អានតួអត្ថបទ
បារាំង-អេហ្ស៊ីប

បារាំង​អំពាវនាវ​ឲ្យ​អេហ្ស៊ីប​ដោះលែង​លោក​មហាម៉េដ ​ម៉រស៊ី

លោក​ឡូរ៉ង់ ហ្វាប៊្យូស (Laurent Fabius) រដ្ឋមន្រ្តី​ការបរទេស​បារាំង
លោក​ឡូរ៉ង់ ហ្វាប៊្យូស (Laurent Fabius) រដ្ឋមន្រ្តី​ការបរទេស​បារាំង REUTERS/Bobby Yip
ដោយ៖ សេង ឌីណា
១៤ នាទី

កាលពីថ្ងៃ​អង្គារ រដ្ឋាភិបាល​បារាំង​ តាមរយៈ​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស បាន​អំពាវនាវ​ឲ្យ​អេហ្ស៊ីប​ដោះលែង​លោក​មហាម៉េដ ម៉រស៊ី ប្រធានាធិបតី ដែល​ត្រូវ​ក្រុមយោធា​ទម្លាក់​ពី​អំណាច។ បារាំង​បាន​ចាត់ទុក​លោក​មហាម៉េដ ម៉រស៊ី​ថា ជា​អ្នកទោស​នយោបាយ។ ការអំពាវនាវ​របស់​បារាំង​នេះ​ធ្វើឡើង នៅ​ចំថ្ងៃ ដែល​ប្រមុខ​ការទូត​សហភាព​អឺរ៉ុប កំពុង​ស្ថិត​ក្នុង​ប្រទេស​អេហ្ស៊ីប ដើម្បី​ស្វះស្វែង​សម្របសម្រួល​ ​រកវិធី​បញ្ចប់​វិបត្តិ។

ផ្សាយពាណិជ្ជកម្ម

 

កាលពីពេល​កន្លងមក មាន​ការ​អំពាវនាវ​ជាច្រើន ពី​សហគមន៍​អន្តរជាតិ ក្នុងនោះ ក៏រួមមាន​ទាំង​អ.ស.ប សហរដ្ឋ​អាមេរិក និង​អាល្លឺម៉ង់​ផងដែរ ឲ្យ​ក្រុម​យោធា​អេហ្ស៊ីប ដោះលែង​លោក​មហាម៉េដ ម៉រស៊ី។ កាលពីថ្ងៃ​អង្គារ​ម្សិលមិញ​នេះ រដ្ឋាភិបាល​បារាំង​ក៏​បាន​ចេញ​មុខ​ធ្វើការ​អំពាវនាវ​ដូចគ្នា​នេះ​ដែរ។

លោក​ឡូរ៉ង់ ហ្វាប៊្យូស (Laurent Fabius) រដ្ឋមន្រ្តី​ការបរទេស​បារាំង បាន​ប្រាប់​អ្នក​សារព័ត៌មាន នៅ​ក្នុង​ទីក្រុង​ប៉ារីស​ថា ស្ថានភាព​នយោបាយ​នៅ​អេហ្ស៊ីប​បច្ចុប្បន្ន​នេះ កំពុង​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ ហើយ​យើង​សូម​អំពាវនាវ​ឲ្យ​អាជ្ញាធរ​អេហ្ស៊ីប​ធ្វើការ​ដោះលែង​អ្នក​ទោស​នយោបាយ​ទាំងអស់ ក្នុងនោះ ក៏​រួមមាន​ទាំង​លោក​អតីត​ប្រធានាធិបតី​មហាម៉េដ ម៉រស៊ី​ផងដែរ។

ក៏ប៉ុន្តែ លោក​រដ្ឋមន្រ្តី​ការបរទេស​បារាំង​បាន​បដិសេធ​មិន​ចាត់ទុក​ការ​ទម្លាក់​លោក​ម៉រស៊ី ដោយ​ក្រុមយោធា​អេហ្ស៊ីប​ថា ជា​រដ្ឋប្រហារនោះទេ។ លោក​ហ្វាប៊្យូស​បាន​ធ្វើការ​ពន្យល់​ថា ថ្វីដ្បិត​តែ​លោក​ម៉រស៊ី​ គឺ​ជា​ប្រធានាធិបតី ដែល​កើតចេញ​ពី​ការ​បោះឆ្នោត​ត្រឹមត្រូវ ក៏ប៉ុន្តែ ប្រជាជន​អេហ្ស៊ីប​ជាច្រើន​យល់​ឃើញ​ថា លោក​ម៉រស៊ី​ ក្រោយ​ពី​បាន​ជាប់ឆ្នោត បាន​ព្យាយាម​ដឹកនាំ​ប្រទេស​ឆ្ពោះទៅ​រក​របបអ៊ីស្លាមនិយម ចំណែក​ឯ​​សេដ្ឋកិច្ច​ជាតិ​កំពុង​ស្ថិត​ក្នុងស្ថានភាព​ត្រដរខ្យល់។ ទាំងនេះ​ហើយ​ដែល​ជា​មូលហេតុ​ ដែល​នាំ​ទៅរក​ការ​ទម្លាក់​លោក​មហាម៉េដ ម៉រស៊ី ពី​អំណាច។

លោក​រដ្ឋមន្រ្តីការបរទេស​បារាំង​បាន​បន្ថែម​ថា ការ​ដែល​រដ្ឋាភិបាល​បារាំង​មិន​ចាត់ទុក​​ការ​ទម្លាក់​លោក​មហាម៉េដ ម៉រស៊ី ថា​ជា​រដ្ឋប្រហារ ពីព្រោះ​ថា ការ​ធ្វើ​បែបនេះ គឺ​មានន័យថា ជំនួយ​អន្តរជាតិ​ទាំងអស់​ទៅ​អេហ្ស៊ីប​នឹង​ត្រូវ​ផ្អាក ហើយ​ប្រជាជន​អេហ្ស៊ីប ដែល​កំពុង​ប្រឈមមុខ​នឹង​វិបត្តិ​សេដ្ឋកិច្ច​ស្រាប់ នឹង​កាន់តែ​ជួប​នឹង​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ​ជាង​នេះ​ទៅទៀត។

ទោះជា​យ៉ាងណា​ក៏ដោយ លោក​ហ្វាប៊្យូស​ ក្រៅពី​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ដោះលែង​លោក​មហាម៉េដ ម៉រស៊ី ក៏​បាន​អំពាវនាវ​ផងដែរ​ឲ្យ​គ្រប់ភាគី​ជម្លោះទាំងអស់​ចៀសវាង​ការ​ប្រើ​អំពើ​ហិង្សា ឲ្យ​ក្រុម​យោធា​អេហ្ស៊ីប​ដកខ្លួន​ថយ​ចេញ​ពី​នយោបាយ ហើយ​ឲ្យ​រដ្ឋាភិបាល​បណ្តោះអាសន្ន​បច្ចុប្បន្ន​​ខិតខំ​ធ្វើ​យ៉ាងណា នាំ​អេហ្ស៊ីប ត្រឡប់​ទៅរក​គន្លង​ប្រជាធិបតេយ្យ​វិញ​ឲ្យ​បាន​ឆាប់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ