អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

បារាំង-អាល្លឺម៉ង់ ៖ ជ័យជំនះរបស់លោកស្រី Merkel ជាបរាជ័យរបស់លោក Hollande ?

សំឡេង ០៣:៤៤
លោក​ប្រធានាធិបតី​បារាំង​ François Hollande និង​លោកស្រី​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់Angela Merkel ថ្ងៃទី​២២​កញ្ញា​២០១២
លោក​ប្រធានាធិបតី​បារាំង​ François Hollande និង​លោកស្រី​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់Angela Merkel ថ្ងៃទី​២២​កញ្ញា​២០១២ REUTERS/Michaela Rehle
ដោយ៖ អៀង សុខម៉ិញ
២៤ នាទី

នៅ​សល់​តែ​៥០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ នឹង​មាន​ការ​បោះឆ្នោត​សភា​នៅ​ប្រទេស​អាល្លឺម៉ង់។ ការ​ស្ទង់​មតិ​ នៅ​ថ្ងៃពុធ​ទី ៣១​កក្កដា ​​បាន​បង្ហាញថា​លោកស្រី ប្រមុខ​រដ្ឋាភិបាល​ អង់ហ្គឺឡា​ មែរគែល មាន​ប្រជាប្រិយភាព​ខ្លាំងជាង​គេ។ លោក​ស្រី​ មាន​សង្ឃឹម​ច្រើន​នឹង​ជាប់​ឆ្នោត​ ​​​ដឹកនាំ​ប្រទេស​​ក្នុង​​​​អាណត្តិ​​ទី​បីនេះ​ទៀត​។​ ក៏​ប៉ុន្តែសម្រាប់​អ្នក​វិភាគ ​ជោគជ័យ​របស់លោកស្រី មែរគែល​ នៃ​​គណបក្ស​ស្តាំនិយម​អាល្លឺម៉ង់ គឺ​ជា​បរាជ័យ​របស់​លោក​ប្រធានាធិបតី​បារាំង ហ្វ្រង់ស័រ​ហូឡង់។ តើ​ហេតុ​អ្វី​បាន​ជា​ដូច្នេះ ?!

ផ្សាយពាណិជ្ជកម្ម

បារាំង​និង​អាល្លឺម៉ង់ ជា​ប្រទេស​ក្បាល​ម៉ាស៊ីន​សំខាន់​ពីរ​ ក្នុង​ការ​អូសទាញ​និង​ដឹកនាំ​​សហភាព​អឺរ៉ុប ​ប៉ុន្តែពេល​ខ្លះ​ ​ប្រមុខ​រដ្ឋាភិបាល​ប្រទេស​ជិត​ខាង​ទាំង​ពីរ​មិន​ប្រាកដ​ថា​មាន​នយោបាយ​ស្រប​គ្នា​ទេ ! ជាក់​ស្តែង​ តាំង​ពី​ប្រទេស​បារាំង​ដឹកនាំ​ដោយលោក​​ប្រធានាធិបតី​ ហ្វ្រង់ស័រ ហូឡង់ គម្លាត​​មានកាន់​ខ្លាំង និង​មើល​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​ ជា​សាធារណៈ​តែ​ម្តង។ ខុស​ស្រឡះ​ កាលពី​សម័យ​បារាំង​ដឹកនាំ​ដោយ​លោក នីកូឡា សាកូហ្ស៊ី ដែល​ក្នុង​សម័យ​ឃោសនា​បោះឆ្នោត​​ប្រធានាធិបតី​បារាំង​ឆ្នាំ​២០១២ លោកស្រី​អង់ហ្គឺឡា មែរគែល ស្ទើរ​តែ​ហោះ​មក​ជួយ​លោក​ សាកូហ្ស៊ី ហើយ​លោកស្រី​សង្ស័យ​ជានិច្ច​ថា​លោក​ហូឡង់ ជួយ​គណបក្ស​ប្រឆាំង​អាល្លឺម៉ង់​ដើម្បី​ផ្តួល​លោកស្រី។

 
តាមការពិត​ នេះក៏​ព្រោះ​តែ​មេដឹកនាំ​ទាំង​ពីរ​មាន​និន្នាការ​នយោបាយ​ខុស​គ្នា ម្នាក់​ជា​អ្នក​ស្តាំ​និយម (អាល្លឺម៉ង់) និង​ម្នាក់​ទៀត​ជា​អ្នក​ឆ្វេង​និយម (បារាំង)។ តាំង​ពី​វិបត្តិ​ប្រាក់​អឺរ៉ូ ធ្លាក់​មក​ដល់​វិបត្តិ​ក្រិក អ៊ីតាលី អេស្ប៉ាញ និង​នយោបាយ​ស្រោច​ស្រង់​​​សេដ្ឋកិច្ច​ជាតិ ក្នុង​ប្រទេស​ផ្ទាល់​រៀង​ៗខ្លួន ប្រមុខ​ដឹកនាំ​ទាំង​ពីរ​ មាន​ទស្សនៈ​វិស័យ​ខុសគ្នា​ស្រឡះ ឯ​លទ្ធផល​ក៏​ខុសគ្នា​ស្រឡះ​ដែរ។

ចំណាយ​សាធារណៈ​ទាប ប្រាក់​ខែ​ខ្ពស់ មាន​សល់ផល​ពាណិជ្ជកម្ម​ ពន្ធដារ​មិន​ធ្ងន់ធ្ងរ​​ និង​ជា​ពិសេស​ចំនួន​អ្នក​អត់​ការងារ​ធ្វើ មាន​តិច​ជាង​បារាំង​ ដល់​ទៅពាក់​កណ្តាល ! គឺ​មិន​អាច​ប្រៀបធៀប​បាន​ឡើយ សេដ្ឋកិច្ច​ជាតិ​អាល្លឺម៉ង់​មាន​សុខភាព​ល្អ​ជាង​បារាំង​ខ្លាំង​ណាស់។ នៅ​ក្នុង​បរិបទ​វិបត្តិ​សេដ្ឋកិច្ច​ ជាតិ និង​ពិភពលោក លោក​ស្រី​ប្រមុខ​រដ្ឋាភិបាល មាន​ជំហរ​ច្បាស់​លាស់ ឥត​កែប្រែ​ ​លើ​​នយោបាយ​​ត្បិត​ត្បៀត​ថវិកា ឯ​ចំណែក​លោក​ប្រធានាធិបតី​បារាំង​វិញ ចង់​ជំរុញ​ការ​ចាយ​វាយ​ដើម្បី​ធ្វើ​ឱ្យ​មាន​សកម្មភាព​​សេដ្ឋកិច្ច ទើប​អាច​ឈាន​ចេញ​ពី​វិបត្តិ​បាន​ ហើយ​សេដ្ឋកិច្ច​ក៏​មានកំណើនឡើង​វិញ។ សម្រាប់​បារាំង​រិត​ត្បិត​ខ្លាំង​ពេក នោះ​នឹង​លែង​មាន​ការ​ចាយ​វាយ​ តើ​ធ្វើ​ដូចម្តេច​នឹង​សេដ្ឋកិច្ច​អាច​ដើរ​បានទៅ?!

នៅ​ក្នុង​រាល់​​ជំនួប​​អឺរ៉ុប ស្តី​ពី​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ម្តងៗ ភាគី​​បាន​ការពារ​នយោបាយ​ផ្តល់​​សន្ទុះ​សេដ្ឋកិច្ច​ដោយ​​​ជំរុញ​មាន​ការ​ចាយវាយ​ ឯ​អាល្លឺម៉ង់ ចង់​បាន​ការ​រិះ​ប្រិត​​ និង​ប្រឹង​ធ្វើ​ការ​​ច្រើន ទោះបី​ត្រូវ​បាន​ទទួល​ប្រាក់​ខែ​ដដែល​ក៏​ដោយ ធ្វើ​យ៉ាងណា​ឱ្យ​សេដ្ឋកិច្ច​ដើរ។ ​

ជា​លទ្ធផល នយោបាយ​ត្បិតត្បៀត​ថវិកា​របស់​អាល្លឺម៉ង់ ដែល​បន្យល់​ទុក​ដោយ​ប្រមុខ​រដ្ឋាភិបាល​មុន​ មាន​​ចំណាស់​ជា​ង​មួយ​ទសវត្សរ៍​មក​ ដោយ​ឈរ​លើ​ទស្សនៈ​ ប្រាក់ខែ​សមរម្យ​ បត់បែន​ទៅ​តាម​សភាពការណ៍​ និង​រិត​ត្បិត​ខ្លាំង​ចំណាយ​ ដែល​ពិបាក​ធ្វើ​មែន​ ប៉ុន្តែ បាន​ទទួល​លទ្ធផល​គួរ​ជា​គាប់​ចិត្ត​ ក្នុង​ពេល​មាន​វិបត្តិ​ផ្ទុះ​ឡើង​ដូច​ពេល​បច្ចុប្បន្ននេះ។ ប្រទេស​អាល្លឺម៉ង់ អាច​លុប​បំបាត់​ឱនភាព​ជាតិ ចំនួន​អ្នក​អត់​ការ​ធ្វើ​ធ្លាក់​មក​ត្រឹម​​កំរិត​ ៦,៨ នេះ​បើតាម​ការ​ប្រកាស​ម្សិល​មិញ។ ចំណែក​ឯ​ជញ្ជីង​ពាណិជ្ជកម្ម​វិញ បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​អាល្លឺម៉ង់​មាន​​ការ​​ប្រកួត​ប្រជែង​ខ្លាំង ផ្តល់​សល់ផល​ពាណិជ្ជកម្ម​ដល់​ទៅ ១៨៨​ពាន់​លាន​អឺរ៉ូ​ កាលពី​ចុង​ឆ្នាំ​២០១២។ ប្រជាជន​អាល្លឺម៉ង់​ មាន​ទំនុក​ចិត្ត​យ៉ាង​ខ្លាំង​លើ​នយោបាយ​ដឹកនាំ​របស់​លោក​ស្រី អង់ហ្គឺឡា មែរគែល​។ ការ​ស្ទង់​មតិ​ ចេញ​ផ្សាយ​នៅ​ថ្ងៃពុធ ទី ៣១​កក្កដា បាន​ផ្តល់​​ប្រជាប្រិយភាព គ្មាន​ប្រៀប​ដល់​លោកស្រី ពោល​ខ្លាំង​ជាង​កាលពី​លោកស្រី​ចូល​កាន់​តំណែង​ដំបូង​ភ្លាម​ទៅ​ទៀត។

ថ្វី​ដ្បិត​តែ​មិន​ទាន់​ឈ្នះ​១០០%​ ព្រោះ​មិន​ទាន់​ដល់ពេល​បោះឆ្នោត​មែន​ក៏​ដោយ ក៏​នេះ​មិន​អាច​ចាត់​ទុក​បាន​ទេឬ ថា​​ជា​ជោគជ័យ​​នៃ​នយោបាយ​​ត្បិតត្បៀត​ថវិកា​ ?! និង​ព្រោះ​បើ​សំឡឹង​មក​មើល​ប្រទេស​បារាំង​​រប​ស់​លោក​ ហ្វ្រង់ស័រ​ ហូឡង់​វិញ​ ប្រធានាធិបតី​មាន​អប្រជាប្រិយភាព​ស្តារ​មិន​រួច ភាព​អត់​ការងារ​បាន​ឡើង​ដល់កំរិត​កំពូល​ ឱនភាព​សាធារណៈនៅ​តែ​ខ្ពស់ ជញ្ជីង​ពាណិជ្ជកម្មផ្អៀង​ដាច់​ទៅ​ខាង​សញ្ញា​អវិជ្ជមាន ! រដ្ឋាភិបាលលោក​ហ្វ្រង់ស័រ​ហូឡង់ បាន​ត្រៀម​ស្រេច​ទៅ​ហើយ ថា​ ទោះ​ចង់​ឬ​មិន​ចង់ ក៏​ត្រូវ​ធ្វើ​ការ​ជាមួយ​នឹង​ដៃគូ​អាល្លឺម៉ង់ ដែល​មិន​ពេញ​ចិត្ត​នយោបាយ​បារាំងសព្វ​ថ្ងៃ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ