អានតួអត្ថបទ
បារាំង-លីប៊ី

លីប៊ី៖​​ប្រធានាធិបតី​​បារាំង​​​​​​​រៀបចំ​​​ជំនួប​​​រវាង​​នាយករដ្ឋមន្ត្រី​​​​​​​និង​​មេបញ្ជាការ​​យោធា​​​លីប៊ី​​

មេបញ្ជាការ​យោធា​លីប៊ី លោក​ហាហ្វតា (ឆ្វេង) និង​នាយករដ្ឋមន្ត្រី​លីប៊ី លោក​អាល់ សារ៉ា
មេបញ្ជាការ​យោធា​លីប៊ី លោក​ហាហ្វតា (ឆ្វេង) និង​នាយករដ្ឋមន្ត្រី​លីប៊ី លោក​អាល់ សារ៉ា Fethi Belaid, Khalil Mazraawi/AFP
ដោយ៖ ព្រំ សឿន សូលីណា
១១ នាទី

នាយករដ្ឋមន្ត្រី​លីប៊ី លោក ហ្វាយេ ​​អាល់ សារ៉ា និង​មេបញ្ជាការ​យោធាលីប៊ី លោក ខាលីហ្វា ​ហាហ្វតា ដែលជា​ភាគី​ជម្លោះ​ក្នុង​នយោបាយ​លីប៊ី នឹងជួបគ្នា​ផ្ទាល់មុខ នៅ​ប្រទេស​បារាំង នៅថ្ងៃអង្គារ​​​ស្អែកនេះ ដោយ​មាន​វត្តមាន​របស់​ប្រធានាធិបតី​បារាំង។ លោក​ម៉ាក្រុង​ជា​អ្នក​ផ្តួចផ្តើម​អោយ​មា​នជំនួប​នេះឡើង ដើម្បី​សសម្របសម្រួល​វិបត្តិ​នយោបាយលីប៊ី។

ផ្សាយពាណិជ្ជកម្ម

ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង​ រៀបចំអោយ​មាន​​​ជំនួប​រវាង​​នាយករដ្ឋមន្ត្រី​លីប៊ី និងមេបញ្ជាការ​យោធា​លីប៊ី ក្នុង​ទឹកដីបារាំង នៅថ្ងៃអង្គារ​ស្អែកនេះ គឺដើម្បី​សម្រួល​ការផ្សះផ្សា​ជម្លោះ​នយោបាយ​លីប៊ី។ ​រដ្ឋាភិបា​លបារាំង​ចង់អោយ​​​លីប៊ី​ក្លាយជា​រដ្ឋ​ដែល​មាន​កងទ័ព​មួយទៀងទាត់ រួបរួមគ្នា​ក្រោម​អំណាច​ស៊ីវិល។

លោក​ហ្វាយេ អាល់ សារ៉ា ​​ជា​នាយករដ្ឋមន្ត្រីលីប៊ី នៃ​រដ្ឋាភិបាល​​បង្រួបបង្រួមជាតិ​​​លីប៊ី ​ដែល​បាន​បង្កើតឡើង កាលពី​​ដើម​ឆ្នាំ​២០១៦។ ប្រទេស​លោក​ខាងលិច​និង​អង្គការ​សហប្រជាជាតិ​គាំទ្រ​រដ្ឋាភិបាល​នេះ។ ​ប៉ុន្តែ ​លោកខាលីហ្វា ហាហ្វតា ដែល​​ជា​មេបញ្ជាការ​យោធាជាតិ​លីប៊ី ​នៅ​ភាគខាងកើត បាន​ជំទាស់។ មេបញ្ជាការ​យោធា​ហាហ្វតា ​​ទទួលបាន​ការគាំទ្រ​ពី​សភាលីប៊ី និងរដ្ឋាភិបាល​មួយផ្សេងទៀត​របស់​លីប៊ី។ នាយករដ្ឋមន្ត្រី​អាល់ សារ៉ា និង​មេបញ្ជាការ​យោធា​ហាហ្វតា ធ្លាប់​បាន​ជួបគ្នា​ម្តងហើយ កាលពី​ខែ​ឧសភា និង​ខែមករា​ឆ្នាំ២០១៦​កន្លងទៅ ក្រោយពេល​លោក​អាល់ សារ៉ា ទើប​នឹងបាន​តែងតាំង​ជា​មេដឺកនាំ​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ​លីប៊ី។ ដើម្បី​បន្ថយ​ភាពតានតឹង​ក្នុងស្រុក ​កន្លងមក ​នាយករដ្ឋមន្ត្រី​​អាល់ សារ៉ា ធ្លាប់បាន​​បង្ហាញ​បំណង​ចង់​រៀបចំ​​ការបោះឆ្នោត​ប្រធានាធិបតី និងសភា ​នៅ​ឆ្នាំ២០១៨ខាងមុខ​នេះ​។

៦ឆ្នាំ​ក្រោយ​ការបះបោរ​ផ្តួល​របប​ដឺកនាំ​របស់​លោក​ខាដាហ្វ៊ី ​លីប៊ី​នៅតែ​បន្ត​ជួបវិបត្តិ​នយោបាយ​អន្តរកាល និង​បញ្ហា​សេដ្ឋកិច្ច។ ​បារាំង​រៀបចំ​អោយ​មាន​​ជំនួប​រវាង​​នាយករដ្ឋមន្ត្រី​លីប៊ី និង​មេបញ្ជាការ​យោធា​លីប៊ី ដើម្បី​សម្រួលការ​ផ្សះផ្សា​នយោបាយ​លីប៊ី ​គឺ​ចំពេល​ដែល​​​អង្គការ​សហប្រជាជាតិ​ទើប​នឹងបាន​តែងតាំងអ្នកនយោបាយ​ជនជាតិ​លីបង់​មួយរូប គឺ​​​លោក​ហ្កាសាន សាឡាមេ អោយធ្វើជាអន្តរការី​នៅ​លីប៊ី។ លោក​សាឡាមេ ធ្លាប់ធ្វើជា​ប្រធានផ្នែកស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ​របស់​បារាំង៕ ​ ​ ​​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ