បារាំង៖ ការបាត់ចំណាត់ថ្នាក់បំណុល "AAA" មិនមែនជារឿងធ្ងន់ធ្ងរ?
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
បន្ទាប់ពី Standard and Poor’s ទីភ្នាក់ងារវាយតម្លៃហានិភ័យបំណុលមួយទៀត គឺ Fitch បានព្រមាន កាលពីថ្ងៃសុក្រ ១៦ ធ្នូ ២០១១ អំពីការទម្លាក់ចំណាត់ថ្នាក់បំណុលរបស់បារាំង។ មន្រ្តីរដ្ឋាភិបាលបារាំងវិញ កំពុងតែព្យាយាមរំងាប់ក្តីបារម្ភរបស់ប្រជាជន ដោយអះអាងថា ការបាត់បង់ចំណាត់ថ្នាក់ AAA នឹងមិនមែនជាបញ្ហាធ្ងន់ធ្ងរ ដោះស្រាយមិនបាននោះទេ។
នៅពេលនេះ រដ្ឋាភិបាលបារាំងហាក់ដូចជាលែងសង្ឃឹមថាអាចការពារចំណាត់ថ្នាក់ AAA របស់ខ្លួនបានទៀតហើយ។ ទាំងនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចបារាំង សុទ្ធតែបាននាំគ្នាអះអាងថា ការបាត់បង់ចំណាត់ថ្នាក់ AAA នឹងមិនធ្វើឲ្យបារាំងជួបនឹងវិនាសកម្ម ដែលស្តារមិនរួចនោះទេ។
កាលពីខែសីហា កន្លងទៅនេះ អាមេរិកក៏ត្រូវទីភ្នាក់ងារ Standard and Poor’s ទម្លាក់ចំណាត់ថ្នាក់បំណុល ពី AAA ដែរ។ ក៏ប៉ុន្តែ អត្រាការប្រាក់បំណុលរបស់អាមេរិកមិនត្រឹមតែមិនកើនឡើងនោះទេ តែថែមទាំងធ្លាក់ចុះទៀតផង (ពី ២,៥% នៅដើមខែសីហា មកនៅទាបជាង ២% នៅខែធ្នូ)។
ការធ្លាក់ចុះអត្រាការប្រាក់បំណុល ក្រោយពីអាមេរិកបាត់បង់ចំណាត់ថ្នាក់ AAA គឺដោយសារតែអាមេរិកមានធនាគារកណ្តាលជាអ្នកចេញមុខជួយ។
តាមធម្មតា នៅពេលដែលចំណាត់ថ្នាក់បំណុលរបស់ប្រទេសមួយធ្លាក់ចុះ (មានន័យថា ហានិភ័យបំណុលកើនឡើង) អ្នកវិនិយោគភាគច្រើន ចាប់ផ្តើមរារែកក្នុងការវិនិយោគលើមូលបត្របំណុលរបស់ប្រទេសនោះ។ ជាលទ្ធផល តម្លៃមូលបត្របំណុលនៅលើទីផ្សារត្រូវធ្លាក់ចុះ (តម្លៃមូលបត្របំណុលធ្លាក់ចុះ = អត្រាការប្រាក់កើនឡើង)។
នៅអាមេរិក ធនាគារកណ្តាលអាមេរិក (Federal Reserve) អាចធ្វើអន្តរាគមន៍លើទីផ្សារមូលបត្រ តាមរយៈការទិញមូលបត្របំណុលចេញដោយរដ្ឋាភិបាលអាមេរិក ដើម្បីរក្សាតម្លៃមូលបត្រនេះកុំឲ្យធ្លាក់ចុះ។ ហេតុដូច្នេះហើយបានជា អត្រាការប្រាក់បំណុលរបស់អាមេរិកមិនកើនឡើង ក្រោយពីអាមេរិកបាត់ចំណាត់ថ្នាក់ AAA ។
ផ្ទុយទៅវិញ បារាំងមិនមានលទ្ធភាពធ្វើដូចអាមេរិកបានទេ ព្រោះបារាំងជាប្រទេសចាយលុយអឺរ៉ូ ដូច្នេះ អំណាចធនាគារកណ្តាល គឺស្ថិតក្នុងដៃធនាគារកណ្តាលសហភាពអឺរ៉ុប។ រហូតមកទល់ពេលនេះ អាល្លឺម៉ង់នៅតែបដិសេធយ៉ាងដាច់អហង្ការ មិនឲ្យធនាគារកណ្តាលសហភាពអឺរ៉ុប ចេញមុខធ្វើអន្តរាគមន៍ក្នុងទីផ្សារមូលបត្របំណុល ដូចធនាគារកណ្តាលអាមេរិកនោះទេ។
តាមការពិត នៅពេលនេះ អត្រាការប្រាក់បំណុលបារាំងបានកើនឡើងរួចជាស្រេចទៅហើយ។ អត្រាការប្រាក់បំណុលរយៈពេលវែងរបស់បារាំង កាលពីខែវិច្ឆិកា កន្លងទៅនេះ បានកើនឡើងរហូតដល់ទៅ ៣,៤១% ដែលជាអត្រាមួយខ្ពស់បំផុត បើធៀបនឹងប្រទេសផ្សេងទៀតក្នុងតំបន់អឺរ៉ូ ដែលមានចំណាត់ថ្នាក់ AAA ដូចគ្នា ដូចជា អាល្លឺម៉ង់ (១,៨៧%) លុចសំបួរ (២,៣១%) ហូឡង់ (២,៤៥%) និង ហ្វាំងឡង់ (២,៥៤%)។
នេះមានន័យថា ទោះបីជាទីភ្នាក់ងារវាយតម្លៃហានិភ័យបំណុលនៅមិនទាន់ទម្លាក់ចំណាត់ថ្នាក់បារាំងក៏ដោយ ក៏ប៉ុន្តែ នៅលើទីផ្សារមូលបត្រ អ្នកវិនិយោគជាទូទៅ ហាក់ដូចជាគិតថា បារាំងបានបាត់បង់ចំណាត់ថ្នាក់ AAA រួចជាស្រេចទៅហើយ។ សូម្បីតែរដ្ឋាភិបាលបារាំងខ្លួនឯងផ្ទាល់ ក៏បានរៀបចំថវិកាជាតិ ឆ្នាំ២០១២ ដោយសន្មត់ថា អត្រាការប្រាក់បំណុលបារាំងនឹងកើនឡើងដែរ នៅឆ្នាំក្រោយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ