនុសាសន៍ពីគណៈកម្មការ ត្រូវសម្រេចថាប្រទេសនោះមាន ឬអត់ ឱនភាពថវិកាជ្រុលហួសហេតុ។ ប្រទេសពាក់ព័ន្ធមានពេល៦ខែសម្រាប់ការពារ និងលើកស្ទួយប្រទេសឡើងវិញ។ ប្រសិនបើមិនធ្វើ ក្រុមប្រឹក្សានឹងចេញអនុសាសន៍ជាសាធារណៈ។ ដំណាក់កាលទីបី ក្រុមប្រឹក្សាអឺរ៉ុប អាចនឹងតម្រូវឱ្យមានវិធានការ កាត់បន្ថយឱនភាព។ ហើយជាចុងក្រោយ គឺការដាក់ទណ្ឌកម្ម។ ទណ្ឌកម្មដែលគ្មានអ្វីក្រៅការផាកឱ្យបង់ពិន័យ ដែលអាចឈានដល់០,២%នៃផលិតផលសរុបក្នុងស្រុក និងយ៉ាងខ្ពស់បំផុតត្រឹម០,៥%។
ប៉ុន្តែ រហូតមកទល់នឹងពេលនេះ គណៈកម្មការអឺរ៉ុបមិនទាន់ដែលបានអំណាចរបស់ខ្លួនដាក់ប្រឆាំងនឹងរដ្ឋជាសមាជិកណាមួយទេ។ យោលតាមច្បាប់ គណៈកម្មការអាចមានសិទ្ធដាក់ទោសលើប្រទេសមិនគោរពវិន័យ ជាការផាកពិន័យ ក្នុងកំរិត ០,២% នៃផលិតផលសរុបក្នុងស្រុក។
ចំពោះករណីប្រទេសបារាំង ក្នុងរយៈពេលដំបូងនេះ បើតាមភ្នាក់ងារសារព័ត៌មានReuters គណៈកម្មការទំនងជានឹងតម្រូវឱ្យប៉ារីសសរសេរជាលាយលក្ខណ៍អក្សរ ដំណើរការដែលបារាំងត្រូវធ្វើ មុននឹងព្រមព្រៀងទុកពេលវេលាថ្មីបន្ថែមទៀតសម្រាប់សម្រេចកម្មវត្ថុកាត់បន្ថយឱនភាព។ ប៉ុន្តែសម្រាប់បារាំងខ្លួនឯង ដែលមិនអាចគោរពពាក្យសន្យា មិនអាចបញ្ចុះឱនភាពថវិកាបាន រដ្ឋាភិបាលត្រូវប្រឹងពុះពារបញ្ចុះបញ្ចូល គ្រប់ជ្រុងទាំងអស់ មិនថាថ្នាក់ជាតិ ឬថ្នាក់អឺរ៉ុបឡើយ ប្រសិនបើចង់ឃើញសភាព្រមអនុម័ត និងដៃគូសុខចិត្តទទួលយកគម្រោងថវិកាឆ្នាំ២០១៥នេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ