អង្គការសហប្រជាជាតិនឹងពិចារណាដាក់ក្រុមជីហាតក្នុងប្រទេសលីប៊ី ក្នុងបញ្ជីភេរវករ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
បារាំង អង់គ្លេស និងសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ ទី ៤ តុលា បានសុំឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដាក់បញ្ចូលក្រុមអ៊ីស្លាមលីប៊ី Ansar al-Sharia ក្នុងបញ្ជីភេរវកររបស់អង្គការសហប្រជាជាតិ ពីបទមានទំនាក់ទំនង ជាមួយនឹងក្រុមឧទ្ទាមអាល់កៃដា។
ក្រុមឧទ្ទាមAnsar al-Sharia ស្ថិតនៅក្នុងបញ្ជីភេរវកររបស់អាមេរិករួចហើយ បន្ទាប់ពីក្រុមនេះ បានវាយប្រហារទៅលើគណៈប្រតិភូអាមេរិក នៅក្នុងតំបន់Benghazi ដែលបានសម្លាប់ ឯកអគ្គរដ្ឋទូតអាមេរិកម្នាក់ ហើយនឹងជនជាតិអាមេរិក ៣នាក់ផ្សេងទៀត។
ការដាក់បញ្ជូលក្រុមឧទ្ទាមAnsar al-Sharia ទៅក្នុងបញ្ជីភេរវកររបស់អង្គការសហប្រជាជាតិ មានន័យថា រាល់សមាជិកនៃក្រុមនេះ គឺនឹងត្រូវហាមឃាត់ មិនបានទទួលទិដ្ឋាករ ត្រូវគេបង្កកទ្រព្យសម្បត្តិ រឹបអូសអាវុធទាំងអស់ ហើយនឹងកាត់ផ្តាច់ក្រុមនេះ ពីការធ្វើនយោបាយនានា។
រដ្ឋមន្ត្រីការបរទេសបារាំង លោក Laurent Fabius បានប្រាប់ដល់ភាគីរបស់ខ្លួន នៅក្នុងកិច្ចប្រជុំជាន់ខ្ពស់អង្គការសហប្រជាតិ កាលពីខែ កញ្ញាថា ក្រុមឧទ្ធាមAnsar al-Sharia គួរតែប្រឈមនឹង ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ដែលជាផ្នែកមួយ ជួយការពារប្រទេសលីប៊ី ពីការធ្លាក់ចូលទៅក្នុងអំពើហិង្សា ជាបន្តទៀត។
នៅក្នុងសំណើដាក់ទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រទេសទាំងបី បានសុំឲ្យដាក់ ក្រុមឧទ្ធាម Ansar al-Sharia នៅ Benghazi និងនៅDerna ចូលទៅក្នុងបញ្ជីខ្មៅ ដោយសារតែក្រុមទាំងពីរមានទំនាក់ទំនង ជាមួយនឹងក្រុមឧទ្ទាមអាល់កៃដា ហើយនិងក្រុមអ៊ីស្លាមជ្រុលនិយមផ្សេងទៀត។
ចាប់តាំងពីឆ្នាំ ២០១២មក ក្រុមឧទ្ធាមAnsar al-ShariaBenghazi បានបើកជំរំបណ្តុះបណ្តាលភេវកម្ម ជាច្រើនកន្លែង ដើម្បីជួយដល់ក្រុមប្រដាប់អាវុធ នៅអ៊ីរ៉ាក់ និងស៊ីរ៉ី ហើយនិងពង្រីកទៅកាន់ប្រទេសម៉ាលី។ នៅក្នុងសំណើរបស់ប្រទេសទាំងបី គេបានបន្ថែមទៀតថា នៅពេលថ្មីៗនេះ ក្រុមឧទ្ធាមនេះ បានវាយប្រហារ ជាច្រើនដង ទៅលើកងកម្លាំងសន្តិសុខលីប៊ី។
នៅក្នុងខែនេះដែរ ក្រុមឧទ្ធាមAnsar al-Sharia Derna ក៏បានបញ្ជាក់ថា ខ្លួននឹងដើរតាមអង្គការរដ្ឋអ៊ីស្លាមជីហាត ដែលបានគ្រប់គ្រងទឹកដី មួយផ្នែកនៅអ៊ីរ៉ាក់ និងស៊ីរីផងដែរ។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាតិ មានពេលរហូតដល់ ថ្ងៃទី ១៩ វិច្ឆិកាខាងមុខ ដើម្បីសម្រេចលើសំណើសុំរបស់ប្រទេសបារាំង អង់គ្លេស និងអាមេរិកនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ